ជាតិ
២៥ខេត្ត/រាជធានី
សមាគម​កសិកម្ម​២៦ ក្នុង​ខេត្ត​ចំនួន​បី បាន​ផ្គត់ផ្គង់​ដំណាំ​សរីរាង្គ​ជាង​២​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​
21, Feb 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សមាគមកសិកម្ម​ចំនួន​២៦ ក្នុង​ខេត្ត​ចំនួន​៣ បាន​ផ្គត់ផ្គង់​ដំណាំ​សរីរាង្គ​បាន​មធ្យម ២១,៣៥៥​តោន ក្នុង​មួយឆ្នាំៗ ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៧ នៅក្នុង​ប្រទេស​។ ការផ្គត់ផ្គង់​នេះ គឺ​តាមរយៈ​ការចុះកិច្ចសន្យា​កសិកម្ម​នូវ​តម្លៃ​ទីផ្សារ ជាមួយ​ក្រុមហ៊ុន​។

 
​លោក ជា សុជាតិ ប្រធាន​គម្រោង​កសិកម្ម​របស់​អង្គការ World Vision បាន​និយាយថា ដំណាំ​សរីរាង្គ​ដែល​សហគមន៍​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​មាន​ជាង ស្រូវ​១,៩​ម៉ឺន​តោន  ដំ​ឡូ​វ​មី​ជាង​២​ពាន់​តោន ស្វាយចន្ទី​មាន​២៦​តោន និង​បន្លែ​សុវត្ថិភាព​មាន​ជិត​៧​តោន​ជាដើម​។ សហគម​ទាំង​២៦​នេះ ស្ថិតនៅក្នុង​ខេត្តកណ្តាល កំពង់ធំ និង​ព្រះវិហារ​។ ក្រៅពីនេះ ក៏មាន​ក្រុម​សហគម​១២ ទៀត ដែល​កំពុង​ផ្គត់ផ្គង់​ដំណាំ​សរីរាង្គ​រាប់ពាន់​តោន នៅ​ទូទាំងប្រទេស​ផងដែរ​។​
 
​ថ្លែង​ក្នុង​វេទិកា​អាជីវកម្ម​របស់​សហគម​កសិកម្ម​នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​២ ថ្ងៃទី​២០ កុម្ភៈ លោក ជា សុជាតិ បាន​និយាយថា​៖ «​នេះ​គឺ​សង្វាក់​ផលិតកម្ម​នៃ​វិស័យ​កសិកម្ម​ដែល​យើង​បាន​ពី​ការបណ្តុះបណ្តាល​ទាំង​បច្ចេកទេស​ដាំ​ដុះ និង​ការរក​ដៃគូ​ទីផ្សារ​ឱ្យ​កសិករ តាមរយៈ​គម្រោង​អភិវឌ្ឍ​អាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព​នៅ​កម្ពុជា របស់​អង្គការ World Vision»​។​


 
​គម្រោង​នេះ បានទទួល​ការគាំទ្រ​ថវិកា​ចំនួន​៣,៤១​លាន​ដុ​លា្ល​រ ពី​រដ្ឋាភិបាល​អូ​ស្រា្ត​លី​។ គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩​។  នេះ​បើតាម​លោក ឈឹម ផាន់​ណា ប្រធាន​ជាន់ខ្ពស់​ផ្នែក​មូលនិធិ​គម្រោង​របស់​អង្គការ World Vision ។​
 
​លោក ឈឹម ផាន់​ណា សង្ឃឹមថា ក្រោយ​បញ្ចប់​គម្រោង​នេះ ប្រជាកសិករ​ទាំងនោះ​នឹងមាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ទៅឱ្យ​ដៃគូ និង​ពង្រីក​ដៃគូ​បន្ថែម ក៏ដូចជា​ការបំពេញ​នូវ​តម្រូវការ​ក្នុងស្រុក តាមរយៈ​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​របស់ខ្លួន ក្នុង​គោលបំណង​លើកកម្ពស់​ផលិតកម្ម​នៃ​វិស័យ​កសិកម្ម​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ដំណាំ​ផ្សេង​ពី​បរទេស ៕ 

Tag:
 កសិកម្ម​
  សរីរាង្គ​
 ​កណ្តាល​
  កំពង់ធំ​
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com