អន្តរជាតិ
ត្រាំ ព្រមាន​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៖ «​រួច​ទោស​ដោយ​ទទួលស្គាល់ ក្វៃ​ដូ ឬ​បាត់បង់​គ្រប់យ៉ាង​ដោយ​ការពារ ម៉ា​ឌុយ​រ៉ូ​»
19, Feb 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​គូសបន្ទាត់​ក្រហម​ជាស្រេច​សម្រាប់​ពួកគេ ខណៈដែល​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​បន្ត​ជាប់​គាំងរ​តាម​ព្រំដែន​កូ​ឡុំ​ប៊ី​។ ប្រធានាធិបតី​រូបនេះ​បានបញ្ជាក់​ច្បាស់​ថា យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​អាច​ប្តូរ​ជំហរ​មក​គាំទ្រ​មេដឹកនាំ​ថ្មី​លោក ហ័ន ក្វៃ​ដូ ដើម្បី​អាច​រួចខ្លួន ឬក៏​បន្ត​ការពារ​លោក នី​កូ​ឡា​ម៉ា​ឌុយ​រ៉ូ ដោយ​ត្រៀម​បាត់បង់​អ្វី​គ្រប់យ៉ាង​។


 
​ជំនួយ​មនុស្សធម៌​ដែល​ភាគច្រើន​ជា​ជំនួយ​អាមេរិក​នោះ​នៅ​បន្ត​ជាប់គាំង​នៅ​ព្រំដែន​កូ​ឡុំ​ប៊ី ដោយសារ​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បដិសេធចោល និង​ប្រើប្រាស់​កម្លាំង​រារាំង​ជំនួយ​ទាំងនេះ​ផង​។ មេដឹកនាំ​ដែល​ប្រកាស​តាំងខ្លួន​ជា​ប្រធានាធិបតី ហ័ន ក្វៃ​ដូ បានដាក់​ឱសានវាទ​សម្រាប់​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់​ត្រឹម​ថ្ងៃ​សៅរ៍​សម្រាប់​ការប្តូរ​ជំហរ​បើកទ្វារ​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​រងទុក្ខវេទនា​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ខណៈដែល​ស្ថានការណ៍​កាន់តែ​តានតឹង ប្រធានាធិបតី​អាមេរិក​ដែលជា​អ្នកដឹកនាំ​ចលនា​អន្តរជាតិ​គាំទ្រ​លោក កៃ្វ​ដូ ប្រឆាំងនឹង​លោក ម៉ា​ឌុយ​រ៉ូ នោះបាន​ព្រមាន​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រួចទៅហើយ​ជុំវិញ​ការ​ឃា​ឃាំង​ជំនួយ​មនុស្សធម៌ និង​ការពារ​របប​ដឹកនាំ​ម៉ា​ឌុយ​រ៉ូ​។ 
 
​លោក ត្រាំ បាន​ផ្ញើ​សារជាថ្មី​ច្បាស់ៗ​ថា យោធា​ទាំងនោះ​មាន​ជម្រើស​ពីរ​ធំ​គឺ ទីមួយ​ព្រម​ទទួលស្គាល់​លោក ក្វៃ​ដូ​ដើម្បី​ទទួល​ការលើកលែងទោស​ជា​ផ្លូវការ ឬក៏​នៅ​បន្ត​ជ្រោមជ្រែង​លោក ម៉ា​ឌុយ​រ៉ូ ដោយ​ត្រៀម​បាត់បង់​អ្វី​គ្រប់យ៉ាង​នៅពេល​ខាងមុខ​។​
 
​និយាយ​ទៅកាន់​អ្នកគាំទ្រ និង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​រស់នៅ​ក្រុង Miami លោក ត្រាំ បាន​និយាយ​ដូច្នេះ​៖ «​ភ្នែក​ប្រជាជន​ទូទាំង​ពិភបលោក​សំឡឹងមើល​អ្នក​រៀងរាល់​ថ្ងៃ​។ អ្នក​មិនអាច​លាក់ខ្លួន​ពី​ជម្រើស​ដែល​អ្នក​ត្រូវ​ប្រឈម​ឡើយ​»​។​
 
​លោក ត្រាំ បន្តថា​៖ «​អ្នក​អាច​ទទួលស្គាល់​ការផ្តល់​ការលើកលែងទោស​ពី​សំណាក់​ប្រធានាធិបតី ក្វៃ​ដូ  ដើម្បី​រស់នៅក្នុង​សន្តិភាព​ជាមួយ​គ្រួសារ​និង​អ្នកស្នេហាជាតិ​ផ្សេងទៀត ឬក៏​ជ្រើសរើស​ផ្លូវ​ទី​ពីរ​។ នោះ​គឺ​បន្ត​គាំទ្រ​ម៉ា​ឌុយ​រ៉ូ​។ ប្រសិនជា​ជ្រើស​រើសយក​ជម្រើស​នេះ អ្នកឯង​នឹង​គ្មាន​ជម្រក​សុវត្ថិភាព ឬ​គ្មាន​ច្រកចេញ​ឡើយ​។ អ្នកឯង​នឹង​បាត់បង់​គ្រប់យ៉ាង​»​។ 
 
​មកដល់​បច្ចុប្បន្ន លោក ក្វៃ​ដូ ប្រកូក​ប្រកា​សរក​អ្នកស្ម័គ្រចិត្ត មួយ​លាន​នាក់​ដើម្បី​នាំ​ជំនួយ​ចូលក្នុង​ប្រទេស ហើយ​បច្ចុប្បន្ន​មាន​អ្នក​ចុះឈ្មោះ​ប្រហែល ៦០ ម៉ឺន​នាក់​ហើយ​។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា លោក ក្វៃ​ដូ និង​អ្នក​ស្ម័​គ​ចិត្ត​ទាំងនោះ​នឹង​ជម្នះ​ឧបសគ្គ​របាំង​យោធា​ដែលជា​បញ្ជា​របស់លោក ម៉ា​ឌុយ​រ៉ូ របៀប​ណា​ឡើយ​។​
 
«​ត្រឹម​ថ្ងៃ ២៣ ខែកុម្ភៈ យើង​នឹង​មានឱកាស​សង្គ្រោះ​ជីវិត​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់សែន​នាក់​ដែល​កំពុង​រងគ្រោះ​ហើយ​»​។ ក្វៃ​ដូ បានប្រកាស​បែបនេះ​។​
 
​ដោយឡែក លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រឆាំង​ដាច់ខាត​នឹង​ជំនួយ​អាមេរិក​ដោយ​ចាត់ទុកថា វា​ជា​ចេតនា​ឈ្លានពាន​ជាជាង​ចង់​សង្គ្រោះ​ប្រជាជន និង​ជា​ចេតនា​នយោបាយ​សុទ្ធសាធ​។

កន្លងមក ម៉ា​ឌុយ​រ៉ូ ធ្លាប់​និយាយ​ពេញៗ​មាត់​ថា គ្មាន​វិបត្តិ​មនុស្សធម៌​កើតឡើង​ទេ ហើយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​បាន​។ ប៉ុន្តែ​ក្រោយមក ម៉ា​ឌុយ​រ៉ូ ស្រាប់តែ​បង្ហើប​ថា ជំនួយ​ប្រហែល ៣០០​តោន​របស់​រុស្ស៊ី នឹង​មកដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅត្រឹម​ថ្ងៃ​ពុធ​ទី ២០ ខែកុម្ភៈ​នេះដែរ​។ ជំនួយ​នេះ​មកដល់​បី​ថ្ងៃមុន ថ្ងៃ​កំណត់​របស់លោក កៃ្វ​ដូ ក្នុង​ការនាំ​ជំនួយ​អាមេរិក​ចូល​ស្រុក​។ 
 
​លោក ម៉ា​ឌុយ​រ៉ូ អួតអាង​ថា ក្នុងចំណោម​ជំនួយ ៣០០​តោន​នោះ មាន​ប្រភេទ​ថ្នាំ​ល្អជា​ច្រើន​សម្រាប់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​ក្រៅពី​រុស្ស៊ី​សម្ព័ន្ធមិត្ត​ឯទៀត​មាន​ចិន និង​គុយបា​ក៏​នឹង​ផ្តល់ជំនួយ​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ជំនួយ​មនុស្សធម៌​
  ហ័ន ក្វៃ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com