កីឡាជាតិ
ជាតិ
លោកស្រី ពុធ ធីតា​៖ ឆន្ទៈ និង​ការជឿជាក់​ខ្លួនឯង ជា​ជំហាន​ដែល​នឹង​នាំ​ឲ្យ​បឹងកេត​ជោគជ័យ​
18, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ក្លិប​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត បានបង្ហាញ​មហិច្ឆតា​ចង់​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ក្រោយ​នាំចូល​កីឡាករ​បរទេស​ថ្មី​ពីររូប​មកពី​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញ​។ មហិច្ឆតា​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លិប​បឹងកេត​លើកឡើង​ក្នុង​កម្មវិធី​បង្ហាញ​សមាសភាព​កីឡាករ និង​ឯកសណ្ឋាន​សម្រាប់​រដូវ​កាល​ថ្មី ដែលមាន​ការចូលរួម​ពី​សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធានកិត្តិយស​ក្លិប​បឹងកេត​។

 
​ក្រោយ​ខកខាន​លើក​ពាន​លី​គ​កំពូល​ឆ្នាំ​២០១៨ ក្លិប​ជើងឯក​ពីរ​រដូវ​កាល​ជាប់​គ្នា​ឆ្នាំ​២០១៦ និង​២០១៧ បឹងកេត បានដាក់​គោលដៅ​ខ្ពស់​ដោយ​ចង់​ឈ្នះ​ជើងឯក​ទាំង​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​។ ការដាក់​គោលដៅ​បែបនេះ បន្ទាប់ពី​ក្លិប​បឹងកេត ទើប​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល Purcino Luiz Eduardo(DuDu) និង​កីឡាករ​អេ​ស្ប៉ា​ញ Carrascosa Munoz Angel ដែល​ក្លិប​អះអាងថា ជា​កីឡាករ​មាន​បច្ចេកទេស​និង​សមត្ថភាព​ខ្ពស់​។     


 
«​សម្រាប់​ឆ្នាំ​២០១៩ គោលដៅ​របស់​ពួកយើង គឺ​ត្រូវ​ដណ្តើមយក​ជើងឯក​ទាំ​ង​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។ ចំពោះ​សំណួរ​ទាក់ទង​នឹង​សមត្ថភាព​របស់​កីឡាករ​បរទេស ដែល​ទើប​នាំចូល ខ្ញុំ​សុំ​និយាយ​ដោយ​ខ្លី​ថា បើ​គាត់​មិនល្អ​យើង​មិន​ចុះកិច្ចសន្យា​នោះទេ ដោយសារ​គាត់​មាន​ចំណុច​ល្អ ដែល​អាចជួយ​បំពេញ​រាល់​ចំណុច​ខ្វះខាត​របស់​ក្លិប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក បែ មករា អគ្គលេខាធិការ​ក្លិប​បឹងកេត ដែល​រំពឹងថា កីឡាករ​បរទេស​ទាំង​ពីររូប​នេះ​នឹង​ក្លាយជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​កីឡាករ​កម្ពុជា​និង​ក្លិប​ឲ្យ​សម្រេច​គោលបំណង​នៅ​ឆ្នាំ​២០១៩​។  


 
​ក្រៅពី​កីឡាករ​ទាំង​ពីររូប​ខាងលើ​ក្លិប​បឹងកេត​បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៣​រូប​រួមមាន ខ្សែការពារ​ជប៉ុន Mizuno Hikaru, ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Ajayi Samuel និង​ខ្សែប្រយុទ្ធ Julius Oiboh​។ បន្ថែម​លើ​នេះ ក្លិប​បឹងកេត​បាន​នាំចូល​កីឡាករ​កម្ពុ​ជាថ្មី និង​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ចាស់​ចំនួន​២៤​រូប​ទៀត​ផងដែរ​។​




 
​ជាមួយ​ការដាក់​គោលដៅ​ខ្ពស់​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ប្រធាន​ក្លិប​បឹងកេត​លោកស្រី ពុធ ធីតា ក្រើនរំលឹក​កីឡាករ​ឲ្យ​គោរព​វិន័យ ខិតខំ​ហ្វឹកហាត់​ជាមួយ​ឆន្ទៈ និង​ភាពជឿជាក់​លើ​ខ្លួនឯង ព្រោះ​លោកស្រី ជឿជាក់ថា ក្លិប​មួយ​អាច​រីកចម្រើន​ទៅបាន​គឺ​អាស្រ័យ​លើ​កីឡាករ និង​គ្រូបង្វឹក​មានគុណ​ភាព និង​ការរៀបចំ​ផែន​ច្បាស់លាស់​របស់​ថ្នាក់ដឹកនាំ​ជាមួយ​គោលដៅ​ច្បាស់លាស់​។​




 
​ថ្លែង​ក្នុង​ពិធី​បើក​រដូវ​កាល​ថ្មី​របស់​ក្លិប​បឹងកេត​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​លោកស្រី ពុធ ធីតា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្លិប​មួយ​ដែល​ខ្លាំង​និង​ពូកែ ដាច់ខាត​កីឡាករ​ត្រូវមាន​គុណភាព​។ កីឡាករ​មានគុណ​ភាព​ត្រូវធ្វើ​ដូចម្តេច​? គឺ​ត្រូវមាន​វិន័យ ឆន្ទៈ និង​ភាពជឿជាក់​លើ​ខ្លួនឯង​។ ហើយ​ពួកគេ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ បរិភោគ​អាហារ​មាន​អនាម័យ​និង​ទៀងទាត់​ពេលវេលា ពិសេស​ធ្វើ​អ្វីដែល​ជួយ​បង្កើន​សមត្ថភាព តាមរយៈ​ការខិតខំ​ហ្វឹកហាត់​ជាដើម​»​។ 




 
​ក្រៅពី​ដាក់​គោលដៅ​រដូវ​កាល​ថ្មី ក្លិប​ដែល​ទើប​ទទួលបាន​អាជ្ញា​បណ្ណ​ក្លិប​អាជីព​(Club Licensing)​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​កាលពីពេល​ថ្មីៗ​មួយ​នេះ បានបង្ហាញ​គោលបំណង​ពី​គម្រោង​បង្កើត​ក្រុមបាល់ទាត់​នារី​នៅ​ឆ្នាំ​២០១៩​នេះ​ផងដែរ​។ លោកស្រី ពុធ ធីតា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្លិប​បាន​បង្កើត​នូវ​ថ្នាល​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​១៨​ឆ្នាំ ហើយ​ពួកគេ​កំពុង​ប្រជែង​ដណ្តើមពាន​ក្នុងស្រុក​មួយ​ជាមួយ​យុវជន​ថ្នាល​របស់​ក្លិប​អាជីព​រួម​លី​គជា​ច្រើន​ទៀត​។ ជំហាន​បន្ទាប់​នៅ​ឆ្នាំ​២០១៩​នេះដែរ ក្លិប​នឹង​បង្កើត​ក្រុមបាល់ទាត់​នារី​មួយក្រុម​ទៀត ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ផ្សេងៗ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​»​។ 




 
​នា​ពិធី​បើក​រដូវ​កាល​ថ្មី​របស់​ក្លិប​បឹងកេត ដែលមាន​ការចូលរួម​ពី​សំណាក់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធានកិត្តិយស​ក្លិប​បឹងកេត​នោះ​ផងដែរ ក្លិប​បឹងកេត​បានបង្ហាញ​សមាសភាព​កីឡាករ​ទាំង​២៩​រូប និង​ឯកសណ្ឋាន​ថ្មី​(​ពណ៌​ស ខៀវ ក្រហម​) សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​។ ក្នុងឱកាស​នោះដែរ ក្លិប​បានប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​២០១៨​ជាច្រើន​ដល់​កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ ក្នុងនោះ​លោក ហៅ សុជាតិ ទទួលបាន​ពាន​គ្រូបង្វឹក​ឆ្នើម​, កីឡាករ ទូច បញ្ច​រ៉ុង និង លី មី​ហ្សា​ន បាន​ពាន​កីឡាករ​ដែល​រួមរស់​ជាមួយ​បឹងកេត​យូរ​ជាងគេ ខណៈ​កីឡាករ ម៉ាត់ យ៉ា​មីន បាន​ពាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ល្អ​ជាងគេ​៕ 
 

Tag:
 បាល់ទាត់​
  ពុធ ធីតា​
  បែ មករា​
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com