ជាតិ
សម្ដេច ហ៊ុន សែន អំពាវនាវកុំឲ្យពលរដ្ឋធ្វើស្រែប្រាំងជាលើកទី២
× ភ្នំពេញ៖ ពីពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ កុម្ភៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ធ្វើស្រែជាលើកទី២ ដោយសារបញ្ហារាំងស្ងួត នាពេលខាងមុខ។
សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា បញ្ហារាំងស្ងួតនៅក្នុងរដូវប្រាំងឆ្នាំនេះ នឹងធ្វើឲ្យកម្ពុជាខ្វះទឹកប្រើប្រាស់ ដូច្នេះប្រជាកសិករដែលធ្វើស្រែប្រាំងនោះ ក៏មិនអាចទទួលបានផលល្អដែរ។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋមិនត្រូវធ្វើស្រែប្រាំងឡើយ ដើម្បីកុំឲ្យជួបផលប៉ះពាល់។
ក្រៅពីលើកឡើងបែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យអជ្ញាធរគ្រប់ជាន់ថ្នាក់ ដោះស្រាយនូវបញ្ហាខ្វះទឹកប្រើប្រាស់ និងកន្លែងដែលប្រឈមការខ្វះទឹក ដោយត្រូវរកគ្រប់វិធីដោះស្រាយ ដូចជាការជីកអណ្ដូង និងស្វែងរកប្រភពទឹកជូនប្រជាពលរដ្ឋជាដើម។ បើតាមសម្ដេច ហ៊ុន សែន រាល់កន្លែណាមានការខ្វះទឹកប្រើប្រាស់ អាជ្ញាធរត្រូវដឹកទឹកជួនប្រជាពលរដ្ឋជាបន្ទាន់ ដោយមិនទុកឲ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ។
នៅរដូវប្រាំងចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១៩ កម្ពុជានឹងមានបាតុភូត «អែលនីណូ» ដែលបណ្តាលឲ្យអាកាសធាតុក្តៅហួតហែង សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា និងមានភ្លៀងកក់ខែ លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើន ដែលជាមូលហេតុនាំឲ្យប្រជាកសិករប្រមូលផលដំណាំបានតិចជាងរាល់ឆ្នាំផងដែរ។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលរងឥទ្ធិពល«អែលនីណូ» ដែលអាចឲ្យការបង្កបង្កើនផលស្រូវប្រាំង បានតែមួយដងប៉ុណ្ណោះ បើទោះជាទឹកនៅតាមអាងដែលបានរក្សាទុក ឬទីកន្លែងដែលមានបឹង ព្រែកក្តី ក៏មិនអាចផ្គត់ផ្គង់ដំណាំស្រូវគ្រប់គ្រាន់ឡើយ៕
Tag:
ហ៊ុន សែន
កសិកម្ម
ស្រែប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com