ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ពន្លឿនការបន្ធូរបន្ថយ និងកាត់ទោសស្ត្រីជាប់ពន្ធនាគារ
× ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ នេះជាការរំឮករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»។
មូលហេតុដែលសម្ដេច ហ៊ុន សែន ជំរុញឲ្យស្ថាប័នទាំងពីរនេះ ដោះស្រាយបញ្ហាស្ត្រីជាប់ពន្ធនាគារនោះ ដោយសារសម្ដេច យល់ឃើញថា អ្នកទោសស្ត្រីមួយចំនួន កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជា ស្ត្រីខ្លះមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ដោយសារតែបញ្ហានេះហើយ ទើបសម្ដេច ហ៊ុន សែន ស្នើឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ពិនិត្យសម្រួលព្យួរទោសស្ត្រីទាំងនោះ ឲ្យមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យផង។
បើតាមប្រមុខរដ្ឋាភិបាល ក្រសួងទាំងពីរត្រូវដោះស្រាយលើកលែងសម្រួលទោសដល់ពួកគេ ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ។ជាពិសេសមុនពេលចូលឆ្នាំខ្មែរខាងនេះ គឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគេបានទៅផ្ទះវិញ ។
បន្ថែមពីនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីនូវខ្លឹមសារសំខាន់ចំនួន ១១ ចំណុច ដើម្បីលើកម្ពស់ការចូលរួមរបស់ស្ត្រី និងផលប្រយោជន៍កាន់តែច្រើនថែមទៀតនៅក្នុងសង្គម។
កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់ខ្លឹមសារទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេសការដោះស្រាយរាល់ការងារជាអាទិភាពរបស់ស្ត្រីជាដើម៕
Tag:
ហ៊ុន សែន
អ្នកទោសស្ត្រី
យុត្តិធម៌
កិច្ចការនារី
© រក្សាសិទ្ធិដោយ thmeythmey.com