អន្តរជាតិ
កិច្ចប្រជុំ​រវាង​អាមេរិក​និង តា​លី​បង់ ក្នុងប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​លុបចោល​
18, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​កិច្ចប្រជុំ​នាពេលខាងមុខ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន រវាង​គណៈប្រតិភូ​អាមេរិក​និង​តំណាង​ក្រុម​តា​លី​បង់​ត្រូវ​លុបចោល​។ នេះ​បើតាម​ព័ត៌មាន​ដែល​ចេញពី​ប្រភព​ភាគី​ទាំងពីរ​។​

 
​មេដឹកនាំ​តា​លី​បង់​ម្នាក់ បានបញ្ជាក់​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះថា កិច្ចប្រជុំ នេះ​ត្រូវ​លុបចោល​ដោយ​ភាគី​អាមេរិក​។ សេចក្តីប្រកាស​ព័ត៌មាន​មួយ​បន្ទាប់ពី​ការលុបចោល​នោះ បាន​បញ្ជាក់ថា​កិច្ចប្រជុំ​ត្រូវ​លើក​ពេល​ដោយសារ​ថា​សមាជិក​ជាច្រើន​ក្នុងចំណោម​១៤​រូប ដែលជា​ក្រុម​ចរចា មិនអាច​ចេញទៅ​បរទេស​បាន​ដោយសារ​ថា​ពួកគេ​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​និង​អង្គការសហប្រជាជាតិ​។ សមាជិក​ជាច្រើន​ទៀត​ក្នុងចំណោម​ពួកគេ​ដែរ​ក៏​ជាប់​ទណ្ឌកម្ម​ក្នុង​បញ្ជី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​អន្តរជាតិ​បាន​។​
 
​ជាមួយគ្នានេះ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា Zalmay Khalilzad ដែល​រំពឹងថា​នាំ ផ្លូវ​គណៈប្រតិភូ​អាមេរិក គ្មាន​គម្រោង​ការចុះ​បំពេញ​ទស្ស​កិច្ច​ក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​ទេ​នៅ​សប្តាហ៍​នេះ​។​
 
​សហរដ្ឋអាមេរិក បាន​និយាយថា​ខ្លួន​មិនបាន​ទទួល​លិខិតអញ្ជើញ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ដើម្បី​ចូលរួម​កិច្ចប្រជុំ ដែល​ត្រូវ​ប្រកាស​ដំបូង​ដោយ​អ្នកនាំពាក្យ​តា​លី​បង់ Zabiullah Mujahid ប៉ុន្មាន​ថ្ងៃមុន​នោះទេ​។ ការប្រកាស​នោះ បាន​បញ្ជាក់ថា ថ្ងៃទី​១៨ ខែកុម្ភៈ ជា​ថ្ងៃ​ប្រជុំ​ហើយ​លិខិតអញ្ជើញ​ជា​ផ្លូវការ​បានចេញ​ដោយ​ប៉ា​គី​ស្ថាន​រួចហើយ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com