នៅក្នុងវេយ្យាករណ៍ខ្មែរ បានបញ្ជាក់ពី ការប្រើប្រាស់សំយោគសញ្ញា ឬវណ្ណយុត្តិផាត់លើ «័» នេះដូចខាងក្រោម៖
វណ្ណយុត្តិផាត់លើ«័» នេះ គេប្រើសម្រាប់លម្អៀងសព្ទរបស់ពាក្យក្លាយមកពីភាសាបាលី និងសំស្ក្រឹត ដូចជា៖ វិន័យ, និស្ស័យ, សង្ស័យ, អនាម័យ,ការិយាល័យ, អគ្គិភ័យ, ភ័យ, ជ័យ, អាល័យ, ន័យ, អាស្រ័យ, អធ្យាស្រ័យ, ព័ត៌មាន, ព័ទ្ធ,ពិព័រណ៍, ព័ណ៌នា, ព័ស្តុ, កុលសម្ព័ន្ធ ជាដើម។
ជាមួយគ្នាផងដែរ វណ្ណយុត្តិផាត់លើ «័» នេះប្រើសម្រាប់ពាក្យខ្លះដែលមានសំឡេង ស្ទើរស្រៈ «អ» ឬ«អា» ដើម្បីឲ្យមានសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យ។ ឧទាហរណ៍៖ ញ័រ, ជ័រ, ទំព័រ, ព័ណ៌, ព័រ ។ល។
ម្យ៉ាងទៀតគេប្រើ វណ្ណយុត្តិផាត់លើ «័» ដើម្បីសម្រួលសំឡេងក្លាយពីពាក្យបទេសខ្លះៗ ដូចជាពាក្យ ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ, កុងតឺន័រ, ម៉ាស្ទ័រ។ល៕