ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ ក្នុង​ទឹកប្រាក់​ជិត​៦០០​លាន​ដុល្លារ​
19, Feb 2019 , 5:04 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​CDC បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ចិន​២ សាងសង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ នៅ​ខេត្តកោះកុង និង​ព្រះសីហនុ​។ ក្រុមហ៊ុន​ទាំង​២​នេះ មាន​ទុនវិនិយោគ​ជិត​៦០០​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ផ្តល់ឱកាស​ការងារ​ជាង​៦​ពាន់​កន្លែង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​CDC កាលពី​ថ្ងៃទី​១៨ កុម្ភៈ​។​

 
​បើតាម CDC ក្រុមហ៊ុន​ចិន​ទាំងពីរ​នោះ មាន​ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD គ្រោង​សាងសង់​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៣០០​បន្ទប់ ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​កម្សាន្ត​ផ្សេងទៀត ដែល​ទំហំ​ទឹកប្រាក់​វិនិយោគ​៨៨,៤​លាន​ដុល្លារ​។ គម្រោង​នេះ មាន​ទីតាំង ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ 


រូបភាព បានពីCDC
 
​ដោយឡែក ក្រុមហ៊ុន​UNION DEVELOPMENT GROUP CO.,LTD មាន​ទុនវិនិយោគ​ប្រមាណ​៥០០,៤​លាន​ដុល្លារ គ្រោង​បង្កើត​សណ្ឋាគារ​ផ្កាយ​៥ ដែលមាន​៨០០​បន្ទប់​។ ក្រៅពី​ការបង្កើត​សណ្ឋាគារ​នេះ នៅមាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារាង​វាយកូនគោល បឹង​ហ្គា​ឡូ ផ្ទះ​វីឡា  រមណីយ​ដ្ឋា​ន​ទេសចរណ៍ និង​គម្រោង​ផ្សេងៗ​ទៀត នៅ​ស្រុក​គិរីសាគរ ខេត្តកោះកុង ដែលជា​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​។ 


រូបភាព បានពីCDC
  
​កាលពី​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៩ UNION DEVELOPMENT GROUP បានបង្ហាញ​គម្រោង​សាងសង់​ទីក្រុង​TEMI ដែលជា​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ស្ថិតនៅលើ​ផ្ទៃដី​២៥០០​ហិច​តា នៅ​ខេត្តកោះកុង ជាមួយនឹង​ទំហំ​វិនិយោគ​បន្ថែម​១,៩០០​លាន​ដុល្លារ​។  ហើយ​ទីក្រុង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​៣០​ម៉ឺន​នាក់​។ ពាក្យ​TEMI បានមកពី​អក្សរ​ទេសចរណ៍ (T-Tourism) ផ្នែក​អេកូឡូស៊ី​(E-Ecological) ស​មុ​ទ្រ (M-Marine) និង អន្តរជាតិ​(I-International)៕ 

Tag:
 សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com