ជាតិ
សង្គមជាតិ
អគ្គលេខាធិការ​៖ ប្រធាន​តុលាការ​១២​រូប ដល់​វេន​ប្តូរ​ទៅ​កន្លែង​ផ្សេង មិនមែន​បញ្ចប់​តួនាទី​ទេ​
18, Feb 2019 , 12:59 pm        
រូបភាព
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានបង្ហាញ​បញ្ជី​ស្ថិតិ ដែល​ត្រូវ​ផ្លាស់ប្តូរ​ប្រធាន​តុលាការ​១២​រូប និង​អនុប្រធាន​៤​រូប រួមទាំង​ចៅក្រម​២៥​រូប នៅតាម​រាជធានី​-​ខេត្ត ដែល​ហៅថា «​ដល់​វេន​ត្រូវ​ផ្លាស់ប្តូរ​»​។ បញ្ជី​ស្ថិតិ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក សំ ប្រជាមានិត អគ្គលេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​។


 
​លោក សំ ប្រជាមានិត អគ្គលេខាធិការ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រោម បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ស្ថិតិ ដែល​ត្រូវ​បង្ហាញ​នេះ គឺជា​ការជូនដំណឹង​ដល់​ប្រធាន អនុប្រធាន និង​ចៅក្រម​ទាំងនោះ ដើម្បី​ឲ្យ​ពួកគេ ដឹងថា ពួកគេ ដល់​វេន​ដែល​ត្រូវ​ផ្លាស់ប្តូ​រហើយ​។ លោក បញ្ជាក់ថា  ពួកគេ គ្រាន់តែ​ដល់​វេន​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កន្លែងធ្វើការ​ផ្សេង​ប៉ុណ្ណោះ ប៉ុន្តែ មិនមែន​ត្រូវបាន​បញ្ចប់​តួនាទី​នោះទេ​។ 
 
​អគ្គលេខាធិការ​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់ ធ្វើការ​នៅ​កន្លែង​របស់​ពួកគាត់​គ្រប់​រយៈពេល​៤​ឆ្នាំ​តាម​កាលកំណត់​ក្នុង​ច្បាប់​ហើយ ដូច្នេះ ជាគោលការណ៍ យើ​ត្រូវ​ជូនដំណឹង​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់ ដាក់សំណើ​ប្តូរ​ទៅធ្វើ​ការ​កន្លែង​ផ្សេង បើ​ពួកគាត់​មានបំណង​។ វា ជា​រឿង​ធម្មតា​ទេ​»​។  
 
«​ចុះបើ​ពួកគាត់ មិន​ធ្វើសំណើ តើ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹងត្រូវ​សម្រេច​ផ្លាស់ប្តូរ​ពួកគាត់​ទៅ​ខេត្ត​ផ្សេង ឬក៏​ទុក​ពួកគេ ឲ្យ​នៅ​ធ្វើការ​កន្លែង​ដដែល​?» លោក សំ ប្រជាមានិត ពុំបាន​ឆ្លើយ​ឲ្យ​ចំ​នោះទេ ដោយ​លោក គ្រាន់តែ​អះអាងថា នេះ​ជា​សមត្ថកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​លោក ពុំ​អាច​និយាយ​ឬ​សន្និដ្ឋាន​ជាមុន​ឡើយ ថា​នឹងត្រូវ​សម្រេច​យ៉ាងម៉េច​។ លោក ក៏​ពុំទាន់​ដឹង​ដែរ​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បើក​កិច្ចប្រជុំ​នៅពេលណា ដើម្បី​សម្រេច​លើ​បញ្ហា​នេះ​។   
 
​ប្រធាន​តុលាការ​នៅតាម​រាជធានី​-​ខេត្ត​ទាំង​១២ ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្តូរ​នោះ រួមមាន ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ  ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តកោះកុង​។ ចំណែក​អនុប្រធាន​តុលាការ​៤​រូប ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្តូរ គឺជា​អនុប្រធាន​តុលាការ​រាជធានី​ភ្នំពេញ​ទាំងអស់​។ 
 
​រីឯ ចៅក្រម​២៥​រូប​នៅតាម​រាជធានី​-​ខេត្ត ដែល​ដល់​វេន​ត្រូវ​ផ្លាស់ប្តូរ រួមមាន ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ មាន​៦​រូប ខេត្តកណ្តាល មាន​៥​រូប ខេត្តកំពង់ចាម មាន​១​រូប ខេត្តកំពង់ឆ្នាំង មាន​១​រូប ខេត្តពោធិ៍សាត់ មាន​២​រូប ខេត្តបាត់ដំបង មាន​២​រូប ខេត្តបន្ទាយមានជ័យ មាន​៣​រូប ខេត្តកំពង់ធំ មាន​១​រូប ខេត្តកំពង់ស្ពឺ មាន​១​រូប ខេត្ត​ព្រះសីហនុ មាន​១​រូប ខេត្តតាកែវ មាន​១​រូប និង​ខេត្តស្វាយរៀង មាន​១​រូប​៕ 
 

Tag:
 ​តុលាការ​
  សំ ប្រជាមានិត
© រក្សាសិទ្ធិដោយ thmeythmey.com