ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម ដោយ​គ្រាន់តែ​ទទួលទាន​តែ​រុក្ខជាតិ​ទាំងនេះ​
19, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកដឹង​ទេ​ថា​ឃាតករ​លាក់​មុខ​នៅ​ទូទាំង​ពិភពលោក គឺ​ជំងឺ​បេះដូង​? ហើយ​មួយ​ក្នុងចំណោម​មូលហេតុ​ដទៃទៀត​ដែល​បង្ក​ជំងឺ​នេះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ ដោយ​គ្រាន់តែ​ទទួលទាន​តែ​រុក្ខជាតិ​បែប​ធម្មជាតិ​មួយចំនួន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​តែ​រុក្ខជាតិ​ដែល​បញ្ចុះ​សម្ពាធ​ឈាម ក៏ដូចជា​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ ៖
 
១. តែ​ខ្ញី 
 
​ក្រៅពី​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​ដោះស្រាយ​បញ្ហា​ចង្អោរ​ចង់​ក្អួត​, ពិបាក​រំលាយ​អាហារ​, ក្អួត និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន​យ៉ាង​ប្រសើរ​ហើយ​នោះ តែ​ខ្ញី​ក៏មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។​
 
២. តែ​រមៀត​
 
​ក៏​មិន​ខុសពី​ខ្ញី​ដែរ រមៀត​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​តែ​រមៀត​ជាប្រចាំ​។ ក្រៅពី​ទប់ទល់​បញ្ហា​សម្ពាធ​ឈាម តែ​ខ្ញី​ក៏​ជួយ​បំបាត់​អា​ការៈឈឺ​សាច់ដុំ និង​ដោះស្រាយ​បញ្ហា​ហើម​ឈឺសន្លាក់​ផងដែរ​។​
 
៣. តែ​ជី​នាងវង​
 
​ការទទួល​ទាន​តែ​ជី​នាងវង​ឱ្យបាន​ទៀងទាត់ និង​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ ហើយ​នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ eugenol​។​
 
៤. តែ​ខ្ទឹមស​
 
​តែ​ខ្ទឹមស ជួយ​រក្សា​សុខភាព​សរ​សៃ​ឈាម​បេះដូង និង​សម្ពាធ​ឈាម​ល្អប្រសើរ ដោយ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​បញ្ហា​រលាក​ផ្សេងៗ​ក្នុង​សរសៃឈាម​, កាត់បន្ថយ​សម្ពាធ​ឈាម ក៏ដូចជា​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​ទប់ស្កាត់​ការបំផ្លាញ​ដល់​ជ​ញ្ចាំ​ង​ខាង​ក្នុងនៃ​សរសៃឈាម​ផងដែរ​។​
 
៥. តែ​ឈើអែម​
 
​ឈើអែម​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក និង​សមាសធាតុ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ក៏ដូចជា​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​លក្ខណៈ​ធម្មតា​ផងដែរ​។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​តែ​ឈើអែម​ជាប្រចាំ ប្រសិនបើ​ចង់​បញ្ចុះ​សម្ពាធ​ឈាម ក៏ដូចជា​កាត់បន្ថយ​ក​ម្រិ​តនៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
​ទោះជា​យ៉ាងណា តែ​រុក្ខជាតិ​មួយចំនួន​ខាងលើ​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រកបដោយ​ប្រសិទ្ធិភាព​បាន​លុះត្រាតែ​អ្នកមាន​របប​អាហារ​ត្រឹមត្រូវ និង​តែង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ក៏​កុំ​ភ្លេច​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន ប្រសិនបើ​អ្នក​ចង់​ទទួលទាន​តែ​រុក្ខជាតិ​ណាមួយ ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​។ ហើយក៏​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុននឹង​ទទួលទាន​តែ​រុក្ខជាតិ​ទាំងនេះ​ដែរ ប្រសិនបើ​អ្នក​កំពុងមាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com