ទីផ្សារ​យានយន្ត​នៅ​អឺរ៉ុប​ធ្លាក់ចុះ​៥​ខែ​ជាប់ៗ​គ្នា​
រថយន្ត
អន្តរជាតិ
ទីផ្សារ​យានយន្ត​នៅ​អឺរ៉ុប​ធ្លាក់ចុះ​៥​ខែ​ជាប់ៗ​គ្នា​
18, Feb 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ដោយ​គិត​ត្រឹម​ខែមករា ដើមឆ្នាំ​២០១៩​នេះ ទីផ្សារ​យានយន្ត​អឺរ៉ុប បាន​ធ្លាក់ចុះ ៤,៦​ភាគរយ និង​ជាការ​ដាំ​ក្បាល​ចុះ​រយៈពេល​៥​ខែ​ជាប់​គ្នា​ផងដែរ​។ នេះ​បើ​យោងតាម​ស្ថិតិ​ដែល​ផ្សាយ​ដោយ​សមាគម​ក្រុមហ៊ុន​ផលិត​យានយន្ត​អឺរ៉ុប (ACEA)​។​

 
​របាយការណ៍​បាន​បង្ហាញថា បណ្តា​ក្រុមហ៊ុន​បារាំង​មាន​ការលក់​ថយចុះ​តិចតួច​ជាងគេ ដែល​ក្នុងនោះ PSA (Peugeot, Citroën, DS, Opel, Vauxhall) ថយ ១,៩​ភាគរយ ខណៈ​ក្រុមហ៊ុន Renault (​រួមជាមួយ Dacia, Lada, Alpine) ថយ​ត្រឹមតែ ០,៧​ភាគរយ​។​
 
​ជាមួយគ្នានេះ ACEA បានលើកឡើង​ពី​តួលេខ​វិជ្ជមាន​នៃ​ការបញ្ចេញ​រថយន្ត​ថ្មី​ប្រមាណ​១,២​លាន​គ្រឿង​នៅលើ​ទីផ្សារ​អឺរ៉ុប​។ នេះ​ក៏​ជា​តួលេខ​ខ្ពស់បំផុត​លើក​ទី​ពីរ​សម្រាប់​ខែមករា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ផងដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ACEA បាន​ព្យាករ​ថា ទីផ្សារ​យានយន្ត​អឺរ៉ុប​ជារួម​សម្រាប់​ឆ្នាំ​២០១៩​នេះ នឹងមាន​ស្ថិរភាព ហើយ​អាច​ឡើង​តិចជាង​១​ភាគរយ ខណៈ​ចំនួន​យានយន្ត​ដែល​លក់​ចេញ អាច​ស្ថិតក្នុង​ចំនួន​ប្រមាណ​១៥​លាន​គ្រឿង​ដដែល​។​
 
​តួលេខ​នៃ​ការធ្លាក់ចុះ បណ្តាលមកពី​មូលហេតុ​ជាច្រើន ដែល​ក្នុងនោះ មាន​ករណី Brexit ដែល​ទាមទារ​ចាក​ចេញពី​អឺរ៉ុប​របស់​អង់គ្លេស រួមទាំង​គោលការណ៍​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការបន្ថយ​ការបំពុល​បរិស្ថាន​។​
 
Volkswagen របស់​អាល្លឺម៉ង់ មាន​វត្តមាន​ច្រើនជាងគេ​លើ​ទីផ្សារ​យានយន្ត​អឺរ៉ុប ប៉ុន្តែ​នៅ​ខែមករា តួលេខ​បាន​ធ្លាក់ចុះ ៦,៥​ភាគរយ​។ ខណៈ Audi, Porsche, Skoda មាន​វាសនា​ដូចគ្នា ក្រុមហ៊ុន Seat បែរជា​ឡើង​តួលេខ​ដល់​៧,៦​ភាគរយ​ទៅវិញ​។​
 
​ក្រុម PSA របស់​បារាំង ដែល​ឈរ​លំដាប់​លេខ​ពីរ មាន​ចំណែក​១៧,១​ភាគរយ​លើ​ទីផ្សារ ប៉ុន្តែ​តួលេខ​រថយន្ត​លក់​ចេញ របស់ Peugeot, Opel/Vauxhall លើកលែងតែ Citroën  មានការ​កើនឡើង ៣,៣​ភាគរយ តាមរយៈ​ម៉ូ​ដែល SUVA (4x4), C5 Aircross និង DS7 Crossback ជាដើម​។​
 
Renault ដែល​ស្ថិតនៅ​លេខ​៣ មានការ​ថយចុះ​តិចតួច ខណៈ Hyundai និង Kia របស់​កូរ៉េខាងត្បូង ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤​លើ​ទីផ្សារ​អឺរ៉ុប បាន​កើន​ការលក់​០,៣​ភាគរយ​នៅ​ខែមករា​។ Ford និង Fiat Chrysler, Daimler និង BMW ក៏​ធ្លាក់ចុះ​តួលេខ​បន្តិចបន្តួច​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com