ជាតិ
សេដ្ឋកិច្ច
លោក ប៊ុន បារាំង​៖ ស្រែអំបិល​យើង មិន​លក់​ឲ្យ​ក្រុម​អភិវឌ្ឍ​ណា​ក្រៅពី​ផលិត​អំបិល​ឡើយ​!
17, Feb 2019 , 9:44 pm        
រូបភាព
លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប
លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប
ទោះបីជា​កម្លាំង​អ្នក​ផលិត​អំបិល​ធា្ល​ក់​ចុះ និង​តម្លៃ​ដីធ្លី ក្នុង​ខេត្តកំពត កំពុង​រីកចម្រើន​ខ្លាំង​ក៍ដោយ តាមរយៈ​ក្រុម​អភិវឌ្ឍ​ក្នុង និង​ក្រៅ​ស្រុក​មួយចំនួន លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​អះអាងថា មិន​ថា​ពេលនេះ ឬ​អ​នា​គត់​ទេ ផ្ទៃដី​ស្រែអំបិល​ជិត​៥​ពាន់​ហិច​តា​នេះ គឺ​មិន​ធ្វើ​អាជីវកម្ម ឬ​លក់​ឲ្យ​ក្រុម​អភិវឌ្ឍ​ណាមួយ ក្រៅពី​ផលិត​អំបិល​ឡើយ​។ ព្រោះ​វា​ជា​កន្លែង​តែមួយគត់ របស់​កម្ពុជា​ក្នុង​ការផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​នាំចេញ​ផងដែរ​។



អត្ថបទទាក់ទង


​លោក ប៊ុន បារាំង បានបញ្ជាក់​ប្រាប់​​សារព័ត៌មាន​ThmeyThmey តាមទូរសព្ទ​ថា ករណី​លក់​ដីស្រែ​អំបិល​របស់​ប្រជាជន​កសិករ​អ្នកធ្វើ​អំបិល បាន និង​កំពុង​កើតឡើង​ពិតមែន ពិសេស​នៅ​អ្នក​សង្កាត់​កោះ​ត្រើយ​ក្នុង​ខេត្តកំពត​។ ប៉ុន្តែ​ការលក់​នេះ គឺ​លក់​ទៅ​ឲ្យ​ក្រុម​អ្នក​ផលិត​អំបិល ដែល​គេ​មានលទ្ធភាព មាន​ដើមទុន​ច្រើន​ក្នុង​ធ្វើ​អាជីវ​កម្មនេះ មិនមែន​លក់​ឲ្យ​ណា​អ្នកផ្សេង ក្រៅពី​ផលិត​អំបិល​ទេ​។ លោក​បាន​អះអាង​ដូច្នេះ​«​ស្រែអំបិល​យើង គឺ​មិន​លក់​ឲ្យ​ក្រុម​អភិវឌ្ឍ​ណា ឬ​ជន​ណា​ក្រៅពី​អ្នក​ផលិត​អំបិល​ឡើយ​!»​។​

​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​រូបនេះ បាន​បន្តថា « យើង​មានច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​ដីស្រែ​ធ្វើ​អំបិល​នេះ​។ បើ​មាន​អ្នក​ចង់​ធ្វើ​លក់​ដី​នេះ គឺ​ត្រូវ​លក់​ទៅ​ឲ្យ​អ្នក​ផលិត​អំបិល​ដូចគ្នា ឬ​អ្នក​ដែលមាន​បំណង​ក្នុងការ​អភិវឌ្ឍ​លើ​ការផលិត​អំបិល​យើង​ឲ្យ​កាន់តែ​ប្រសើរ​ទៀត​។  ហើយ​សុំ​កុំ​គិតថា​ស្រែអំបិល​ទាំងនេះ នឹង​បាត់បង់​នាពេល​អនាគត​»​។​

​លោកបាន​បន្ថែមថា កត្តា​ដែល​ធ្វើឱ្យ​អ្នក​ផលិត​អំបិល​មួយចំនួន​សម្រេច​លក់​ដី​ស្រែអំបិល​របស់ខ្លួន      បណ្តា​មកពី តម្លៃ​អំបិល​ធ្លាក់ចុះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិសេស​គ្មាន​កម្លាំង​ពលកម្ម និង​ដើមទុន​ក្នុង​ការផលិត និង​តម្លៃ​ដី​ឡើងថ្លៃ​។ ម្យ៉ាងវិញទៀត ការផលិត​អំបិល​កម្ពុជា​គឺ​អាស្រ័យទៅលើ​ធម្មជាតិ​ទាំងស្រុង ដោយ​ឆ្នាំ​ខ្លះ​បាន​ផល និង​ឆ្នាំ​ខាតចុង ខាតដើម​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៨​ជាដើម មាន​អ្នក​ផលិត​អំបិល​ជាច្រើន​ពិសេស​ក្រុម​តូចៗ​បាន​ក្ស័យធន​។​

​ជាមួយគ្នានេះ លោក ប៊ុន បារាំង បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​ឧស្សាហកម្ម រក​វិធី​ទប់ស្កាត់​ការនាំ​ចូល​អំបិល​ក្រៅ​ប្រព័ន្ធ​ពី​ឈ្មួញ​ផ្សេងៗ ដែល​ធ្វើឱ្យ​អំបិល​ក្នុងស្រុក​ធា្ល​ក់​ថ្លៃ និង​សូមឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​គាំទ្រ​និង​ប្រើប្រាស់​អំបិល​ដែល​ផលិត​ចេញ​ធម្មជាតិ​ពិតៗ នៅក្នុង​ទឹកដី​ខេត្តកំពត​-​កែប​វិញ ដើម្បីឱ្យ​តម្លៃ និង​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​៕






Tag:
 ប៊ុន​ បារាំង
  អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com