កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp ចង់​ឲ្យ Liverpool ផ្ដួល Bayern Munich ដើម្បី​សង​ការឈឺ​ចាប់ខ្លួន​នៅ Bundesliga
19, Feb 2019 , 3:53 pm        
រូបភាព
លោក-Jurgen-Klopp-នាសន្និសីតកាសែតមុនជំនួប-Livepool-និង-Bayern-Munich
លោក-Jurgen-Klopp-នាសន្និសីតកាសែតមុនជំនួប-Livepool-និង-Bayern-Munich
​លោក Jurgen Klopp ប្ដេជ្ញា​ដឹកនាំ Liverpool ផ្ដួល Bayern Munich ក្នុងក្របខណ្ឌ UEFA Champions League ដើម្បី​សង​ការឈឺ​ចាប់ខ្លួន​កាលនៅ Bundesliga​។ ការឈឺចាប់​របស់លោក Klopp កើតមាន​ក្នុង​ចិត្ត នៅពេល​លោក​ដឹកនាំ Borussia Dortmund ដែលមាន​ការប្រកួតប្រជែង​ជាមួយ​ក្រុម Bayern Munich​នេះ​។​

 
​លោក Klopp បាន​កប់​ចោល​បំណង​របស់ខ្លួន​ក្នុងការ​ដណ្តើមពាន Bundesliga ជាមួយ Bayern Munich នៅក្រោយ​ការចាកចេញ​ពី Borussia Dortmund ម្ល៉េះ ។ ប៉ុន្តែ​រឿងរ៉ាវ​កប់​ទុក​ក្នុង​ចិត្ត​នេះ បាន​លេចឡើង​ជាថ្មី នៅពេលដែល​ក្រុម Liverpool ក្រោម​ការដឹកនាំ​របស់​លោក ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម Bayern Munich ក្នុង​ក្របខណ្ឌកំពូលអឺរ៉ុបនៅ​យប់​នេះ​។ លោក​ចង់​ឲ្យ Liverpool បង្ហាញថា ខ្លួន​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ តាមរយៈ​ការ​ផ្តួល​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ​ក្នុង​ក្របខណ្ឌ​មួយ​នេះ​។​


 
​មូលហេតុ​ដែល​លោក Klopp លើកឡើង​បែបនេះ ដោយសារតែ​ក្រុម Bayern Munich បាន​បន្សល់​ការឈឺចាប់​សម្រាប់​លោក នៅ​គ្រា​ដែល​លោក​ដឹកនាំ​ក្រុម Borussia Dortmund​។ រឿង​ដែល​គួរ​ឲ្យ​ឈឺចាប់​នោះ គឺ Dortmund ស្ទើ​តែ​លើក​ពាន​ក្នុងស្រុក​មួយ​នេះ​៥​រដូវ​កាល​ជាប់​គ្នា​ទៅហើយ មុន​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ផ្លាស់ទៅ​ដឹកនាំ Liverpool ប៉ុន្តែ​ត្រូវ Bayern រារាំង​។​
 
Dortmund ក៏​ធ្លាប់​ចាញ់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្រោម​ថ្វី​ជើង​របស់​គូប្រជែង​ចាស់ Bayern នេះ​ម្តង​ដែរ​ក្នុង​ឆ្នាំ ២០១៣ ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អាល្លឺម៉ង​២៨​សម័យ​បាន​ឆក់យក​កីឡាករ​ល្អៗ​ពី​លោក Klopp ម្តង​មួយៗ​ថែមទៀត ដែល​រួមមាន Mario Goetze, Mats Hummels និង Robert Lewandowski ជាដើម​។​
 
«​វា​មិនមែនជា​រឿង​បុគ្គល​នោះទេ ហើយក៏​មិនមែនជា​រឿង​អវិជ្ជមាន​ជាមួយ Bayern នោះដែរ ប៉ុន្តែ​នៅពេល​យើង​លេង​ជាមួយ​ពួកគេ ឬ​នៅពេល​ពួកគេ​ទិញ​កីឡាករ​របស់​យើង តើ​ខ្ញុំ​អាច​សប្បាយ​ចិត្តបាន​កម្រិត​ណា​»​។ Klopp រៀបរាប់​បែបនេះ​ក្នុង​សន្និសីត​សារព័ត៌​មាននៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​លោក​បាន​ជំរុញ​ក្រុម​របស់ខ្លួន​ធ្វើយ៉ាងណា​ផ្តួល​គូប្រជែង​មួយ​នេះ​ឲ្យ​បាន​។​


 
Klopp រម្លឹក​ទៀតថា​៖«​នោះ​មិនមែនជា​ការល្អ​សម្រាប់​យើង​នៅ Dortmund ទេ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​អ្វី​បាន​ដ្បិត​វា​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​បាល់ទាត់​។ ខ្ញុំ​មិន​សប្បាយចិត្ត​ទេ​នៅពេលនោះ តែ​វា​ជា​រឿង​យូរ​មកហើយ​»​។​
 
Bayern បាន​គ្រង​ជើងឯក​ពានរង្វាន់ Bundesliga រយៈពេល ៦ រដូវកាលជាប់គ្នា​ ក្រោយពី Dortmund ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Klopp បានឈ្នះ​ពាន​កំពូល​អាល្លឺម៉ង់​នេះ​ពីរ​រដូវ​កាល​ពោលគឺ ២០១០-២០១១ និង ២០១១-២០១២ ។ 
 
​ហង្ស​ក្រហម​នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Anfield ដើម្បី​ទទួលភ្ញៀវ Bayern Munich សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Champions League នៅ​រាត្រី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រៅពី​ការជួបគ្នា​រវាង Liverpool និង Bayern Munich ក៏មាន​ការប្រកួត​គ្នា​មួយគូ​ទៀតផង​ដែរ​គឺ Lyon នឹង​ទទួល​ក្រុម Barcelona នៅ​វគ្គ​១៦​ក្រុម​ចុង​នៅ​ម៉ោង​ដំណាលគ្នា​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com