ONE Championship
កីឡាជាតិ
ជាតិ
​គ្រូបង្វឹក មិត្ត​រួម​អាជីព និង​រៀមច្បង ជា​ចំណែក​នៃ​ជោគជ័យ​របស់ នៅ ស្រី​ពៅ លើ Rika Ishige
18, Feb 2019 , 9:19 am        
រូបភាព
​ដោយ៖ Matias Andres 
 
​នៅ ស្រី​ពៅ មកពី​ក្លិប Cambodian Top Team បាន​អង្រួន​សង្វៀន​ធំ ONE Championship ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ធ្វើ​ឲ្យ​កក្រើក​អស្ចារ្យ កាលពី​យប់​ថ្ងៃ​សោ​រ៍ ទី​១៦ ខែកុម្ភៈ​។ កីឡាការិនី​កម្ពុជា​វ័យ​២៤​ឆ្នាំ​រូប​កម្ពុជា ប្រយុទ្ធ​តទល់​គ្នា​យ៉ាង​តឹងតែង​ជាមួយ​កីឡាការិនី​ថៃ Rika Ishige រហូតដល់​ចប់​ទឹក​ទី​៣ ហើយ​បានឈ្នះ​ដោយ​ពិន្ទុ​។

 
​ថ្វីបើ នេះ​ការប្រកួត​លើកដំបូង​បង្អស់​របស់ ស្រី​ពៅ ក្នុង​ស្ថាប័ន​ប្រដាល់​អន្តរជាតិ​ធំជាងគេ​លើ​ពិភពលោក​នេះ​មែន  ប៉ុន្តែ​នាង​មាន​ស្មារតី​និង​ទឹកមុខ​ស្ងប់​ល្អ នៅពេល​ដើរ​ចេញមក​បង្ហាញខ្លួន​សំដៅ​ចូលទៅក្នុង​ទ្រុង​ប្រយុទ្ធ​។ 
 
​ស្រី​ពៅ ពន្យល់ថា​៖ «​ក្នុង​ចិត្ត​វិញ​រំភើប ហើយ​គិតថា​ខ្ញុំ​នឹងធ្វើ​ឲ្យ​អស់ពី​សមត្ថភាព នូវ​អ្វីដែល​ខ្ញុំ​ខំប្រឹង​ហាត់​ទាំង​ប៉ុន្មាន​ហ្នឹង​»​។​
 
​អំឡុង​ពេលដែល ស្រី​ពៅ រង់ចាំ​នៅក្នុង​ទ្រុង​ប្រដាល់ ដែល​ពេលនោះ​មាន​លោកគ្រូ ហ៊ុន ចាន់​រាជ ក៏ដូចជា​មិត្ត​រួម​អាជីព វី ស្រី​ខួច នៅ​ជិត​ខ្លួន​ផងដែរ ស្រាប់តែ Rika បានបង្ហាញ​ខ្លួន​ពីក្រោយ​ឆាក​មក ដោយបាន​ស្លៀកពាក់​ជា​តុ​ក្ត​តា​ក្នុង​រឿង «Finding Nemo» ហើយ​បញ្ចេញ​ក្បាច់​រាំ​ដើរ​ចុះ​សំដៅ​មក​សង្វៀន​អម​ជាមួយ​សំលេង​ស្រែក​ហ៊ោកញ្ជ្រាវ​របស់​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​កុះករ​។​
 
​ស្រី​ពៅ នៅតែ​ប្រមូល​ស្មារតី​បានល្អ​ក្នុងការ​រង់ចាំ​។ គ្រាន់តែ​សំលេង​ជួង​បន្លឺឡើង​ភ្លាម ស្រី​ពៅ ចាប់ផ្តើម​តំឡើង​សាច់ដុំ​សម្រុកចូល​យ៉ាង​កម្រោល ហើយ​បាន​ប្រើ​កណ្តាប់ដៃ​ដាល់​នាង Rika យ៉ាង​ធ្ងន់ៗ​បណ្តាក់​គ្នា រហូត​នាង Rika ដួល​ក្រាប​លើ​រិញ​តែម្តង​។ 
 
​ស្រី​ពៅ រៀបរាប់​៖ «​ខ្ញុំ​ដឹង​តាំងពី​ទឹក​ទី​១​ម្ល៉េះ ថា​ខ្ញុំ​ឈ្នះ ព្រោះ​ខ្ញុំ​វាយ​ចូល​ពេញៗ  ប៉ុន្តែ​ខ្ញុំ​អត់​អាច​ប្រហែស​បានទេ​»​។​
 
​ជើងឯក​គុន​ខ្មែរ​ពិភពលោក​រូបនេះ ប្រើ​ក្បាច់​ចេញ​ដៃ​ច្រើន និង​ទាត់​ក្រោម ដើម្បី​បិទ​មិន​ឲ្យ Rika ចូលចាប់​ក្រោម​ក្នុងការ​ផ្តួល​នាង​បានឡើយ ហើយ​ពេល Rika បម្រុង​ចូលចាប់​ពេលណា ស្រី​ពៅ ប្រើ​កណ្តាប់ដៃ​ដាល់​ផ្ទប់​ជាប់​ជានិច្ច​។ 
 
​ស្រី​ពៅ បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​បង្វឹក​ទាំងពីរ គឺ​លោកគ្រូ ចាន់​រាជ និង​លោកគ្រូ Nicholas "JJ" Lee ដែលជា​អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង ONE Championship ដូចគ្នា សម្រាប់​ការរៀបចំ​ក្បាច់​ស្នៀត​សឹងតែ​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត​របស់​នាង​នា​យប់នោះ​។ 
 
«​លោកគ្រូ​ប្រាប់​ខ្ញុំ​ថា​វាយ​អញ្ចឹង​ឈ្នះ​ហើយ អីចឹង​ខ្ញុំ​ត្រូវ​រក្សា​ទម្រង់​វាយ​ដដែល អត់​អាច​ប្តូរ​ទម្រង់​វាយ​ទេ​។​ត្រូវ​ទាត់​ចូល​ក្រោម ហើយ​ចេញ​ដៃ​ឲ្យ​ច្រើន អ៊ីចឹង​គេ​អត់​មាន​ផ្លូវ​ចូលចាប់​យើង​រួច​ទេ​»​។ 
 
​សំលេង​ជួង​ចាប់​បន្លឺឡើង​ម្តងទៀត ស្រី​ពៅ កាន់​តែមាន​ទំនុក​ចិត្តខ្លាំង នាង​បញ្ចេញ​កម្លាំង​ទាំង​ដៃ​និង​ជើង​មិន​ចុះថយ​សោះ​ឡើង ធ្វើ​ឲ្យ​មនុស្សម្នា​ទាំងអស់​នៅក្នុង​ឆាក​ដ៏​ធំ​នេះ មានការ​ភ្ញាក់ផ្អើល​ហើយ​មិនគួរ​ឲ្យ​ជឿ​សោះ​ពី​សមត្ថភាព​របស់​ស្រី​ពៅ ក្នុងការ​ប្រកួត​ទម្ងន់ ៤៦​គក​នេះ​។ 
 
​បន្ទាប់​ទឹក​ទី​៣​បាន​បញ្ចប់ទៅ ស្រី​ពៅ ត្រូវបាន​ចៅក្រម​ប្រកាស​ឲ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​ទ្រុង​គុន​ចម្រុះ ONE Championship​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួ​ួ​យ​សម្រាប់ ស្រី​ពៅ និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​។​
 
​ស្រី​ពៅ រៀបរាប់​ពេល​ពី​អារម្មណ៍​ពេលលឺ​ជួង​បញ្ចប់​ទឹក​ទី​៣៖ «​គ្រាន់តែ​លឺ​ជួង​ភ្លាម គឺ​អារម្មណ៍​រំភើប​តែម្តង​»
 
​ក្រោយពី​ទទួលបាន​ជ័យលាភី​នេះ​មក នាង​បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​នៅ​ប្រទេស​កំណើត​ទាំងអស់ ដែល​បាន​ជួយ​លើកទឹកចិត្ត​ដល់​កំឡុងពេល​ត្រៀម​មុន​ប្រកួត​ទាំងអស់​។ 
 
«​ខ្ញុំ​សូម​អរគុណ​ច្រើន​ដល់​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​បាន​គាំទ្រ​»!
 

© រក្សាសិទ្ធិដោយ thmeythmey.com