អន្តរជាតិ
UN ត្រូវការជំនួយជាង ៩០០ លានដុល្លារ ដើម្បីសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
× ភាពរាំងស្ទះ នៃការផ្តល់ដំណោះស្រាយសមស្របសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់របស់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្ទាល់ កំពុងតែបង្កជាផលលំបាកសម្រាប់ការរស់នៅរបស់ជនភៀសខ្លួន។ តាមការវាយតម្លៃរបស់ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៩នេះ ជនភៀសខ្លួន ត្រូវការជំនួយជិតមួយពាន់លានដុល្លារ ដើម្បីស្រោចស្រង់ការរស់នៅរបស់ពួកគេ។
តាមរយៈសេចក្តីថ្លែងការណ៍ ស្តីពីផែនការឆ្លើយតបរួមសម្រាប់វិបត្តិមនុស្សជាតិរ៉ូហ៊ីងយ៉ាឆ្នាំ២០១៩ អង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធ បានអំពាវនាវរកជំនួយ ៩២០ លានដុល្លារដើម្បីជួយដល់ជនភៀសខ្លួនជាង ៩០ ម៉ឺននាក់ មកពីមីយ៉ាន់ម៉ា និង ៣៣ ម៉ឺននាក់ផ្សេងទៀត ដែលអ្នកជួយផ្គត់ផ្គង់នៅក្នុងប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយរបស់ UN News Center នៅថ្ងៃ១៥ កុម្ភៈ។
តាមប្រភពព័ត៌មានដដែលនោះ ប្រធាននៃឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនលោក Filippo Grandi បានពន្យល់ថា ជំនួយមនុស្សធម៌ដែលកំពុងត្រូវការបច្ចុបន្ន គឺដើម្បីសង្គ្រោះស្ថានភាពរស់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងប្រជាជនបង់ក្លាដែស ដែលអ្នកផ្តល់កន្លែងស្នាក់នៅបណ្តោះអាណត្តិ។
លោក Filippo Grandi ក៏បានរំពឹងថា មេដឹកនាំពិភពលោក និងអង្គភាពពាក់ព័ន្ធនឹងចូលរូមចំណែកក្នុងការផ្តល់ជំនួយនេះ ដើម្បីឲ្យគោលដៅសម្រាប់ការងារនេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនភៀសខ្លួន។ តាម លោក Filippo Grandi ជំនួយនេះ នឹងផ្តល់លទ្ធភាពឲ្យភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ រួមទាំងដៃគូទាំង១៣២ អាចអនុវត្តការងារក្នុងការការពារជនភៀសខ្លួន ទាំងស្ត្រី បុរស កុមារា កុមារី និងផ្តល់ជំនួយដើម្បីសង្គ្រោះជីវិតពួកគេបានទាន់ពេលទៀតផង។
ទន្ទឹមនឹងការអំពាវនាវរកជំនួយបន្ទាន់នេះ ប្រមុខនៃភ្នាក់ងារជំនាញសម្រាប់ជនភៀសខ្លួនអង្គការសហប្រជាជាតិរូបនេះ ក៏បានទទូចជាថ្មីដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការចាត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយឬសគល់នៃវិបត្តិនេះ ដើម្បីធ្វើឲ្យប្រជាជន អាចធានាបានថា ពួកគេ នឹងមិនត្រូវបានបង្ខំឲ្យចាកចេញពីប្រទេស និងអាចទទួលបានទាំងសុវត្ថិភាព និងតម្លៃនៅពេលត្រលប់ទៅផ្ទះវិញ។
គួរជម្រាបផងដែរថា វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានផ្ទុះឡើងជាថ្មីនៅចុងឆ្នាំ២០១៧កន្លងទៅ បានក្លាយជាក្តីបារម្ភរួមមួយទាំងក្នុងតំបន់ និងអន្តរជាតិ។ ខណៈច្រានចោលការចោទប្រកាន់ពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការនៅពីក្រោយរបស់អាជ្ញាធរលើបញ្ហានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថា បញ្ហានេះ ត្រូវការពេលវេលាច្រើនដើម្បីដោះស្រាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com