អន្តរជាតិ
ត្រាំ ៖«​ឲ្យ​តែ​គ្មាន​ការសាកល្បង​អាវុធ​ទៀត ខ្ញុំ​មិន​ប្រញាប់​បង្ខំ​កូរ៉េខាងជើង​ឲ្យ​រំសាយ​នុយក្លេអ៊ែរ​ពេក​ទេ​»
20, Feb 2019 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​ពិតជា​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក​ក៏​មិន​ប្រញាប់ប្រញាល់​ចង់ឃើញ​លទ្ធផល​ពេក​ដែរ ឲ្យ​តែ​គ្មាន​ការសាកល្បង​អាវុធ​ទៀត​។ មេដឹកនាំ​អាមេរិក​រូបនេះ​អះអាង​ផងដែរ​ថា ជំនួប​លើក​ទី​ពីរ​ជាមួយ​លោក គីម ជុង​អ៊ុន​នៅ​ហាណូយ​ចុងខែ​នឹង​បង្កើត​ផ្លែផ្កា​ច្រើន​មិន​ខាន​។ 


 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ទី ១៩ ខែកុម្ភៈ លោក ត្រាំ បានប្រកាសថា គ្មាន​កាលបរិច្ឆេទ​កំណត់​ឡើយ​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ​លោក​ជឿជាក់ថា ការរំសាយ​អាវុធ​នេះ​នឹង​កើតឡើង​ចុងក្រោយ​។ លោក ត្រាំ ប្រកាស​បែបនេះ​ស្រប​ពេលដែល​បេសកជន​ពិសេស​របស់ខ្លួន​លោក Stephen Biegun ស្ថិតក្នុង​ដំណើរ​ទៅ​ក្រុង​ហាណូយ​ដើម្បី​រៀបចំ​ជំនួប​កំពូល​ត្រាំ​-​គីម ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ ២៧​ដល់ ២៨ កុម្ភៈ​ដែរ​។  
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​អាមេរិក​រូបនេះ​ពន្យល់ថា ចាប់ពី​ឆ្នាំ ២០១៧ មក​គ្មាន​ការសាកល្បង​មី​ស៊ី​ល​ឬ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​ឡើយ ហើយដោយ​ហេតុផល វា​មិនចាំបាច់​បន្ទាន់​បង្ខំ​ចំពោះ​ការរំសាយ​អាវុធ​ទេ​។ ប៉ុន្តែ​លោក​ជឿជាក់​ពេញទំហឹង​ថា លោក និង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន នឹង​សម្រេចបាន​ផ្លែផ្កា​ច្រើន​នៅក្នុង​ជំនួប​ជាថ្មី​នៅ​ហាណូយ​ឆាប់ៗ​នេះ​។​
 
«​ខ្ញុំ​ចង់ឃើញ​នៅ​ចុងក្រោយ​គឺ​ការរំសាយ​អាវុធ​នៅ​កូរ៉េខាងជើង​។ ខ្ញុំ​គិតថា កូរ៉េខាងជើង និង​ប្រធាន គីម មានរឿង​វិជ្ជមាន​ច្រើន​ក្នុង​ចិត្ត ហើយ​យើង​នឹង​ស្វែងយល់​ទាំងអស់គ្នា​។ ប៉ុន្តែ​ខ្ញុំ​មិន​ប្រញាប់ប្រញាល់​ទៅណា​ទេ​។ ខ្ញុំ​សង្ឃឹមថា រឿង​ល្អៗ​នឹង​កើតឡើង​។ ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​រីករាយ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ 
 
​យ៉ាងណា​ក៏ដោយចុះ កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា វា​គួរ​ជា​ពេល​សមស្រប​ហើយ​ដែល​លោក គីម ត្រូវ​សម្រេច​លទ្ធផល ស្របតាម​ជំហរ​របស់​អាមេរិក​តាំងពីដើម​មក​ដែល​ទារ​ឲ្យ​កូរ៉េខាងជើង​រំសាយ​អាវុធ​ភ្លាមៗ​។ ប៉ុន្តែ​តាម​សម្តី​របស់លោក ត្រាំ នៅពេលនេះ វា​មានការ​ផ្លាស់ប្តូរ​ជំហរ ហើយ​អាមេរិក​ហាក់​ព្យាយាម​សម្រប​ខ្លួន​តាម​អ្វីដែល​កូរ៉េខាងជើង​ចង់បាន ពោលគឺ​ធ្វើ​ការងារ​សន្សឹមៗ​វិញ​។​
 
​តាមពិតទៅ ក្រោយ​ចប់​ជំនួប​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា ភាគី​ទាំងពីរ​បានសម្រេច​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មិនមាន​កំណត់​ចំណុច​សំខាន់​​អ្វី​សម្រាប់​ការឈាន​ទៅ​រំសាយ​អាវុធ​ឡើយ​។ វា​មានតែ​ពាក្យ​ប្តេជ្ញាចិត្ត​រំសាយ​អាវុធ​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​។ តើ​ត្រូវធ្វើ​នៅពេលណា​ឬ​ប្រើប្រាស់​យន្តការ​ជាក់លាក់​អ្វី​នោះ គ្មាន​ការកំណត់​នោះឡើយ​។ 
 
​ចាប់តាំងពី​ជំនួប​នោះ​កើតឡើង ការចរចា​រំសាយ​អាវុធ​ហាក់​នៅជាប់​ទ្រឹង ហើយ​ភាគី​នៅ​ខ្វែងគំនិត​គ្នា​ទៀត​លើ​និយមន័យ​នៃ​ការរំសាយ​អាវុធ​នេះ​ផង​។ កូរ៉េខាងជើង​នៅតែ​ទាមទារ​ដាច់ខាត​ឲ្យ​អាមេរិក​ធានា​សន្តិសុខ ផ្តល់ជំនួយ​សេដ្ឋកិច្ច និង​ដក​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​ឈានទៅ​រំសាយ​អាវុធ​នេះ​។ ប៉ុន្តែ​លោក ត្រាំ និង​មន្ត្រី​របស់ខ្លួន​បញ្ជា​ក់ម្ត​ង​ជា​ពីរដង​ថា គ្មាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ជាមុន​ឡើយ​៕
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  ហាណូយ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com