ជាតិ
សង្គមជាតិ
ស្ដង់ដា «​វិថី​ម្ហូបអាហារ​» នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​
18, Feb 2019 , 8:59 am        
រូបភាព
កិច្ចប្រជុំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត «ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧»កាលពីទី១១ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទសចរណ៍
កិច្ចប្រជុំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត «ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧»កាលពីទី១១ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​ស្នើ​រាជរដ្ឋាភិបាល និង​សុំ​ដាក់បញ្ចូល​ស្ដង់ដា​វិថី​ម្ហូបអាហារ (Street Food) និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ​ចូលទៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត នៅ​ថ្ងៃទី​២៥​កុម្ភៈ នេះ​។ ការស្នើ និង​ប​ញ្ជូ​ល​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​អនាម័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែលជា​សក្ដានុពល​ដ៏​សំខាន់​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​



​គម្រោង​ស្នើ​នេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត «​ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧» ក្រោម​វត្តមាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការក្រសួង កាលពី​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩​។

​លោក ថោង ខុន បាន​មានប្រសាសន៍ថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ (​ទាំង​ចល័ត និង​អចល័ត​) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​លើកកម្ពស់​សេវាកម្ម​ម្ហូបអាហារ និង​លើកកម្ពស់​សុវត្ថិភាព អនាម័យ​ម្ហូបអាហារ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ​។​

​ក្រៅពីនេះ វា​ក៏​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ទីក្រុង លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅតាម​ក្រុង​-​ស្រុក និង​ទីប្រជុំជន​នានា នៃ​រាជធានី​-​ខេត្ត​គោលដៅ​ទេសចរណ៍​ទៀតផង​។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បានទទួល​ទាន​អាហារ ដែល​ឆ្លងកាត់​ការរៀបចំ​ស្ដង់ដា​វិថី​ម្ហូបអាហារ​នេះ នឹង​ទទួលបាន​នូវ​ភាពកក់ក្ដៅ​ជឿទុកចិត្ត​បាន​។ ស្តង់ដា​ទាំងពីរ​នេះ នឹង​លើកកម្ពស់​ជីវភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​បែប​គ្រួសារ ឱ្យមាន​ការរីកលូតលាស់​ផងដែរ​៕


Tag:
 ជាតិ​
  ទេសចរណ៍​
  ស្តង់ដា​
  ម្ហូប​
  Street Food
© រក្សាសិទ្ធិដោយ thmeythmey.com