ជាតិ
ក្រុមហ៊ុន​មួយ​គ្រោង​បោះទុន ៧០​លាន​ដុល្លារ វិនិយោគ​លើ​ការចិញ្ចឹម​ត្រី និង​ជម្រក​អភិរក្ស​សត្វ​ជិត​ផុត​ពូជ
19, Feb 2019 , 9:19 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប (ប្រភពរូបភាព៖​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប)
លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប (ប្រភពរូបភាព៖​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប)
​ភ្នំពេញ​៖ ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង​អី​ឃ្វោ​រៀម គ្រោង​បោះទុន​៧០​លាន​ដុល្លារ វិនិយោគ​លើ​គម្រោង​សាងសង់​ជល​វប្បដ្ឋាន​ត្រី នៅលើ​ផ្ទៃដី​ប្រមាណ​១០០​ហិកតា នៅក្នុង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​សៀមរាប​។​


 
​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​អង្គរ វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង​អី​ឃ្វា​រៀម​លោក Roger Reynolds បាន​និយាយប្រាប់​អភិបាលខេត្ត​សៀមរាប​ថា គម្រោង​វិនិយោគ​នេះ ត្រូវ​ចែកចេញជា​បី​ដំណាក់កាល ហើយ​ក្នុង​ដំណាក់ ទី​១ គឺ​ប្រើប្រាស់​ថវិកា​២០​លាន​ដុល្លារ ដែល​គ្រោង​បើក​ការដ្ឋាន ក្នុង​ខែមីនា ឆ្នាំ​២០១៩​នេះ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០​។ លោក Roger បាន​និយាយថា ក្នុង​គម្រោង​នៃ​ដំណាក់​ការ​ទី​១​នេះ ក៏​ជាការ​ត្រៀម​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យ​បន្ត​ស្នាក់នៅ​ខេត្តសៀមរាប​។ 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប ដែល​ស្រង់​សម្តី​ក្រុមប្រឹក្សាភិបាល​រូបនេះ បាន​សរសេរ​ដូច្នេះ​៖«​បន្ទាប់ពី​ការអនុវត្ត​លើ​គម្រោង ទាំងមូល​បានបញ្ចប់​នោះ គម្រោង​បន្ត​ផែនការ​អភិវឌ្ឍ​របស់​ខ្លួន ដោយបាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទៀតផង​។ ម្យ៉ាងទៀត គម្រោង​នេះ គឺ​មិន​ត្រឹមតែ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ គឺ​ផ្តល់នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ អំពី​បរិស្ថាន និង​ការអភិរក្ស​ប្រភពធនធាន​ធម្មជាតិ តាមរយៈ​ការបង្ហាញ​នូវ​រូបភាព​ឯកសារ អំពី​ប្រភេទ​មច្ឆា​ក្នុង​ទឹក​ដ៏​កម្រ ដល់​សិស្ស និស្សិត និង ប្រជាពលរដ្ឋ ។​សំខាន់​ភ្ញៀវទេសចរ​បរទេស បាន​ទស្សនា​សិក្សា​ស្វែងយល់ អំពី​ធនធានធម្មជាតិ​នៅ​កម្ពុជា​»​។​
 
​គម្រោង​នេះ ក្រោម​កម្រង​ក្រុមហ៊ុន​សហកម្ម​សិ​ទិ្ធ ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ អាមេរិក និង​ជប៉ុន​រួមសហការ​គ្នា ដែល​ផ្ដោតលើ​ការវិនិយោគ​ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វព្រៃ​ជិត​ផុត​ពូជ​។​
 
​ចំពោះ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ជល​វប្បដ្ឋាន ត្រី​ទឹកសាប ត្រី​ទឹកប្រៃ និង ជម្រក​អភិរក្ស​សត្វ​នេះ គឺជា​ការបម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្តសៀមរាប​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​សុំច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ ។ ជាពិសេស​ ការ​ឲ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​​​ទីតាំង​របស់​គម្រោង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់ទី​ទួល​បុរាណ​ដ្ឋា​ន ដែល​នាំ​ឲ្យ​មានការ​រំខាន​ការសាងសង់ ហើយ​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​គម្រោង​នេះ​៕
 

Tag:
 ​ទៀ សីហា​
  សត្វព្រៃ​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com