សម្តេច ហ៊ុន សែន​៖ វត្តមាន​មេធាវី​បរទេស​នៅ​កម្ពុជា គឺ​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​បរទេស​
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ វត្តមាន​មេធាវី​បរទេស​នៅ​កម្ពុជា គឺ​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​បរទេស​
19, Feb 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ វត្តមាន​ក្រុមហ៊ុន​មេធាវី​បរទេស បាន​ជួយ​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិ​នប​រទេស​ដែល​កំពុង​រកស៊ី និង​គ្រោង​មក​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច ហ៊ុន សែន លើកឡើង​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ៍​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី (Duane Morris LLP) របស់​អាមេរិក នា​ថ្ងៃទី​១៩ ខែកុម្ភៈ ។​

 
​លោក Matthew Anthony Tayler  មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេធាវី​អាស៊ី ដែល​រៀបចំ​នៅ​កម្ពុជា​។ លោក ចាត់ទុក​កិច្ចប្រជុំ​នេះ គឺជា​ឱកាស​សម្រាប់​ប្រតិភូ​មេធាវី​របស់លោក និង​មេធាវី​ដទៃទៀត​ឲ្យ​បាន​ស្គាល់​ពី​កម្ពុជា ខណៈ​លោក​ក៏មាន​បំណង​បើក​តំណាង​មេធាវី​លោក​ប្រចាំ​នៅ​កម្ពុជា​នាពេលខាងមុខ​ដែរ​។ 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​លោក Matthew សរសេរ​ដូច្នេះ​ថា​៖«​ការចូលរួម​កិច្ចប្រជុំ​កំពូល​មេធាវី​អាស៊ី នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​កម្ពុជា​កាន់តែ​ច្រើនឡើង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មេធាវី​របស់លោក អាចជួយ​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​ដ៏​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អតិថិជន​ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​»​។​
 
​សម្ដេច ចាត់ទុក​គម្រោង​បើក​ក្រុមហ៊ុន​មេធាវី​បរទេស​នៅ​កម្ពុជា​នេះ គឺជា​រឿង​មួយ​ល្អ​សម្រាប់​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោ​គិ​នប​រទេស​។​សម្តេច ស្នើ​ឲ្យ លោក Matthew  ពិនិត្យមើល​លទ្ធភាព​ណាមួយ ដែល​អាចជួយ​ដល់​កម្ពុជា ជាពិសេស​លើ​សេវាកម្ម​ផ្លូវច្បាប់ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​ផ្នែក​ច្បាប់​ផង​។​
 
​ដើមឡើយ​កម្ពុជា ​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​បង្កើត​ក្រុមហ៊ុន​មេធាវី នៅ​កម្ពុជា​នោះទេ​។ ប៉ុន្តែ​ក្រោយពី​កម្ពុជា​បាន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កម្ពុជា​បាន​កែប្រែ​ច្បាប់​នោះ​​ ហើយក្រុមហ៊ុន​បរទេស ​អាច​មក​បង្កើត​ក្រុមហ៊ុន​បាន​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ស​ម្ដេច ហ៊ុន សែន​។​
 
​កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​គ្រោង​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារ​ស្ត្រី​ក្រីក្រ​ផងដែរ​។ សម្ដេច គ្រោង​ជ្រើសរើស​មេធាវី​ជា​សមាជិក​ប្រមាណ​៥០​នាក់ ដែល​អាចបែងចែក ២​នាក់​ប្រចាំខេត្ត​នីមួយៗ​។ លើសពីនេះ​កិច្ចការពារ​ក្តី មិន​កំណត់​ការពារ​ឲ្យ​តែ​ស្ត្រី​នោះទេ ប៉ុន្តែ​ការពារ​ករណី​ផ្សេងទៀត​ផងដែរ គឺ​ធ្វើយ៉ាងណា​ជួយ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​យុត្តិធម៌​អនុវត្តតាម​នីតិរដ្ឋ​៕
 

Tag:
 ហ៊ុន សែន​
  មេធាវី​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com