ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​គ្រោង​ស្នើ​ចុះបញ្ជី​ម៉ាក​សម្គាល់​ក្រូចពោធិ៍សាត់ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​
19, Feb 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​គ្រោង​ស្នើ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ក្រូចពោធិ៍សាត់ ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ និង​លើ​កម្ពស់​តម្លៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បា​និយាយថា ក្រសួង​បាន​សិក្សា​រួចហើយ លើ​កសិផល​ក្រូចពោធិ៍សាត់​ក្នុង​ខេត្តពោធិ៍សាត់ និង​បាត់ដំបង ដែល​អាច​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ​។ បើតាម​លោក ស៊ា​ង ថៃ នៅពេល​ចុះបញ្ជី​សម្គាល​ម៉ាក​រួចរាល់ កសិករ​នឹង​ងាយស្រួល​នាំ​ក្រូចពោធិ៍សាត់ ចេញទៅ​ទីផ្សារ​ក្រៅប្រទេស និង​ជួយ​ការពារ​ផលិតផល​របស់​កសិក​រ មិន​ឲ្យ​មានការ​ក្លែងបន្លំ ព្រមទាំង​ទទួលបាន​តម្លៃ​ថ្លៃ​ជាង​សព្វថ្ងៃ​ផងដែរ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« កាលណា​ចុះបញ្ជី​បាន​តម្លៃ​ក្រូច​នេះ វា​អាច​លក់បាន​ថ្លៃ​ជាង​ពេល​មិនមាន​ឈ្មោះ​សម្គាល់​ភូមិសាស្ត្រ​ត្រឹមត្រូវ វា​ដូចនឹង​ម្រេច​កំពត​ជាដើម លក់​នៅ​អឺរ៉ុប​ថ្លៃ​ណាស់​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​បានរៀបចំ​សិក្ខាសាលា​ជាមួយ​សមាគមន៍​ក្រូចពោធិ៍សាត់ និង​កសិករ​ក្នុង​ខេត្តពោធិ៍សាត់ និង​បាត់ដំបង ដើម្បី​ពិភាក្សា​លើ​បញ្ហា​នានា ទាក់ទង​នឹង​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ និង​ស្តាប់​យោបល់​របស់​កសិករ​។ ក្រោយ​បញ្ចប់​សិក្ខាសាលា កសិករ​ក៏បាន​បង្ហាញ​ជំហរ​ថា ពួកគេ​ចង់​ចុះបញ្ជី​ផងដែរ​។ ប៉ុន្តែ​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នេះ ត្រូវ​ចំណាយពេល​ច្រើន​ផងដែរ ព្រោះ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ (​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)​។​
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​និយាយថា​៖« ខាង​ក្រសួង​កំពុង​ចាំ​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ពី​ពួកគាត់ តែ​គាត់​មិនទាន់បាន​យកមក​ផង​។ ក្រសួង​យើង​ចាំ​ទទួល​ពាក្យ ឲ្យ​គាត់​អ្នក​ផ្តើម​មក យើង​នឹង​ជួយ​ផ្នែក​និតិ​វិធី​ក្នុងការ​ស្នើសុំ​ជូន​ពួកគាត់​»​។ 
 
​គួររម្លឹកថា កម្ពុជា​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​លើ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រង់ នៅ​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ​២០១៨​។ ក្រសួង​ក៏​គ្រោង​សិក្សា​លើ​ផលិតផល​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ស្នើសុំ​ការចុះបញ្ជី​លើ​កម្ម​សិទ្ធ​បញ្ញា​នេះ​៕ 
 

Tag:
 ​ស៊ា​ង ថៃ​
  ក្រូចពោធិ៍សាត់​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com