អន្តរជាតិ
​រដ្ឋ ១៦ ចេញមុខ​ប្តឹង​ប្រធានាធិបតី​ត្រាំ ដែល​ហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​ប្រកាស​ភាពអាសន្ន​ជាតិ
19, Feb 2019 , 10:23 am        
រូបភាព
​រដ្ឋ ១៦ ប្តឹង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការប្រកាស​ភាពអាសន្ន​ជាតិ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​ភាគខាងត្បូង​។ តំណាង​រដ្ឋ​ទាំង ១៦ បាន​ចោទប្រកាន់ថា ប្រធានាធិបតី​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ ដើម្បី​បង្កើន​អំណាច​ផ្ទាល់ខ្លួន​។ 


 
​ដូច​រំពឹងទុក​បណ្តឹង​ប្រឆាំងនឹង​ការសម្រេច​របស់​ប្រធានាធិបតី ត្រាំ ដែល​ប្រកាស​រដ្ឋ​ក្នុង​ភាពអាសន្ន​កាលពី​សប្តាហ៍​មុន​កំពុង​កើន​ឡើងជា​លំដាប់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បច្ចុប្បន្ន​បណ្តឹង​ពីរ​ដ្ឋ​មាន​រហូតដល់ ១៦​ទៅហើយ​។​
 
​កាលីហ្វ័រ​នីញ៉ា និង​ញូវយ៉ក​ចាប់ផ្តើម​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​សហព័ន្ធ​ដំបូង​គេ​ដោយ​អះអាងថា ប្រធានាធិបតី​កំពុងតែ​រំលោភ​អំណាច បំពាន​មាត្រា​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ មាត្រា​នោះ​ចែងថា ស្ថាប័ន​នីតិបញ្ញត្តិ​ជា​ស្ថាប័ន​ចុងក្រោយ​ដែលមាន​អំណាច​សម្រេច​ផ្តល់​ឬ​មិន​ផ្តល់​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​។​
 
 អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា Xavier Becerra ដែលជា​អ្នកតំណាង​រៀបចំ​បណ្តឹង​បានបញ្ជាក់​ច្បាស់​ថា រដ្ឋ​របស់លោក​សម្រេច​ប្តឹង​ដោយ​សម្អាង​លើ​ហេតុផល​សំខាន់​ផ្សេងទៀត​ដូចជា​ការ​ហានិភ័យ​នៃ​ការបាត់បង់​ថវិកា​សម្រាប់​ប្រើប្រាស់​គាំទ្រ​គម្រោង​យោធា​, ឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ដោះស្រាយ​បញ្ហាសំខាន់ៗ​ផ្សេងទៀត​ដែរ​។ 
 
​ក្រៅពី​កាលីហ្វ័រ​នីញ៉ា និង​ញូវយ៉ក គេ​ឃើញ​មាន​រដ្ឋ ១៤ ផ្សេងទៀត​ដែល​ដាក់ពាក្យ​ប្តឹង​ដូចជា Colorado, Connecticut, Delaware, Hawaii, Illinois, Maine, Maryland, Michigan, Minnesota, Nevada, New Jersey, New Mexico, Oregon និង Virginia​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បណ្តឹង​របស់​រដ្ឋ​ខាងលើ​បាន​អះអាង​ច្បាស់ៗ​ថា ការប្រើប្រាស់​ថវិកា​សហ​ព័ន្ធ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​គឺ​ផ្ទុយ​នឹង​គោលបំណង​របស់​សភា ហើយ​វា​បំពាន​រដ្ឋធម្មនុញ្ញ​ជាពិសេស​មាត្រា​ដែល​ចែង​ពី​នីតិវិធី​ក្នុងការ​អនុម័ត​ច្បាប់ និង​មាត្រា​ពាក់ព័ន្ធ​ផង​។​
 
 បណ្តឹង​នោះ​ចោទប្រកាន់​បន្ថែមថា លោក ត្រាំ កំពុង​បង្កើន​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ តាមរយៈ​ការសម្រេច​របស់ខ្លួន​នេះ ដ្បិត​សភា​បានសម្រេច​ច្បាស់លាស់​ម្តង​ជា​ពីរដង​ហើយ​ថា គ្មាន​ថវិកា​សម្រាប់​ការសង់​ជញ្ជាំង​នេះឡើយ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​បណ្តឹង​ដដែល​នោះ រដ្ឋ​សាមី​ក៏បាន​ប្តឹង​ក្រសួង​សន្តិសុខ​មាតុភូមិ​ផងដែរ​ជុំវិញ​ការបំពាន​លើ​ច្បាប់​ការពារ​បរិស្ថាន​ជាតិ ដោយសារ​មិន​អើពើ​និង​មិនបាន​សិក្សា​លម្អិត​ឡើយ​ពី​ផលប៉ះពាល់​លើ​បរិស្ថាន​ដែល​បង្កឡើង​ដោយ​ការសង់​ជញ្ជាំង​ព្រំដែន​ជាពិសេស​ផលប៉ះពាល់​លើ​រដ្ឋ​ធំៗ​ពីរ​មាន​កាលីហ្វ័រ​នីញ៉ា និង​រដ្ឋ New Mexico​។ 
 
​ក្រៅពី​មាន​បណ្តឹង​ពីរ​ដ្ឋ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់​បាន​ទិតៀន​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ក្នុង​ការប្រកាស​ភាពអាសន្ន​ជាតិ ដោយ​គេ​ចាត់ទុកថា ប្រធានាធិបតី​កំពុង​បង្កើត​ស្ថានភាព​គ្រោះថ្នាក់ និង​រំលោភ​អំណាចនីតិប្រតិបត្តិ​ផងដែរ​។​
 
  អ្នក​រិះគន់​ខ្លះ​បាន​វាយតម្លៃ​ផងដែរ​ចំពោះ​អនាគត​ខាងមុខ​នៅពេលដែល​អាមេរិក​មាន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​វិញ​ម្តង​។ ប្រធានាធិបតី​ថ្មី​ក៏​ប្រហែលជា​នឹង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដូចគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ដូចជា​ការគ្រប់គ្រង​អាវុធ និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផងដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ លោក ត្រាំ បានបង្ហាញ​សុទិដ្ឋិនិយម​កន្លងមក ដោយ​សន្ម​ត់​ជាមុន​ថា បណ្តឹង​ប្រឆាំង​ចំណាត់ការ​របស់លោក​នឹងមិន​ជោគជ័យ​ទេ​នៅ​តុលាការ​កំពូល ហើយ​លោក​នឹង​នៅតែមាន​អំ​ណាប​ន្ត​អនុវត្ត​គោលនយោបាយ​ក្រោម​ច្បាប់​ស្តីពី​ភាពអាសន្ន​ជាតិ​ដដែល​៕
 

Tag:
 ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ​
  នីតិប្រតិបត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com