ជាតិ
រថយន្ត
សង្គមជាតិ
លោក នួន ផារ័ត្ន៖ យើងមិនរង់ចាំទាល់តែចរាចរណ៍កកស្ទះខ្លាំង ទើបដោះស្រាយនោះឡើយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោងមេនៃប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ នៅសណ្ឋាគារសាន់វេ នៅថ្ងៃទី១៨ កុម្ភៈ។
× ភ្នំពេញ៖ បច្ចុប្បន្នមានរថយន្តដែលបានចុះបញ្ជីជិត៥០ម៉ឺនគ្រឿង និងម៉ូតូបានចុះបញ្ជី និងកំពុងចរាចរមានជាង១,៧លានគ្រឿង។ ចំនួននៃរថយន្ត និងម៉ូតូទាំងនេះ បានកា្លយជាបញ្ហាប្រឈម ដែលបាននិងកំពុងជួបប្រទះ ទៅលើការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោងមេ នៃប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ នៅសណ្ឋាគារសាន់វេ នៅថ្ងៃទី១៨ កុម្ភៈ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ការកើនឡើងនៃកំណើនរថយន្តទាំងនេះ វាគឺសញ្ញាដ៏វិជ្ជមានអំពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គមនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែទន្ទឹមគ្នានេះ វាក៏បាននាំមកនូវបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ បើទោះជាការកកស្ទះនេះ មិនធ្ងន់ធ្ងរ ដូចប្រទេសមួយចំនួនក្នុងពិភពលោកក៏ដោយ ប៉ុន្តែអាជ្ញាធរក៏មិនរង់ចាំឲ្យការកកស្ទះកាន់តែអាក្រក់ទើបដោះស្រាយនោះដែរ។ នេះបើតាមប្រសាសន៍របស់លោកអភិបាលរងរាជធានីភ្នំពេញ ដោយលោកបន្តទៀតថា ដើម្បីដោះស្រាយបញ្ហានេះត្រូវមានការចូលរួមពីអាជ្ញាធរផ្ទាល់ អង្គការដៃគូ និងការចូលរួមជាចាំបាច់ពីប្រជាពលរដ្ឋ។
លោក នួន ផារ័ត្ន ថ្លែងដូច្នេះ៖« តួអង្គទាំងនោះមានទីមួយ មន្ត្រីអាជ្ញាធរមានសម្ថកិច្ច ទាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញយើង និងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ។ ទីពីរ យើងត្រូវការដៃគូអភិវឌ្ឍ ដើម្បីធ្វើការរួមគ្នាស្វែងរកដំណោះស្រោយបញ្ចៀសបញ្ហាចរាចរណ៍។ និងទីបី គឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅភ្នំពេញផ្ទាល់តែម្តង ត្រូវចូលរួមសហការ គោរពច្បាប់ ចេះយោគយល់គ្នាក្នុងការធ្វើដំណើរ និងគោរពទៅតាមអ្វីដែលជាបទដ្ឋានការដឹកជញ្ជូនរួម ក៏ដូចជាការដឹកជញ្ជូនសាធារណៈឡានក្រុង និងសេវាដឹកជញ្ជូនរួមផ្សេងៗនៅថ្ងៃមុខ»។
យោងតាមរបាយការណ៍របស់រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus) បច្ចុប្បន្ន មានផ្លូវធ្វើដំណើរចំនួន១៣ខ្សែ ជាមួយរថយន្តសរុប ២៣៥គ្រឿង។ ក្នុងនោះមាន១០០គ្រឿង បានពីជំនួយប្រទេសចិន និង៨០គ្រឿងបានពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការJICA។ ដោយឡែកចំនួនអ្នកជិះរថយន្តសាធារណៈ ចាប់ពីឆ្នាំ២០១៥-២០១៨ មានសរុបជាង១៣លាននាក់។ ក្នុងនោះមានជិះបង់ប្រាក់ជាង ៧,១លាននាក់ និងមិនបង់ប្រាក់មានជិត ៤,៤លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com