កីឡាជាតិ
ជាតិ
AFF U22៖ កម្ពុជា​រំពឹង​ផ្តួល​មី​យ៉ាន់​ម៉ា​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
20, Feb 2019 , 10:22 am        
រូបភាព
គ្រូបង្វឹក U22 កម្ពុជា លោក Felix Dalmas ឈរបញ្ជាការប្រកួត​ទាំងដៃកាន់ឈើច្រត់។ រូបថត FFC
គ្រូបង្វឹក U22 កម្ពុជា លោក Felix Dalmas ឈរបញ្ជាការប្រកួត​ទាំងដៃកាន់ឈើច្រត់។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា (U22) ត្រូវ​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ​នេះ សម្រាប់​ការប្រកួត​លើក​ទី​ពីរ​ក្នុង​ពូ​ល B បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម៉ាឡេស៊ី ១-០ កាលពី​ថ្ងៃ​ចន្ទ​។ ជំនួប​ពូ​ល​ដដែល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី នា​វេលា​ម៉ោង​៣ និង​៣០​នាទី​។​

 
​កម្ពុជា បាន​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១-០ លើ​ម៉ាឡេស៊ី តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​ខ្សែការពារ​បឹងកេត សេត រ៉​ស៊ី​ប ក្រោយ​ការប្រកួត​ដំណើរការបាន​ជាង​១​ម៉ោង​។ សម្រាប់​ជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​ល្ងាច​នេះ ជ័យជម្នះ​នឹង​នាំ​ឲ្យ​យុវជន​គោព្រៃ បាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។​
 
​មី​យ៉ាន់​ម៉ា ដែលជា​ម្ចាស់​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ឆ្នាំ​២០០៥ បើកឆាក​ពូ​ល B ជាមួយនឹង​លទ្ធផល​ស្មើ ១-១ ជាមួយ​ឥណ្ឌូណេស៊ី​។ ខ្សែបម្រើ Myat Kaung Khant រកបាន​គ្រាប់​នាំមុខ​សម្រាប់​មី​យ៉ាន់​ម៉ា តែ​ខ្សែការពារ  Rachmat Irianto តាម​ស្មើ ១-១ វិញ នៅក្នុង​តង់​ទីមួយ​ដដែល​។​
 
​សម្រាប់​ជំនួប​ពូ​ល A កាលពី​ម្សិលមិញ ថៃ និង​វៀតណាម បន្ត​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​ដើម្បី​កក់​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ថៃ​បាន​យកឈ្នះ​ហ្វីលីពីន ៣-០ មុនពេល​វៀតណាម បំបាក់​ទី​ម័​រ​ខាងកើត ៤-០​។​
 
​វៀតណាម​ឈរលើ​តារាង​ពូ​ល A បណ្តោះអាសន្ន ដោយសារ​មាន​សំណល់​គ្រាប់​បាល់​លើស​ថៃ​មួយ​គ្រាប់ ខណៈ ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត រង់ចាំ​ជួបគ្នា​នា​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ដែលជា​ជំនួប​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​៕

Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com