ភេសជ្ជៈ​កូកាកូឡា​មាន​ប្រវត្តិ​បែប​ម៉េច​?
សុខភាព
អន្តរជាតិ
ភេសជ្ជៈ​កូកាកូឡា​មាន​ប្រវត្តិ​បែប​ម៉េច​?
18, Feb 2019 , 8:29 am        
រូបភាព
​ភេសជ្ជៈ​កូកាកូឡា​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៨៨៦ ពោលគឺ​ជាង​១១៣​ឆ្នាំមុន​ពេលបច្ចុប្បន្ន ដោយ​លោក​វេជ្ជបណ្ឌិត John S. Pemberton មាន​ទីលំនៅ​ក្នុង​រដ្ឋ​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ worldofcoca-cola.com​។​



​តាមពិតទៅ គោលបំណង​របស់លោក គឺ​ចង់​ផលិត​ទឹក​ភេសជ្ជៈ​ផ្អែម​ឆ្ងាញ់​ម្យ៉ាង​សម្រាប់​លក់​នៅតាម Soda Fountains ។ កាលពី​សម័យ​នោះ Soda Fountains គឺជា​កន្លែង​ដែល​មនុស្ស​នានា​អាច​ជួបជុំគ្នា ដើម្បី​ជជែក​កម្សាន្ត និង​ហូប​ភេសជ្ជៈ ស្រដៀង​គ្នា​នឹង​ហាង​កាហ្វេ​សព្វថ្ងៃ​ដែរ​។​

 លោក Frank M. Robinson ដែលជា​អ្នកលក់​សៀវភៅ និង​ជា​មិត្ត​ម្នាក់​របស់លោក Pemberton បានដាក់​ឈ្មោះ និង​រចនា​ម៉ូតរ​កូកាកូឡា​ដែល​គេ​បានឃើញ​មកដល់​សព្វថ្ងៃ​។ កាលពី​ជាង​មួយរយ​ឆ្នាំមុន​នោះ កូកាកូឡា​ត្រូវបាន​គេ​កត់ត្រា​ថា មាន​អ្នក​ផឹក​ប្រមាណ​តែ​ប្រាំបួន​កែវ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ នៅ​ក្រុង​អា​ត្ល​ង់​តា​។

​តែ​សព្វថ្ងៃ ជុំវិញ​ពិភពលោក កូកាកូឡា​មាន​អ្នក​បរិភោគ​ប្រមាណ​ជាង​១.៩​ពាន់​លាន​ដង​ក្នុង​មួយថ្ងៃ​។ ក្រោយមក លោក Pemberton បាន​លក់​ភាគហ៊ុន​របស់លោក​ទៅកាន់​អ្នកជំនួញ​ជាច្រើន​ទៀត នៅពេលដែល​គាត់​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៨៨៨​។

​ដោយមាន​តម្រូវការ​ច្រើន​លើសលុប ក្រុមហ៊ុន​កូកាកូឡា​បាន​បង្កើត​រោងចក្រ​វេច​ខ្ចប់​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ​១៨៩៤ រួច​លក់​ចេញ​ទី​ក្រៅ​ទីក្រុង​អា​ត្ល​ង់​តា​។ ក្នុង​ឆ្នាំ​១៩១៦ កូកាកូឡា​បាន​ផលិត​ដប​របស់ខ្លួន​ដែលមាន​លក្ខណៈ​ប្លែក​ពី​ដប​ភេសជ្ជៈ​ដទៃទៀត ងាយស្រួល​ក្នុងការ​ចំណាំ និង​កាន់​។​

 ក្នុង​ឆ្នាំ​១៨៨៧ បាន​ទាក់ទាញ​ទីផ្សារ​របស់​អតិថិជន​ដោយ​ចែក​ភេសជ្ជៈ​មួយ​នេះ​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ពិសារ​ដំបូង​។ វា​មិនមែនជា​រឿង​ថ្មី​សម្រាប់​ពេលបច្ចុប្បន្ន​នោះទេ តែ​កាលពី​សម័យ​នោះ ការទាក់ទាញ​ទីផ្សារ​បែបនេះ​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​។

​ក្រោយមក អ្នក​ដែល​បាន​ភ្លក់ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​រសជាតិ​រប​ស់វា​។ នៅក្នុង​អំឡុង​ជាង​៥០​ឆ្នាំ​ចុងក្រោយ កូកាកូឡា​បាន​ពង្រីក​ឈ្មោះ​របស់ខ្លួន​តាមរយៈ​បណ្តាញ​ទូរទស្សន៍​ជាច្រើន​ជុំវិញ​ពិភពលោក​។ គ្រឿងផ្សំ​សំខាន់​នៃ​រសជាតិ​របស់​កូកាកូឡា​នៅតែ​ជា​អាថ៌កំបាំង​សំងាត់ ដែល​មនុស្ស​ភាគច្រើន​មិនអាច​ដឹង​៕


Tag:
 កូកាកូឡា​
  John S. Pemberton
© រក្សាសិទ្ធិដោយ thmeythmey.com