អន្តរជាតិ
ភរិយាលោក មហាធៀ៖«ប្រជាជាតិម៉ាឡេស៊ីលួចស្វាមីពីខ្ញុំ»
× ការវិលត្រឡប់របស់លោក មហាធៀ មហាម៉ាត់ចូលក្នុងនយោបាយជាថ្មីធ្វើឲ្យលោកមមាញឹកពេកក្រៃ។ អ្នកស្រី Siti Hasmah ភរិយារបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេរូបនេះនិយាយថា ការប្រឡូកនយោបាយរបស់ស្វាមីខ្លួនឡើងវិញមិនខុសពី ប្រជាជាតិម៉ាឡេស៊ីលួចស្វាមីពីអ្នកស្រីឡើយ។
អ្នកស្រី Siti ដែលរៀបការជាមួយលោកមហាធៀអស់រយៈពេល ៦៣ឆ្នាំហើយនោះ ហាក់មិនពេញចិត្តឡើយពេលដែលស្វាមីអ្នកស្រីត្រូវចូលទៅដឹកប្រទេសម្តងទៀត ក្រោយពីលោកបានធ្វើការងារនេះអស់រយៈពេលជាង ២២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។
ឆ្លើយនៅក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយសារព័ត៌មាន Malaysian Reserve ក្នុងសប្តាហ៍នេះ អ្នកស្រី Siti និយាយថា៖«ខ្ញុំមិនបានប្រគល់គាត់ត្រឡប់ទៅវិញនោះទេ ប៉ុន្តែពួកគេបានលួចគាត់ពីខ្ញុំ។ នៅពេលខ្ញុំដឹងថាស្វាមីខ្ញុំឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីជាថ្មី។ ខ្ញុំសួរគាត់ ហើយគាត់ឆ្លើយតបវិញថា គណបក្សបួនតែងតាំងគាត់ដោយឯកច្ឆ័ន្ទ។ ហើយគាត់គ្មានជម្រើសអ្វីផ្សេងក្រៅពីទទួលយកវា។ គាត់យល់ឃើញថាវាគឺជាទំនួលខុសត្រូវ»។
បន្ថែមពីនេះ អ្នកស្រី Siti Hasmah ជឿជាក់ថា លោកមហាធៀ នឹងប្រគល់តំណែងកំពូលនេះទៅឲ្យអ្នកបន្តវេន មុនអាណត្តិរបស់លោកបញ្ចប់។ យោងតាមសារព័ត៌មាន Malaysiakini អ្នកស្រី និយាយថា ស្វាមីអ្នកស្រីចាត់ទុកតំណែងជានាយករដ្ឋមន្ត្រីទីប្រាំពីររបស់ម៉ាឡេស៊ីដែលលោក មហាធៀ កំពុងកាន់ ជាការងារបណ្តោះអាសន្នប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា នៅពេលបញ្ហាត្រូវបានដោះស្រាយ ហើយប្រទេសដើរលើគន្លងត្រឹមត្រូវវិញនោះ លោកមហាធៀនឹងលាលែងពីតំណែង។
ទោះបីជាស្វាមីអ្នកស្រី គឺលោកមហាធៀ ត្រូវបានគេចាត់ទុកថាជា «បិតានៃម៉ាឡេស៊ីសម័យទំនើប» ក៏ដោយក្តី អ្នកស្រី Siti បាននិយាយដោយឥតលាក់លាមថា អ្នកស្រីមិនចូលចិត្តនយោបាយនោះទេ។ ត្រង់ចំណុចនេះលោកស្រីថា៖«នយោបាយគឺជារឿងដែលលើសពីការយល់ដឹងរបស់ខ្ញុំ។ ខ្ញុំដឹងថាអ្នកអាចធ្វើអ្វីបានច្រើន អ្នកអាចមានអំណាច។ អ្នកអាចធ្វើរឿងនេះ ឬរឿងនោះក្នុងនយោបាយ។ ប៉ុន្តែខ្ញុំមិនចូលចិត្តនយោបាយឡើយ។ ពេលខ្លះវាស្មោកគ្រោគ»៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com