ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក ប៊ុន បារាំង​៖ កម្លាំង​អ្នក​ផលិត​អំបិល​ឆ្នាំនេះ ធ្លាក់ចុះ​ជាង​៥០​ភាគរយ​
17, Feb 2019 , 3:54 pm        
រូបភាព
រូបថត ហ្វេសប៊ុក លោក ប៊ុន បារាំង
រូបថត ហ្វេសប៊ុក លោក ប៊ុន បារាំង
ចំនួន​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត​-​កែប ក្នុង​ឆ្នាំ​២០១៩  មានការ​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល បើ​ធៀប​ទៅនឹង​ឆ្នាំ​មុខៗ​។ ប៉ុន្តែ​ការធ្លាក់ចុះ​នៃ​អ្នក​ផលិត​នេះ មិនអាច​កំណត់​បាន​ថា កម្ពុជា​នឹង​ប្រឈម​កង្វះ​ការផ្គត់ផ្គង់​អំបិល​ក្នុងស្រុក ជាថ្មីទៀត​ទេ​។  លោក ប៊ុន បារាំង  ប្រធាន​សហគម​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​និយាយ​ដូច្នេះ ចំនួន​អ្នក​ផលិត​ធា្ល​ក់​ចុះ​ពិតមែន តែ​បរិ​មាណនៃ​ការផលិត​របស់​ពួកគេ​កើនឡើង ព្រោះ​អាកាសធាតុ​ល្អ បាន​អំណោយផល​ដល់​ពួកគេ​។



​លោក ប៊ុន បារាំង បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ តាម​ទូរ​សព្ទ​ថា មាន​ហេតុផល​ធំៗ​បី​ចំណុច ដែល​ធ្វើឱ្យមាន​កង្វះ​កម្លាំង​អ្នក​ផលិត​អំបិល​ខ្លាំង​បែបនេះ​។​

​ហេតុផល​ធំៗ​ទាំងបី​នោះ​មាន​៖ ទីមួយ  ដោយសារ​កាល​ឆ្នាំ​២០១៨ ធម្មជាតិ​មិន​អំណោយផល​ក្នុង​ការផលិត​អំបិល បានធ្វើ​អ្នក​ផលិត​អំបិល​មួយចំនួន ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅតាម​ព្រំដែន ធ្វើការ​ងារ​រោច​ក្រ និង​កម្មករសំណង់ នៅតាម​បណ្តា​ខេត្ត​នានា និង​នៅ​ភ្នំពេញ​។

ទី​ពីរ តម្លៃ​អំបិល​មានការ​ធា្ល​ក់​ចុះ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ដោយ​ធា្ល​ក់​ពី​២៤,០០០​រៀល មក​ត្រឹម​១២,០០០​រៀល ក្នុង​ទំហំ​៥០​គីឡូ​ក្រោម នៅ​ដើម​ឆ្នាំនេះ​។  និង​ទី​៣ កម្លាំង​អ្នក​ផលិត​អំបិល ជា​មនុស្ស​វ័យចាស់  ព្រោះ​មិនមាន​មនុស្សពេញវ័យ​-​ពេញកម្លាំង មក​ព្រមធ្វើ​ការងារ​ក្រោម​កម្តៅ​ថៃ្ង​បែបនេះ​ឡើយ ទោះជា​មានការ​បន្ថែម​កំរៃ​លើ​កម្លាំង​ពលកម្ម​ក៏ដោយ​។

​ទោះបី​ជាមាន​កម្លាំង​ពលកម្ម​ធ្លាក់​ខ្លាំង​ក្តី ក៏​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​រូបនេះ មិនអាច​កំណត់ថា អំបិល​ក្នុង​ឆ្នាំ​២០១៩​ដែល​ចេញពី​កន្លែង​ផលិត​តែមួយគត់​នៅ​កម្ពុជា លើ​ផ្ទៃដី​ជិត​៥​ពាន់​ហិច​តា​នេះ ថា​អាចបំពេញ​គ្រប់ លើស ឬ​ខ្វះ តាម​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ​ប្រទេស​បានទេ ដោយ​រង់​ចាំមើល​លទ្ធផល​ជាក់ស្តែង ក្នុងអំឡុង​ខែ មិថុនា ឆ្នាំនេះ​។  ប៉ុន្តែ លោក ប៊ុន បារាំង បានបង្ហាញ​នូវ​ក្តីសង្ឃឹម យ៉ាង​ដូច្នេះ «​ចំនួន​អ្នក​ផលិត​អំបិល​មាន​តិច​ក៏ពិតមែន ប៉ុន្តែ​ផ្ទៃដី​ផលិត​នៅ​ដដែល ហើយ​ការផលិត​របស់​ពួកគេ ទទួលបាន​លទ្ធផល​ល្អ​ទៀត ដោយសារ​អា​ធាតុ​អំណោយផល​ក្នុង​ការផលិត​»​។

​សូមបញ្ជាក់ថា កម្ពុ​ជាមាន​តម្រូវការ​អំបិល​ប្រើប្រាស់​ជាប្រចាំ​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។ ហើយ​កាលពី​ឆ្នាំ​២០១៨ កសិដ្ឋាន​ផលិត​អំបិល​កំពត​-​កែប​នេះ មិនអាច​ផលិត​អំបិល​បាន ព្រោះ​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង​ក្នុង​រដូវ​ផលិត​អំបិល ទើប​បង្ខំ​ឲ្យ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល សម្រេច​នាំចូល​អំបិល​៣​ម៉ឺន​តោន ពី​ចិន និង​ថៃ ដើម្បី​តម្រូវការ​ក្នុងស្រុក​៕


© រក្សាសិទ្ធិដោយ thmeythmey.com