ទាហាន ដែល​យក​កាំភ្លើង​វាយ​ពលរដ្ឋ​នៅ​ព្រះសីហនុ ត្រូវ​បញ្ឈរជើង​
ជាតិ
សង្គមជាតិ
ទាហាន ដែល​យក​កាំភ្លើង​វាយ​ពលរដ្ឋ​នៅ​ព្រះសីហនុ ត្រូវ​បញ្ឈរជើង​
19, Feb 2019 , 7:51 pm        
រូបភាព
រូបភាពថតចេញពីវីដេអូរបស់សារព័ត៌មានប្រជាជន (People News)
រូបភាពថតចេញពីវីដេអូរបស់សារព័ត៌មានប្រជាជន (People News)
ដោយ: ថ្មីៗ
ទាហាន​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ បាន​រង​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​យោធា ដោយ​ត្រូវបាន​ព្យួរការងារ ព្រោះតែ​បាន​យក​កាំភ្លើង ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ខណៈ​ប្រជាពលរដ្ឋ​រូ​បនោះ កំពុង​លុតជង្គង់ ហើយ​ដៃ​ទាំង​២​ត្រូវបាន​ចងស្លាបសេក ក្រោយ​សមត្ថកិច្ច​ចាប់បាន ពេល​ទៅ​តវ៉ា​រឿង​ដីធ្លី​។ នេះ​ជាការ​អះអាង​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ សាវិន វិបុល មេបញ្ជាការរង​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​ព្រះសីហនុ​។

 
 
​លោក សាវិន វិបុល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ថា លោក បានធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​រួចហើយ ដើម្បី​ឲ្យ​សម្រេច​បន្ត​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ​យើង​ព្យួរការងារ​គាត់​ហើយ​។ ចំណែក​ថ្នាក់​សម្រេច​ដកចេញ​ពី​ក្របខណ្ឌ​យោធា ឬ​យ៉ាងម៉េច​នោះ គឺ​អាស្រ័យ​លើ​ថ្នាក់លើ​»​។​
 
​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ​រូបនេះ បាន​អះអាងថា ដោយសារ​ត្រូវគេ​ប្រើ​អំពើហិង្សា​មុន ទើប​កូនចៅ​របស់លោក ប្រើ​អំពើហិង្សា​វិញ​។ លោក និយាយ​បែបនេះ​ថា​៖«​គាត់​ក៏​ឈឺខ្លួន​ដែរ ត្រូវ​ម៉ា​ដុំថ្ម​ដែរ​ហ្នឹង​»​។      
 
​លោក សាវិន វិបុល ពុំបាន​បញ្ចេញ​ឈ្មោះ​ទាហាន​ដែល​រង​ការពិន័យ​នោះទេ ប៉ុន្តែ​លោក ប្រាប់ថា ទាហាន​នេះ ពាក់​ស័ក្តិ​២​។ ម្យ៉ាងទៀត លោក ក៏​មិនបាន​ប្រាប់​ដែរ​ថា លោក នឹងត្រូវ​ស្រាវជ្រាវ​រក​ទាហាន​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នេះ ឬក៏​ត្រូវ​បញ្ឈប់​។ 
 
​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម គេ​បានឃើញ​ទាហាន​នេះ យក​កាំភ្លើង​ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​អង្គុយ​លុតជង្គង់ ហើយ​ដៃ​ទាំង​២​ត្រូវបាន​ចងស្លាបសេក​។  គេ ក៏​ឃើញ​សមត្ថកិច្ច​ផ្សេងទៀត​ដែរ ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​។ 
 
​ទាហាន​នេះ ជា​ជន​ទី​២​ហើយ ដែល​ត្រូវ​រង​ពិន័យ​ផ្នែក​រដ្ឋបាល​។ អ្នក​ទី​១ ដែល​រង​ពិន័យ​ផ្នែក​រដ្ឋបាល ដោយ​ត្រូវបាន​ព្យួ​ការងារ​នោះ គឺ​កងរាជអាវុធហត្ថ​។ 

អត្ថបទទាក់ទង
 
​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​តែម្តង ដែល​រួមមាន ប៉ូលិស ទាហាន និង​កង​រាជ​អា​វុ​ហត្ថ ដែល​ចុះទៅ​អនុវត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់ ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ ក្នុង​រឿង​ដីធ្លី នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ 
 
​ថ្មីៗ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​ដែន​សមត្ថកិច្ច​គ្រប់គ្រង​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទើបនឹង​ស្តីបន្ទោស​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចំពោះ​ការប្រើ​កម្លាំង​ទាហាន ជាមួយ​កម្លាំង​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ ក្នុងការ​អនុវត្ត​ដីកា​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើងថា រដ្ឋបាល អាច​ប្រើ​កម្លាំង​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ​បាន តែបើ​ប្រើ​កម្លាំង​ទាហាន គឺ​ខុសច្បាប់​។ 
 
​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា ក្រោយ​តុលាការ​កំពូល ឲ្យ​ពួកគេ​ចាញ់ក្តី​។ បន្ទាប់មក សមត្ថកិច្ច ក៏​នាំគ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​អះអាងថា ជាការ​អនុវត្តតាម​សាលដីកា​របស់​តុលាការ​កំពូល ហើយ​អំពើហិង្សា​ក៏​កើតឡើង​។  
 
​មកដល់ពេលនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​ដំណោះស្រាយ​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង ឧកញ៉ា នៅ​មិនទាន់មាន​នោះទេ​។ ប្រជាពលរដ្ឋ នៅតែ​មិន​សុខចិត្ត​និង​ចាត់ទុកថា​ជា​ជា​រឿង​អយុត្តិធម៌ សម្រាប់​ការកាត់ក្តី​នេះ​។ ប្រជាពលរដ្ឋ អាច​នឹង​បន្ត​តវ៉ា​ក្នុង​រឿងនេះ នៅពេល​ក្រោយ​ទៀត​៕ 

Tag:
 ទំនាស់​ដីធ្លី​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com