អន្តរជាតិ
សមាជិកសភា​ព្រមាន​ថា លោក ត្រាំ ព្យាយាម​ព​ន្លឿ​ន​ការផ្ទេរ​«​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​»​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​
20, Feb 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​អាមេរិក​កំពុង​បន្ត​ស៊ើបអង្កេត​ករណី ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ប្រញាប់ប្រញាល់​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ឲ្យ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បំពេញចិត្ត​ក្រុមហ៊ុន​មួយចំនួន​ដែលជា​អ្នកគាំទ្រ​លោក​ផង​នោះ​។ ក្រៅពី​មានទំនាស់​ផលប្រយោជន៍ តំណាងរាស្ត្រ​ទាំងនោះ​ក៏​ព្រមាន​ដែរ​ថា ទង្វើ​នេះ​អាច​នឹង​បើកទ្វារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​នៅពេល​អនាគត​។


 
​ការស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​ប្រធានាធិបតី​នេះ​ធ្វើឡើង​តាំងពី​ខែ​មុន ដោយ​គណៈកម្មការ​ទទួល​បន្ទុក​ទង្វើ​ខុសឆ្គង និង​កែទម្រង់​ប្រចាំ​នៅ​សភាតំណាងរាស្ត្រ និង​មាន​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ Elijah Cummings ជា​អ្នកដឹកនាំ​ផ្ទាល់​ផង​។ គណៈកម្មការ​នេះ​ព្រមាន​ថា លទ្ធភាព​ដែល​ប្រធានាធិបតី​នឹង​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ច្រើន​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សកម្មភាព​របស់លោក ត្រាំ អាចធ្វើ​ឡើង​ក្នុង​គោលដៅ​បំពេញចិត្ត​ក្រុមហ៊ុន​ធំៗ​ដែលជា​អ្នកគាំទ្រ​ខ្លួន​កន្លងមក ដ្បិត​ក្រុមហ៊ុន​ទាំងនេះ​នឹង​ទទួលបាន​ផលចំណេញ​ច្រើន​កប់​ក្តោង​។ ប៉ុន្តែ​គណៈកម្មការ​ខាងលើ​បាន​អះអាងថា ទំនាស់​ផលប្រយោជន៍​អាច​កើតឡើង ហើយ​អាចពាក់ព័ន្ធ​នឹង​ករណី​បទឧក្រិដ្ឋ​ថែម​ទៀតផង​។​
 
​ប្រ​ធានា​គណៈកម្មការ Elijah Cummings បានទាមទារ​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹ​នឹង​ជំនួប​រវាង​កូនប្រសា​រលោក ត្រាំ លោក Jared Kushner ជាមួយ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូ​ឌី Mohammed bin Salman កន្លងមក​ផង​។  
 
​របាយការណ៍​បឋមរ​បស់​គណៈកម្មការ​ខាងលើ​បង្ហាញថា ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ភាគី​ឯកជន​បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យ​មាន​ការផ្ទេរ​បច្ចេកវិទ្យា​នេះ​។  «​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ត្រៀម​ទទួល​ប្រយោជន៍​រាប់ពាន់​លាន​ដុល្លារ​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ដែល​ពាក់ព័ន្ធ​ការសាងសង់ និង​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ហើយ​ម្យ៉ាងទៀត ក្រុមហ៊ុន​ទាំង​នេ​ហ​ក៏​បន្ត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី ត្រាំ​និង​រដ្ឋបាល​របស់លោក​ផង​មកដល់​ឥឡូវ​»​។​របាយការណ៍​នោះ​បញ្ជាក់​ដូច្នេះ​។ 
 
​យ៉ាងណាក៏ដោយ អាមេរិក​មិន​ផ្ទេរ​បច្ចេកវិទ្យា​ទាំងនោះ​ដោយ​ស្របច្បាប់​ទៅ​ឲ្យ​អារ៉ាប់​ប៊ី​សា​អូឌីត​ឡើយ បើសិនជា​សម្រេចបាន​កិច្ចព្រមព្រៀង​ស្របតាម​ច្បាប់​គ្រប់គ្រង​ថាមពល​អា​តូ​មិ​ក​អាមេរិក​ឆ្នាំ ១៩៥៤​ដែល​កំណត់​ពី​ការធានា​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែ​រ៊​ស៊ីវិល​នោះ​។​
 
​ក្រៅពី​ទំនាស់​ផលប្រយោជន៍​នេះ គណៈកម្មការ​ខាងលើ​បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក និង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​ប្រេង​ច្រើនជាងគេ​លើ​លោក​នេះ​នឹង​អាច​យក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​អាមេរិក​ទៅប្រើ​ប្រាស់​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង ដើម្បី​ប្រឆាំងនឹង​អ៊ីរ៉ង់​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  បច្ចេកវិទ្យា​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com