ជម្លោះពាក្យសម្តីកើតឡើងជាចំហរវាងរដ្ឋបាលលោក ដូណាល់ ត្រាំ និងមេដឹកនាំអាល្លឺម៉ង់នៅវេទិកាសន្តិសុខក្រុងមុយនិច ចុងសប្តាហ៍កន្លងទៅបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការបែកបាក់គ្នាកាន់តែខ្លាំងរវាងសម្ព័ន្ធមិត្តប្រពៃណី។ មេដឹកនាំអឺរ៉ុបខ្លះបានព្យាករជាមុនថា សម្ព័ន្ធភាពអឺរ៉ុប និងអាមេរិកដែលរឹងមាំចាក់ទឹកមិនលិចនោះនឹងលែងស្អិតល្មួតដូចមុនទៀតហើយនៅពេលអនាគត បើទោះជាមានការប្តូរក្បាលម៉ាស៊ីនដឹកនាំនៅអាមេរិកក្តី។ ឯអ្នកជំនាញខ្លះក៏ព្រមានជាមុនដែរថា ទំនាក់ទំនងប្រេះឆារវាងសម្ព័ន្ធមិត្តនេះនឹងបើកទ្វារកាន់តែធំសម្រាប់មហាអំណាចដូចជាចិន និងរុស្ស៊ីទាញប្រយោជន៍ និងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៀត។
ខុសពីសព្វមួយដងនាវេទិកាសន្តិសុខអន្តរជាតិទីក្រុងមុយនិចឆ្នាំ ២០១៩ សប្តាហ៍មុន លោកស្រី អេនជេឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់បានផ្តល់សុន្ទរកថា ទិតៀនខ្លាំងៗ និងព្រមានពីគ្រោះថ្នាក់ដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនិយមរបស់មហាអំណាចជាដៃគូជាពិសេសរដ្ឋបាលអាមេរិកដោយគ្មានការប្រឹក្សាយោបល់ និងមិនខ្វល់ពីប្រយោជន៍សម្ព័ន្ធមិត្ត។
មេដឹកនាំអាល្លឺម៉ង់រូបនេះបានលើកយកបញ្ហាដែលកើតមានកន្លងមកដូចជាការប្រកាសដកទ័ពអាមេរិកពីស៊ីរី និងអាហ្វហ្គានីស្ថាន រួមជាមួយនិងការដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរចម្ងាយមធ្យមជាមួយរុស្ស៊ីឆ្នាំ ១៩៨៧ក្នុងរដ្ឋបាលដឹកនាំរបស់លោក រ៉ូណាល់ រីហ្គែន ផងនោះជាឧទាហរណ៍ផង។
ស្ត្រីខ្លាំងអាល្លឺម៉ង់បាននិយាយទាំងក្តីបារម្ភថា អឺរ៉ុបអង្គុយនៅទីនេះដើម្បីរងចាំចាំទទួលរងផលប៉ះពាល់ ហើយការដកទ័ពចេញពីស៊ីរីមិនខុសពីជួយឲ្យរុស្ស៊ី និងអ៊ីរ៉ង់កាន់តែឡើងចាងក្នុងសង្គ្រាមស៊ីរីឡើយ។ គួរឲ្យកត់សម្គាល់ប្រមុខការទូតបារាំង Jean-Yves Le Drian ដោយមិនបានបង្អង់យូរទេ ប្រញាប់គាំទ្រការយល់ឃើញរបស់មេដឹកនាំអាល្លឺម៉ង់ដែរ។
-ប្តូរជំហរនយោបាយការបរទេសរបស់អាមេរិកប៉ះពាល់សម្ព័ន្ធភាពជាមួយអឺរ៉ុបខ្លាំង
ដោយឡែក ក្នុងវេទិកាជាមួយគ្នានេះដែរ អនុប្រធានាធិបតិ ម៉ៃ ផេន ដែលតំណាងឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បន្តសុន្ទរកថាក្រោយលោកស្រីនោះ ហាក់មិនខ្វល់ពីសម្តីរបស់មេដឹកនាំអឺរ៉ុបឡើយ។ មេដឹកនាំអាមេរិករូបនេះថែមឆ្លៀតទាមទារទាំងបង្ខំឲ្យរដ្ឋអឺរ៉ុបដកខ្លួនចេញជាប្រញាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JPCOA) ឆ្នាំ ២០១៥ ទៀតដើម្បីកៀបអ៊ីរ៉ង់។
សូមទាញការចាប់អារម្មណ៍បន្តិចដែរថា មុនមកដល់មុយនិច លោក ផេន បានចូលរួមក្នុងវេទិកាសន្តិសុខនៅវ៉ាសូវី ប៉ូឡូញ ដែរ ហើយក្នុងពេលនោះមេដឹកនាំរូបនេះថែមប្រើវេទិកានេះវាយប្រហារជាចំហលើរដ្ឋអឺរ៉ុប បារាំង អង់គ្លេស និងអាល្លឺម៉ង់ និងចោទថាមហាអំណាចទាំងនេះកំពុងប៉ុនប៉ងបំផ្លាញទណ្ឌកម្មអាមេរិកដែលដាក់ឡើងវិញប្រឆាំងអ៊ីរ៉ង់ទៀត។ គ្មានវត្តមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសមេដឹកនាំអឺរ៉ុបនៅវេទិកាក្រុងវ៉ាសូវីឡើយ ដោយសារគេដឹងមុន និងមិនចង់ច្រឡូកច្រឡំមាត់ជាមួយអាមេរិករឿងអ៊ីរ៉ង់នេះផង។ កន្លងមក រដ្ឋអឺរ៉ុបខឹងសម្បារមិនស្ទើរទេ ដ្បិតទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់កន្លងមកធ្វើទុក្ខក្រុមហ៊ុនអឺរ៉ុបខ្លាំងណាស់។
ឆ្លើយតបនឹងការទាមទាររបស់សម្ព័ន្ធមិត្ត លោកស្រី មឺហ្គែល បានបញ្ជាក់ច្បាស់ៗជាថ្មីថា រដ្ឋអឺរ៉ុបជាសម្ព័ន្ធមិត្តអាមេរិកនៅតែបន្តចាត់ទុកថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិដ៏សំខាន់បំផុតមួយដែលអាចធានាសន្តិសុខអឺរ៉ុប និងអាចរក្សាបាននូវការរីកសាយភាពនៃអាវុធនុយក្លេអ៊ែរលើសាកលលោកថែមទៀត។
ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក ផេន ព្យាយាមអួតសរសើរមិនដាច់ពីមាត់ពីការដឹកនាំរបស់ចៅហ្វាយនាយខ្លួនកន្លងមកក្នុងការស្ដាភាពជាអ្នកដឹកនាំរបស់អាមេរិកលើប្រទេសលោកខាងលិចថែមទៀតនាវេទិកាសន្តិសុខដ៏តឹងតែងនេះ។ ប៉ុន្តែគួរឲ្យសោកស្តាយ គ្មានអ្នកណាយល់ស្របនឹងការលើកឡើងនេះឡើយ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន New York Times របស់អាមេរិកបានស្រង់សម្តី តំណាងរាស្ត្រហូឡង់ដែលជាសមាជិកសភាអឺរ៉ុប Marietje Schaake ថា រដ្ឋអឺរ៉ុបចាត់ទុករដ្ឋបាលអាមេរិកបច្ចុប្បន្នជាដើមហេតុដែលបង្កឲ្យមានបញ្ហាតានតឹង និងធ្វើឲ្យលោកខាងលិចអន់ខ្សោយខ្លាំងទៅវិញទេ។
តាមពិតទៅ សម្តីរិះគន់ និងដាក់គំនាបលើអឺរ៉ុបដោយតាំងខ្លួនដូចជាមេកើយជាជាងសម្ព័ន្ធមិត្ត របស់លោក ផេន អាចឲ្យគេកាត់ន័យយល់បានថា សរសរស្តម្ភនៃនយោបាយការបរទេសអាមេរិកបច្ចុប្បន្នផ្លាស់ប្តូរទាំងស្រុងដោយផ្អែកលើមូលដ្ឋានសំខាន់ៗមួយចំនួនគឺ តម្កល់ប្រយោជន៍ខ្លួនជាធំ, ធ្វើឲ្យអ៊ីរ៉ង់ឯកោរ, ទប់ស្កាត់ឲ្យបាននូវការត្រដែតឡើងរបស់មហាអំណាចដូចជាចិន និងរុស្ស៊ី, នាំទ័ពអាមេរិកត្រឡប់មកអាមេរិកវិញ និងទាមទារឲ្យមហាអំណាចអឺរ៉ុបធ្វើតាមការចង់បានរបស់ខ្លួនដោយទទួលខុសត្រូវចំពោះសន្តិសុខខ្លួនឯងវិញ។
យ៉ាងណាមិញ ផលប៉ះពាល់ដែលបង្កឡើងដោយការប្តូរជំហរនយោបាយការបរទេសនឹងធ្វើឲ្យសម្ព័ន្ធភាពដែលមានរាប់ចាប់ពីចប់សង្គ្រាមលោកលើកទីពីរកាន់តែឃ្លាតឆ្ងាយ និងបើកចំហទ្វារសម្រាប់មហាអំណាចខាងក្រៅដូចជា ចិន និងរុស្ស៊ី ទាញប្រយោជន៍ខ្លាំងថែមទៀតផង។ របាយការណ៍ស្ទង់មតិដែលចងក្រងឡើងដោយ Pew Research Center បង្ហាញ ប្រជាជនអាល្លឺម៉ង់បច្ចុប្បន្នជឿជាក់ថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន ស៊ី ជិនភីង អាចដឹកនាំនិងដោះស្រាយកិច្ចការពិភពលោកប្រសើរជាងលោក ដូណាល់ ត្រាំ ឆ្ងាយ។ វាក៏មានន័យថា ប្រជាជនអឺរ៉ុបកាន់តែទុកចិត្តលើរុស្ស៊ី និងចិន ជាងទុកចិត្តអាមេរិកដែរ។
-គ្មានផ្លូវត្រឡប់ក្រោយនៃសម្ព័ន្ធភាពជិតស្និទ្ធរវាងអឺរ៉ុប និងអាមេរិក?
របាយការណ៍សន្និសីទសន្តិសុខក្រុងមុយនិចបានវាយតម្លៃថា ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលនៃប្រទេសអំណាចដូចជា ចិន រុស្ស៊ី និងអាមេរិកនោះ គ្មានប្រទេសណាមួយដែលមានឆន្ទៈ និងមានសមត្ថភាពចេញមុខការពារសណ្តាប់ធ្នាប់អន្តរជាតិឡើយ។
វារឹតតែជាបញ្ហាធំទៅទៀត នៅពេលដែលមហាអំណាចអាមេរិកដែលធ្លាប់ជាអ្នកការពារសម្ព័ន្ធនិងសណ្តាប់ធ្នាប់សេរីនោះ បែរខ្នងទៅអនុវត្តនយោបាយឯកតោភាគីនិយម និងខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួននោះ។
យ៉ាងណាក៏ដោយ មេដឹកនាំរដ្ឋអឺរ៉ុបខ្លះនៅតែបង្ហាញសុទិដ្ឋិយមថា គ្រប់យ៉ាងនឹងត្រឡប់ទៅរកស្ថានភាពដើមវិញពេលដែលមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅសេវិមានអាមេរិក។ រដ្ឋទាំងនោះកំពុងរង់ចាំដោយការអត់ធ្មត់ក្នុងរយៈពេលពីរឆ្នាំទៀត ដោយមិនហ៊ានបញ្ចេញឥរិយាបថ ឬពាក្យសម្តីណាមួយដែលប៉ះពាល់ដល់លោក ត្រាំ ឬនយោបាយការបរទេសជារួមឡើយ ព្រោះអាចនឹងបណ្តាលឲ្យបញ្ហាកើតឡើងកាន់តែធ្ងន់ធ្ងរ។
ប៉ុន្តែមេដឹកនាំអឺរ៉ុបខ្លះទៀតព្យាករថា សម្ព័ន្ធភាពរវាងអាមេរិក និងអឺរ៉ុប លែងត្រឡប់មករកស្ថានភាពដើម ទៀតហើយ បើទោះវានឹងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅអាមេរិកក៏ដោយចុះ។
លោក Norbert Röttgen ប្រធានគណៈកម្មាធិការការបរទេសនៃសភាអាល្លឺម៉ង់បាននិយាយដូច្នេះ៖ «នៅសម័យក្រោយការដឹកនាំរបស់លោក ត្រាំ វានឹងមានមិនមានការត្រឡប់ក្រោយវិញទេនៃសម្ព័ន្ធភាពជិតស្និទ្ធរវាងអឺរ៉ុប និងអាមេរិកដូចមុនការឡើងកាន់អំណាចរបស់លោក ត្រាំ ឡើយ។ ស្ថានភាពដែលធ្លាប់កើតមានគឺ អាមេរិកធ្លាប់ជាអ្នកឃុំគ្រង និងការពារសន្តិសុខអឺរ៉ុបទាំងមូល។ ប៉ុន្តែវានឹងមិនកើតមានឡើងវិញឡើយ»៕