ជាតិ
ជប៉ុនកែច្បាប់ថ្មី ដែលអនុញ្ញាតឲ្យពលករកម្ពុជា ទទួលបានទិដ្ឋាការការងារ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការងារ
× ភ្នំពេញ៖ ជប៉ុនកែសម្រួលច្បាប់ថ្មី ដែលអនុញ្ញាតឲ្យពលករអាចដាក់ពាក្យទទួលបាន ទិដ្ឋាការការងារ(Working Visa) ខណៈដែលពីមុនពលករទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលករកម្រិតជំនាញ និងបច្ចេកទេសអាចចូលទៅបំពេញតាមតម្រូវការ នៃកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។ នេះបើតាមអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Hidehisa Horinouchi ដែលប្រាប់ព័ត៌មាននេះទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សម្រាប់កម្ពុជាវិញ គឺបានតៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធថ្មី ដើម្បីទទួលយកពលករពីប្រទេសនានា ទៅធ្វើការនៅជប៉ុននាខែមេសា ឆ្នាំ២០១៩នេះ។ ហើយវាក៏ជាឱកាសដ៏ល្អ ដែលប្រទេសទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ពោលគឺខាងជប៉ុននឹងទទួលបាននូវកម្លាំងពលករពីកម្ពុជា ទៅបំពេញនូវតម្រូវការក្នុងវិស័យជាច្រើន ហើយកម្ពុជានឹងមានលទ្ធភាពផ្តល់ឱកាសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសនូវការងារតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ មិនត្រឹមតែទទួលបានការងារដែលមានប្រាក់ខែខ្ពស់ រួមទទួលបានចំណេះដឹងនិងវិជ្ជាជីវៈ ដែលជាការចូលរួមក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើន។ នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង។
បើតាមការគ្រោងទុករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា នឹងទៅចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យូ នៅចុងខែមីនា ឆ្នាំ២០១៩។ នេះបើតាមក្រសួងការងារ៕
Tag:
ទិដ្ឋាការការងារ
ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com