ជាតិ
ពីនេះ ពីនោះ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ នៅ​កម្ពុជា អ្នក​កណ្តាល​និយម គ្មាន​កន្លែង​ឈរ​
20, Feb 2019 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​រាល់​ព្រឹក​មុន​ទៅធ្វើ​ការ អា​សំណាង និង​អា​សុធីរ ជជែក​គ្នា​គ្រប់​រឿង​នៅ​កម្ពុជា​។ ថ្ងៃមួយ ក្លើ​ពីរ​នាក់​នេះ និយាយ​ដល់​រឿង​នយោបាយ​បន្តិច ហើយក៏​ទាក់ទង​នឹង​ការបញ្ចេញមតិ​ដែរ​។​

 
​អា​សំណាង​៖ អញ​ឃើញ​អ្នកគាំទ្រ​គណបក្សនយោបាយ និយាយ​ឌឺដង ចំអក​រិះគន់​គ្នា ពេញ​ហ្វេ​ស​ប៊ុ​ក​រាល់ថ្ងៃ​។ ដល់ពេល​គេ​រិះគន់​គ្នា​អុីចឹងទៅ យើង​បាន​ព័ត៌មាន​ច្រើន​។ យើង​ដឹង​ច្រើន​ដែរ​តើ​។​
 
​អា​សុធីរ​៖ ច្រើនតែ​នៅ​ខ្វះ​។ ច្រើនតែ​អាច​ក្លែងក្លាយ​។ តាមពិត វា​គួរ​មាន​៣​ក្រុម​។ ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច ក្រុម​អ្នក​ស្រឡាញ់​បក្សប្រឆាំង និង​ក្រុម​និយម​កណ្តាល​។ រាល់ថ្ងៃនេះ យើង​បាត់​ព័ត៌មាន​ពី​ក្រុម​អ្នក​កណ្តាល​នេះ​។ ក្រុម​និយម​កណ្តាល​នេះ​សំខាន់​ណាស់ នៅ​ប្រទេស​ណា​ក៏​អ៊ីចឹង​ដែរ​។ ក្រុម​នេះ ជា​ក្រុម​អ្នកចេះដឹង អាច​ផ្តល់​គំនិត​ជា​ដំណោះស្រាយ​លើ​បញ្ហា​នានា​បាន​។​
 
​អា​សំណាង​៖ ចុះ​ក្រុម​នេះ​នៅឯណា​? ម៉េច​មិន​សរសេរ​ចែករំលែក​គំនិត​ឲ្យ​គេ​បាន​ដឹងផង​អ្ហា​?
 
​អា​សុធីរ​៖ ឲ្យ​សរសេរ​យ៉ាងម៉េច បើ​សង្គម​យើង​មិនមាន​ទីតាំង​ឲ្យ​ពួកគាត់​ផង​?
​អា​សំណាង​៖ ទីតាំង​អី​គេ​? ម៉េច​មិន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ទៅ គេ​ឃើញ​ហើយ​។ អ្នកណា​ក៏មាន​ហ្វេ​ស​ប៊ុ​ក​ដែរ​។​
 
​អា​សុធីរ​៖ មិនមែន​ទីតាំង​លើ​ហ្វេ​ស​ប៊ុ​ក​ទេ​។ តែ​ជាទី​តាំង​ក្នុង​គំនិត​របស់​សង្គម​កម្ពុ​ជា​ទាំងមូល ដែល​ទទួលស្គាល់ថា មាន​ក្រុម​អ្នក​កណ្តាល​និយម​។ ក្រុម​នេះ​មិនមែន​បម្រើ​គណបក្សនយោបាយ​ណាមួយ​នោះទេ តែ​ពួកគេ​ក៏​ចង់ឃើញ​ប្រទេសជាតិ​រីកចម្រើន​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​។ ក្រុម​នេះ​រួមមាន អ្នកជំនាញ និស្សិត និង​ជា​ពលរដ្ឋ​ទូទៅ​ផង​ក៏មាន​។ អ្វីដែល​គួរ​ឲ្យ​ស្តាយ​ក្នុង​ពេលនេះ គឺ​ក្រុម​នេះ​មិន​ហ៊ាន​បញ្ចេញយោបល់​ទាល់តែសោះ ពីព្រោះ​គេ​ខ្លាច​ថា ខ្លួនគេ​ត្រូវបាន​ចោទប្រកាន់​អំពី​និន្នាការ​នយោបាយ​។ ក្រុម​នេះ​ចង់​បញ្ចេញ​គំនិត រិះគន់​ស្ថាបនា​ទៅលើ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល ប៉ុន្តែ​ពួកគេ​បារម្ភ​ខ្លាច​សកម្មជន​គណបក្ស​កាន់អំណាច ដែល​កំពុងមាន​ឥទ្ធិពល​ខ្លាំង​នៅលើ​ទីលាន​ហ្វេ​ស​ប៊ុ​ក យល់ច្រឡំ​លើ​ពួកគេ ហើយ​វាយប្រហារ រិះគន់​ត្រឡប់មកវិញ​។ ពួកគេ​ក៏​បារម្ភ​ខ្លាច​ក្រុម​អ្នក​ដែលមាន​សម្មានចិត្ត​លើ​គណបក្សប្រឆាំង​កេងចំណេញ​លើ​ការអត្ថាធិប្បាយ​របស់​ពួកគេ ហើយ​យកទៅ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​។ ដូចគ្នា​អ៊ីចឹង​ដែរ បើ​ក្រុម​អ្នក​កណ្តាល​និយម ចង់បង្ហាញ​គំនិត​ជំទាស់​នឹង​មេដឹកនាំ​គណបក្សជំទាស់ ពួកគេ​បារម្ភ​ថា អ្នកគាំទ្រ​គណបក្ស​ទាំងសងខាង​យល់ច្រឡំ​លើ​ពួកគេ​។​
 
​អា​សំណាង​៖ អ្ហែង​និយាយ​ត្រូវ​។ សូម្បី​នៅ​ក្រសួង អញ​មិន​ហ៊ាន​បញ្ចេញ​គំនិត​អី​ផ្តេសផ្តាស​ទេ​។ ថ្នាក់លើ ឬ​ចៅក្រសួង ពួកគាត់​មិន​ថា​អី​ទេ​។ ពួកគាត់​រវល់​ការងារ​ច្រើន​។ វា​យ៉ាប់​តែ​អា​ពួក​រអេចរអូច ខ្សឹបខ្សៀវ​ពន្លាត់​ពាក្យ​យើង ដូច​ពន្លាត់ស្បែក​កង្កែប​អ៊ីចឹង​។​

​អា​សុធីរ​៖ អ្ហែង​ឃើញ​ទេ​? ទិតៀន​ស្ថាបនា​មាន​អ្វី​មិនល្អ​។ គេ​និយាយ​ខុស ចោល​ទៅ​។ បើ​គិតថា គេ​និយាយ​ត្រូវ យកទៅ​ពិចារណា​ទៅ​។ សព្វថ្ងៃនេះ យើង​ខ្វះ​គំនិត​ច្រើនណាស់​។ អ្នកគាំទ្រ ដឹង​តែ​ស្រប​លុះ​ក្ស័យ មិនបាច់​ស្តាប់​ទេ​។ បើ​ស្តាប់​អ្នកប្រឆាំង​វិញ យើង​ធ្វើ​អ្វី​ក៏​ខុស​ដែរ​។ ដូចនេះ គួរតែមាន​ទីតាំង​ឲ្យ​អ្នក​កណ្តាល​និយម​និយាយ​ឲ្យ​យើង​ស្តាប់​ផង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com