ជាតិ
សេដ្ឋកិច្ច
ខេត្តកំពង់ចាម អាចផលិតមាន់សាច់ លក់ចែកចាយទូទាំងប្រទេសបាន ជាង២៣ម៉ឺនក្បាលក្នុងមួយខែ រូបភាពបានពី ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ បច្ចុប្បន្នខេត្តកំពង់ចាម បានពង្រីកការចិញ្ចឹមមាន់ខ្នាតឧស្សាហកម្មបានចំនួន២៦រោង។ រោងចិញ្ចឹមមាន់ទាំងនេះ មានសមត្ថភាពផលិតមាន់សាច់ និងលក់ចែកចាយនៅតាមបណ្តាខេត្តទូទាំងប្រទេស ជាមធ្យមបានជាង២៣,៦ម៉ឺនក្បាលក្នុងមួយខែ ដោយលក់បានតម្លៃពី៥ ពាន់ទៅ៨ពាន់រៀល ក្នុងមួយគីឡូក្រោម។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិ។
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាននិយាយថា ទ្រុងមាន់ខ្នាតឧស្សាហកម្មចំនួន ២៦រោង អាចចិញ្ចឹមមាន់បានពី១២,០០០ ដល់ ១៦,០០០ ក្បាលក្នុងមួយរោង។ ដោយឡែករោងនីមួយៗ មានតម្លៃពីជិត១០ម៉ឺន ទៅ ជាង១០ម៉ឺនដុល្លារ។
លោក ម៉េងហ៊ាង បានបន្តថា បច្ចុប្បន្នទូទាំងខេត្តកំពង់ចាម មានរោងចិញ្ចឹមសត្វមាន់ខ្នាតធំ ចិញ្ចឹមតាមបែបឧស្សាហកម្ម ដោយសារមានក្រុមហ៊ុនស៊ីភី និងក្រុមហ៊ុន បេតាហ្គ្រោ បានមកសហការជាមួយប្រជាពលរដ្ឋខ្មែរ ដែលមានដើមទុនច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះមានក្រុមហ៊ុនស៊ីភី មានរោងចិញ្ចឹមមាន់ច្រើនជាងគេទៅដល់២៣រោង ភាគច្រើននៅស្រុកកំពង់សៀម និងស្រុកបាធាយ។ ដោយឡែក រោងចិញ្ចឹម៣ទៀត របស់ក្រុមហ៊ុនបេតាហ្គ្រោ មាននៅក្នុងស្រុកចម្ការលើ និងស្រុកព្រៃឈរ៕
Tag:
កសិកម្ម
មាន់
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com