កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho បង្ហើប​បំណង​ដឹកនាំ​ក្រុម​នៅ​បារាំង ក្រោយ​អង្គុយ​មើល​ការប្រកួត Lille និង Montpellier
18, Feb 2019 , 3:05 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​លោក Jose Mourinho ថា​លោក​អាច​នឹង​ក្លាយជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​នៃ​លី​គ​កំពូល​បារាំង​បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនាការ​ប្រកួត​រវាង Lille និង Montpellier ដែល​បញ្ចប់​ទៅក្នុង​លទ្ធផល ០-០ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។ បុរស​ដែលមាន​រហស្សនាម Special One បាន​មើលឃើញ​ខ្សែបម្រើ​សញ្ជាតិ​កូត​ឌី​វ័រ Nicolas Pepe ថា​រូបគេ​នឹង​ក្លាយជា​តារាបាល់ទាត់​កំពូល​ម្នាក់​។​


 
​ក្លិប Manchester United បានប្រកាស​ចែកផ្លូវ​ជាមួយ​លោក Mourinho មុន​កិច្ចសន្យា​កាលពី​ថ្ងៃទី​១៨ ខែធ្នូ​កន្លងទៅ ដោយ​យល់ព្រម​បង់​សំណង​ថ្លៃ​ពលកម្ម​ដែល​នៅសល់​ដល់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ រួមទាំង​បុគ្គលិក​របស់គាត់ ចំនួន ២៥​លាន​ដុល្លារ​អាមេរិក​។​


 
​ក្រោយ​ចាក​ចេញពី​ទឹកដី Old Trafford លោក Mourinho បាន​ទៅ​ចូលរួម​ជា​អ្នក​ប្រភាគ​កីឡា​ឲ្យ​ទូរទស្សន៍ BEIN Sports ក្នុងប្រទេស​កាតា​។ លោក​ក៏ត្រូវ​បានឃើញ​អង្គុយ​ជាមួយ​លោក Luis Campos ទីប្រឹក្សា​ក្លិប Lille អំឡុង​ការប្រកួត​ក្នុង​ទឹកដី នៅ Stade Pierre-Mauroy កាលពី​ថ្ងៃអាទិត្យ​ផងដែរ​។​
 
«​ខ្ញុំ​អាច​ក្លាយជា​គ្រូបង្វឹក​ក្លិប​នៅ​បារាំង​ថ្ងៃ​ណាមួយ​។ ខ្ញុំ​ធ្លាប់​ដឹកនាំ​ក្រុម​នៃ​លី​គ​បាល់ទាត់​កំពូល​ក្នុងប្រទេស​បួន​ផ្សេងគ្នា ហើយ​មិនមាន​នរណា​ចូលចិត្ត​ធ្វើបែបនេះ​ដូច​ខ្ញុំ និង​ចង់​ស្គាល់​វប្បធម៌​ក្រុម​ជាច្រើន​នោះទេ​»​។ Mourinho លើកឡើង​ដូច្នេះ​។​
 
​អតីត​អ្នកចាត់ការ Porto, Chelsea, Inter Milan, Real Madrid និង Man Utd រូបនេះ​បន្ថែមថា លោក​ចូលចិត្ត​រៀន​គ្រប់ពេល​ដើម្បី​ធ្វើការ​នៅ​លី​គ​ផ្សេងគ្នា ដែល​នេះ​បានធ្វើ​ឲ្យ​លោក​មាន​បទពិសោធ​មួយ​ដ៏​អស្ចារ្យ​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ក្រុម​របស់លោក​។ 


Nicolas Pepe (អាវក្រហម) ដែលទទួលបានការសរសើរពី Jose Mourinho
 
​ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​អ្នកចាត់ការ​វ័យ​៥៦​ឆ្នាំនេះ​បាន​ទៅ​ទស្សនាការ​ប្រកួត​របស់ Lille ដើម្បី​មើល​កីឡាករ​ពីររូប​រួមមាន​ខ្សែបម្រើ Pepe និង​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Mendes​។​
 
​ក្នុងចំណោម​កីឡាករ​ទាំងពីរ​លោក Mourinho បាន​សរសើរ Pepe វ័យ​២៣​ឆ្នាំ ថា​នឹង​ក្លាយជា​កីឡាករ​លំដាប់​កំពូល​ម្នាក់ ខណៈ​រូបគេ​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​លំដាប់​ទី​៣​នៅ Ligue 1 បារាំង​ចំនួន ១៦ គ្រាប់​តាម​ពីក្រោយ Kylian Mbappe និង Neymar របស់ PSG និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​៨​លើក​នៅ​រដូវ​កាល​នេះ​៕
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Nicolas Pepe
  Lille
© រក្សាសិទ្ធិដោយ thmeythmey.com