ជាតិ
អាជ្ញាធរ​ថៃ​យក​ត្រាក់ទ័រ​បម្រុង​ឈូសឆាយ​ដំឡូង​កសិករ​ខ្មែរ​នៅ​ព្រំដែន​
17, Feb 2019 , 11:05 pm        
រូបភាព
សមត្ថកិច្ច​ថៃ​បាន​យក​ត្រាក់ទ័រ​បម្រុង​ឈូសឆាយ​ដំឡូង​មី​របស់​កសិករ​ខ្មែរ នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គរ​បាន​ជាតិ​។​



​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ​កង​រយ​លេខ​១២៦ ដែលមាន​គ្នា​ប្រមាណ ២៩​នាក់ បាន​យក​ត្រាក់ទ័រ​១​គ្រឿង បម្រុង​ឈូស​កំទេចចោល​ដំណាំ​ដំឡូង​មីរ​របស់​កសិករ​កម្ពុ​ជា​ពីរ​គ្រួសារ ដោយ​លើក​ហេតុផល​ថា​បាន​ដាំដំឡូង​មី លើដី​បន្ទាត់​ព្រំដែន មិនទាន់មាន​ភាពច្បាស់​លាស់​។ ខាង​ភា​ពី​ថៃ​ទាមទារ​កសិករ​ខ្មែរ​ដក​ដំឡូង​មី​ចោល​ជម្រៅ​១៥០​ម៉ែត្រ និង​ប្រវែង​៥៥០​ម៉ែត្រ​តាមផ្លូវ​ក្រាល​គ្រូ​ស​ក្រហម កសាង​អតីត​កងទ័ព​ប៉ា​រ៉ា កាល​នៅ​ជំរុំ​។

ករណី​ជម្លោះ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៤២​និង​៤៣ ក្នុងភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ឈម​ទឹកដី​ថៃ​ភូមិ​ណង​យ៉ា​កែវ ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រ​ទស​ថៃ​។

ក្រោយពី​អាជ្ញាធរ​ទាំងពីរ​បាន​ចរចា​គ្នា​ក៏​ឯកភាពគ្នា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​២​គ្រួសារ​ដក​ដំណាំ​ដំឡូង​មីរ​របស់​ពួកគេ​ត្រឹម​ជម្រៅ​៥០​ម៉ែត្រ និង​បណ្តោយ​៥៥០​ម៉ែត្រ​វិញ​។

ពលរដ្ឋ​ខ្មែរ​ទាំងពីរ​គ្រួសារ រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ពួកគាត់​ដាំ​ដុះ​ដំឡូង​មី​លើ​ផ្ទៃដី​ប្រមាណ​៦​ហិតា​។​

កសិករ​បាន​អះអាងថា ពួកគេ​បាន​ដាំ​ដុះ​ដំឡូង​មី​នៅ​តំបន់​នោះ​យូរ​មកហើយ ទើបតែ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ទេ ដែល​អជ្ញាធរ​ថៃ​មក​ឲ្យ​ពួកគេ​ដក​ដំឡូង​មីនោះ​ចោល​។ ពួកគាត់​បន្តថា ពួកគាត់​បាន​ចងការ​ប្រាក់​ពី​ធនាគារ បើ​តម្រូវ​ឲ្យ​ដក​ដំឡូង​បែប​នោះ​ពួកគេ​ប្រឈម​នឹង​ការខាតបង គ្មាន​ប្រាក់​សង​ធនាគារ ខណៈ​ដំឡូង​នៅ​មើម​តូចៗ​មិនទាន់​ដាក់​ម្សៅ​។

អគ្គស្នងការដ្ឋាន​នគ​រ​បាន​ជាតិ បាន​ស្រង់​សម្តី​កសិករ​ថា​មិនគួ​សោះ​ដាំ​ដុះ​លើដី​ខ្មែរ​ត្រូវ​អាជ្ញាធរ​ថៃ​មក​ហាមឃាត់​ទៅវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com