ជាតិ
ស្រូវប្រាំង​ជាង​៦០​ហិកតា​នៅ​សៀមរាប កំពុង​រង​ការបំផ្លាញ​ដោយ​សត្វ​មមាច​ត្នោត​
19, Feb 2019 , 9:35 am        
រូបភាព
រូបភាពបានពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
រូបភាពបានពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
​ភ្នំពេញ​៖ ស្រែ​ស្រូវប្រាំង​ប្រមាណ​៦៥​ហិកតា នៅក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុង​រង​ការបំផ្លាញ ពី​សត្វ​មមាច​ត្នោត​។ ស្រូវ​ទាំងនោះ កំពុងស្ថិត​ក្នុងដំណាក់កាល​ហាល​ផ្កា និង​ដាក់​ម្ស៉ៅ ហើយ​ភាគច្រើន​ស្រែ​ស្រូវ គឺ​គ្មាន​ទឹក​។​

 
​បើតាម​សម្តី​របស់លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ ការផ្ទុះ​ឡើង​នៃ​មមាច​ត្នោត ក្នុងស្រុក​ជីក្រែង​នេះ បណ្តាលមកពី​ឆ្លង​រាលដាល​ពី​ខេត្តកំពង់ធំ​។ លោក បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៨ កុម្ភៈ ដូច្នេះ​ថា កាលពី​មួយខែ ឬ​ពីរ​ខែ​មុន មមាច​ត្នោត​នេះ បាន​ផ្ទុះឡើង​នៅក្នុង​ដីស្រែ​មួយចំនួន​ក្នុង​ខេត្តកំពង់ធំ​។ អ៊ីចឹង​ដល់ពេល​ដែល​ខេត្តកំពង់ធំ​ច្រូតកាត់​អស់ហើយ វា​អាច​រៀលដាល​បន្ត​គ្នា​មកដល់​តំបន់​ដែលជា​ប់​ព្រំប្រទល់​ស្រុក​-​ខេត្ត​។ ជាក់ស្តែង គឺ​កំពុង​កើតឡើង​ក្នុងស្រុក​ជីក្រែង​នេះ​តែម្តង​។​
 
​ប្រធាន​មន្ទីរ​រូបនេះ បាន​បញ្ជាក់ថា​៖«​ស្រូវប្រាំង ដែល​មមាច​ត្នោត​បាន​បំផ្លាញ​នោះ មាននៅ​ក្នុង​ឃុំ​ស្ពាន​ត្នោត​៣៥​ហិច​តា និង​ឃុំ​អន្លង់​សំណរ​៣០​ហិច​តា​។ ហើយ​មកដល់ពេលនេះ​មិនទាន់​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ទេ ព្រោះ​មាន​អន្តរាគមន៍​ពី​កងកម្លាំង​មន្ទីរ​កសិកម្ម​ខេត្ត ពី​ក្រុមហ៊ុន​ឯកជន ក្នុងការ​ផ្តល់​ថ្នាំ​បាញ់​ដល់​ប្រជាកសិករ ដើម្បី​កម្ចាត់​សត្វ​ទាំងនោះ​ភ្លាមៗ​។ ប៉ុន្តែ​មាន​ប្រជាកសិករ​មួយចំនួនធំ កំពុងតែ​ចាញ់​ថ្នាំ​កម្ចាត់​មមាច​ត្នោត ដោយ​ខ្លួនឯង​ផងដែរ​»​។​
 
​លោក​បាន​បន្តថា មមាច​ត្នោត​នេះ កើតឡើង​ដោយសារ​ប្រជាកសិករ​មួយចំនួន មិនបាន​ពិនិត្យមើល​ស្រូវ​របស់ខ្លួន​ឲ្យ​បាន​ដិតដល់​។ ម្យ៉ាងវិញទៀត រដូវ​នេះ ជា​រដូវ​ខ្វះ​ទឹកភ្លៀង និង​ទឹក​ក្នុង​ស្រែ រួមផ្សំ​ជាមួយ​អាកាស​ក្តៅ​ទៀត បានធ្វើ​ឲ្យ​មានការ​ផ្ទុះឡើង​នូវ​សត្វ​មមាច​ត្នោត​បែបនេះ ព្រោះ​មមាច​ត្នោត​នេះ កាលណា​ស្រែ​ដែល​អស់​ទឹក វា​នឹង​ឡើង​ស៊ី ឬ​បំផ្លាញ​ហើយ​៕

Tag:
 កសិកម្ម​
  ស្រូវប្រាំង​
  មមាច​ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com