អន្តរជាតិ
វៀតណាម​ដាក់​គោលដៅ​នាំចេញ​គ្រឿង​សមុទ្រ​១០​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​
19, Feb 2019 , 7:19 pm        
រូបភាព
ដោយ:
​វៀតណាម​សង្ឃឹម​នឹង​នាំចេញ​គ្រឿង​សមុទ្រ​ឲ្យ​បាន ១០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​។ យ៉ាងណាមិញ គោលដៅ​នេះ​គឺ​ទំនងជា​ពិបាក​​ទទួលបាន​ជោគជ័យ ព្រោះថា​សហភាព​អឺរ៉ុប​បានផ្តល់​កាត​លឿង​ដល់​វៀតណាមលើ​ការធ្វើ​នេសាទ​ខុសច្បាប់​។

 
​សមាគម​ផលិត​និង​នាំចេញ​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា ខ្លួន​ដាក់​គោលដៅ​នាំចេញ​គ្រឿង​សមុទ្រ​ឲ្យ​បាន ១០​ពាន់​លាន​ដុល្លារ ក្នុងនោះ​រាប់បញ្ចូល  បង្គា​ប្រមាណ ៤,២​ពាន់​លាន​ដុល្លារ​, ត្រី​សមុទ្រ​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ និង​ផលិតផល​ផ្សេងៗ​ទៀត​។ 
 
​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​វៀតណាម លោក Nguyen Xuan Cuong និយាយថា គោលដៅ​នាំចេញ​ចំនួន ១០​ពាន់​លាន​ដុល្លារ​នេះ​គឺ​ខ្ពស់​ប៉ុន្តែ​អាច​សម្រេច​ទៅបាន ដ្បិតថា​គ្រឿង​សមុទ្រ​វៀតណាម​ពេញនិយម​បំផុត​ក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express ។​
 
​ទ​ន្ទឺ​ម​នឹង​គ្នា​នេះ ប្រធាន​សមាគម​អ្នក​ផលិត​និង​នាំចេញ​គ្រឿង​សមុទ្រ​វៀតណាម លោក  Ngo Van Ich និយាយថា ការនាំចេញ​បង្គា​ទៅកាន់​សហរដ្ឋអាមេរិក​អាច​ប្រឈមមុខ​នឹង​ការយកពន្ធ​ខ្ពស់ជាង​មុន​ក្នុងឆ្នាំនេះ​។ ទោះបីជា​បែបនេះ​ក្តី ការចូល​ជា​សមាជិក​របស់​វៀតណាម​ក្នុង​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ និង​ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក៏​នឹង​ជួយ​បង្កើន​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​បរទេស​ផងដែរ​។ 
 
​ប៉ុន្តែ​វា​ក៏មាន​ឧបសគ្គ​ផងដែរ ដ្បិត​វៀតណាម​ជួបប្រទះ​នឹង​ការលំបាក​មួយចំនួន​រួមមាន ការធ្លាក់ចុះ​នៃ​ផល​នេសាទ និង​ការប្រកួតប្រជែង​ដ៏​តានតឹង​ជាមួយនឹង​ប្រទេស​នាំចេញ​គ្រឿង​សមុទ្រ​ផ្សេងៗ​ទៀត​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ វៀតណាម​ត្រូវបាន​សហភាព​អឺរ៉ុប​ដាក់ពិន័យ​កាត​លឿង ចាប់តាំងពី​ឆ្នាំ​២០១៧ សម្រាប់​ការធ្វើ​នេសាទ​ខុសច្បាប់​។ 
 
​គណៈកម្មការ​អឹ​រ៉ុ​ប​ធ្លាប់បញ្ជាក់ថា ខ្លួន​នឹង​ហាមឃាត់​ការនាំ​ចូល​គ្រឿង​សមុទ្រ​ពី​វៀតណាម ប្រសិនបើ​វៀតណាម​មិន​ព្រម​ចេញមុខ​ដោះស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ ដោយ​បញ្ឈប់​រាល់​ទូក​នេសាទ​វៀតណាម​ចូលទៅ​ដែនទឹក​របស់​ប្រទេស​ដ៏​ទៃ​។ ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការវាយតម្លៃ​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ពិចារណា​ដក​កាត​លឿង​ពី​វៀតណាម​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
​សូមបញ្ជាក់ថា វៀតណាម​ជាប់​ចំណាត់ថ្នាក់ខ្ពស់​ក្នុងចំណោម​ប្រទេស​ផលិត​គ្រឿង​សមុទ្រ​ធំ​ទាំង​១០​លើ​ពិភពលោក​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ទទួលបន្ទុក​ផ្នែក​អាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​។ កាលពី​ឆ្នាំ​២០១៨ ការនាំចេញ​របស់​វៀត​ណា​ម​មាន​ចំនួន ៩​ពាន់​លាន​ដុល្លារ ទាប​ជាង​គោលដៅ​ដែល​បានដាក់​ចេញ ៩,៥​ពាន់​លាន​ដុល្លារ​៕
 

Tag:
 ​វៀតណាម​
  ការនាំចេញ​
  គ្រឿង​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com