ជាតិ
សង្គមជាតិ
ស្ដង់ដា «វិថីម្ហូបអាហារ» នឹងត្រូវដាក់បញ្ចូលក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត កិច្ចប្រជុំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត «ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧»កាលពីទី១១ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងស្នើរាជរដ្ឋាភិបាល និងសុំដាក់បញ្ចូលស្ដង់ដាវិថីម្ហូបអាហារ (Street Food) និងស្ដង់ដាតូបលក់ម្ហូបអាហារចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត នៅថ្ងៃទី២៥កុម្ភៈ នេះ។ ការស្នើ និងបញ្ជូលនេះ ធ្វើឡើងដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារនៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
គម្រោងស្នើនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត «ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧» ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួង កាលពីទី១១ កុម្ភៈ ឆ្នាំ២០១៩។
លោក ថោង ខុន បានមានប្រសាសន៍ថា ស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ (ទាំងចល័ត និងអចល័ត) នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវាកម្មម្ហូបអាហារ និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
ក្រៅពីនេះ វាក៏ចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង លើកកម្ពស់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅទេសចរណ៍ទៀតផង។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទទួលទានអាហារ ដែលឆ្លងកាត់ការរៀបចំស្ដង់ដាវិថីម្ហូបអាហារនេះ នឹងទទួលបាននូវភាពកក់ក្ដៅជឿទុកចិត្តបាន។ ស្តង់ដាទាំងពីរនេះ នឹងលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យមានការរីកលូតលាស់ផងដែរ៕
Tag:
ជាតិ
ទេសចរណ៍
ស្តង់ដា
ម្ហូប
Street Food
© រក្សាសិទ្ធិដោយ thmeythmey.com