ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន៖ វត្តមានមេធាវីបរទេសនៅកម្ពុជា គឺជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគបរទេស
× ភ្នំពេញ៖ វត្តមានក្រុមហ៊ុនមេធាវីបរទេស បានជួយបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលកំពុងរកស៊ី និងគ្រោងមកវិនិយោគនៅកម្ពុជា។ សម្តេច ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) របស់អាមេរិក នាថ្ងៃទី១៩ ខែកុម្ភៈ ។
លោក Matthew Anthony Tayler មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ដែលរៀបចំនៅកម្ពុជា។ លោក ចាត់ទុកកិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់ប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀតឲ្យបានស្គាល់ពីកម្ពុជា ខណៈលោកក៏មានបំណងបើកតំណាងមេធាវីលោកប្រចាំនៅកម្ពុជានាពេលខាងមុខដែរ។
តាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្ដីលោក Matthew សរសេរដូច្នេះថា៖«ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី នៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជាកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណាឲ្យមេធាវីរបស់លោក អាចជួយផ្ដល់សេវាកម្មផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែលមកធ្វើវិនិយោគនៅកម្ពុជា»។
សម្ដេច ចាត់ទុកគម្រោងបើកក្រុមហ៊ុនមេធាវីបរទេសនៅកម្ពុជានេះ គឺជារឿងមួយល្អសម្រាប់បង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស។សម្តេច ស្នើឲ្យ លោក Matthew ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយដល់កម្ពុជា ជាពិសេសលើសេវាកម្មផ្លូវច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកច្បាប់ផង។
ដើមឡើយកម្ពុជា មិនអនុញ្ញាតឲ្យជនបរទេសមកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែក្រោយពីកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះ ហើយក្រុមហ៊ុនបរទេស អាចមកបង្កើតក្រុមហ៊ុនបាន។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេច ហ៊ុន សែន។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលក៏គ្រោងរៀបចំឲ្យមានក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារស្ត្រីក្រីក្រផងដែរ។ សម្ដេច គ្រោងជ្រើសរើសមេធាវីជាសមាជិកប្រមាណ៥០នាក់ ដែលអាចបែងចែក ២នាក់ប្រចាំខេត្តនីមួយៗ។ លើសពីនេះកិច្ចការពារក្តី មិនកំណត់ការពារឲ្យតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀតផងដែរ គឺធ្វើយ៉ាងណាជួយឲ្យសង្គម និងប្រជាពលរដ្ឋខ្មែរមានយុត្តិធម៌អនុវត្តតាមនីតិរដ្ឋ៕
Tag:
ហ៊ុន សែន
មេធាវី
ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com