អន្តរជាតិ
ក្រោយ​ចរចា​អស់​១០​ឆ្នាំ វៀតណាម ទទួលបាន​សិទ្ធិ​នាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​អាមេរិក​
19, Feb 2019 , 10:19 pm        
រូបភាព
រូបភាព៖ Vietnam News
រូបភាព៖ Vietnam News
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានទទួល​សិទ្ធិ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ទៅកាន់​អាមេរិក បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ចរចា​គ្នា​អស់​រយៈពេល​មួយ​ទសវត្សរ៍​។ នេះ គឺជា​សម​ទ្ធិ​ផល​ធំ​មួយ​របស់​វៀតណាម ក្នុងការ​ស្វែងរក​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ ខណៈ​ទីផ្សារ​អាមេរិក មិន​ងាយ​ទទួលយក​ការនាំ​ចូល​ពី​បរទេស​នោះ​។

  

 
​ចាប់ពី​ថ្ងៃទី​១៨ កុម្ភៈ​តទៅ វៀតណាម អាច​ទទួលបាន​អាជ្ញា​បណ្ណ និង​សិទ្ធិ​ជា​ផ្លូវការ​ហើយ​ក្នុង​ការនាំចេញ​ផ្លែស្វាយ ដែលជា​ផលិតផល​កសិកម្ម​ដ៏​សម្បូរបែប​មួយ​របស់​ប្រទេស​អាស៊ី​អាគេ្នយ៍​មួយ​នេះ​ទៅកាន់​អាមេរិក បន្ទាប់ពី​ការចរចា​គ្នា​អស់ ១០​ឆ្នាំ​មក​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam នៅ​ថ្ងៃ​១៨ កុម្ភៈ​។ 
 
​នា​កម្មវិធី​នៃ​ការប្រកាស​ពី​ការទទួលបាន​អាជ្ញា​បណ្ណ​នៅ​ថ្ងៃ​ដដែល​នោះ អនុរដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​វៀតណាម Lê Quốc Doan បាន​អះអាងថា ការព្រម​នាំចូល​ផ្លែស្វាយ​ពី​វៀតណាម​របស់​អាមេរិក បានបង្ហាញ​ពី​កិច្ច​សហប្រតិបត្តិ​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​វិស័យ​កសិកម្ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ព័ត៌មាន​ដដែល​នោះ​។ 
 
​អនុរដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​គូសបញ្ជាក់ថា ស្វាយ គឺជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​របស់​វៀតណាម ហើយ​ការព្រម​ទទួលយក​របស់​អាមេរិក​ក្នុងការ​នាំចូល​នេះ គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​កសិកម្ម និង​កសិករ​នៅក្នុង​ប្រទេស​។ 
 
​លោក សង្កត់ធ្ងន់ថា ការព្រម​នាំចូល​កសិផល​វៀតណាម​របស់​អាមេរិក គឺជា​ឱកាស​មាស​សម្រាប់​ផ្លែឈើ​វៀតណាម ដ្បិត​អាមេរិក មាន​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត​សម្រាប់់​ការ​នាំចូល​ទៅកាន់​ទីផ្សារ​ខ្លួន​។ អនុរដ្ឋមន្ត្រី រំពឹងថា វៀតណាម អាចនឹងទទួល​បានកា​រ​បញ្ជា​ទិញ​កាន់តែច្រើន​ពី​ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​ការផ្តល់​អាជ្ញា​បណ្ណ​នេះ​។ 
 
​ដើម្បី​បន្ត​ទំនុកចិត្ត​នេះ ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ​វៀតណាម បាន​ប្តេជ្ញា​បន្ត​លើ​ស្ទួយ​វិស័យ​ស្រាវជ្រាវ និង​បច្ចេកវិទ្យា​ទំនើប​បន្ថែម​លើ​វិស័យ​កសិកម្ម និង​កិច្ចការ​ពាក់ព័ន្ធ​នានា ដើម្បី​ធានាថា ផលិតផល​របស់​វៀត​ណា​ម មាន​គុណភាព​ខ្ពស់ និង​អនាម័យ និង​ជាពិសេស​នោះ សម​ស្របតាម​លក្ខខណ្ឌ​នៃ​ការនាំចេញ​។​
 
​តាម Vietnam News កន្លងមក វៀតណាម បាន​នាំចេញ​ផ្លែស្វាយ​ទៅកាន់​៤០​ប្រទេស​រួចមកហើយ ដែល​ក្នុងនោះ រួមទាំង​មាន​កូរ៉េខាងត្បូង​, ជប៉ុន​, សិង្ហ​បុរី , អូស្ត្រាលី​, អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​, ចិន និង​ថៃ ជាដើម​៕ 
 

Tag:
 វៀតណាម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com