ជាតិ
សេដ្ឋកិច្ច
សហគ្រិន និង​អ្នករកស៊ី ខុសគ្នា​ត្រង់​សហគ្រិន​«​បង្កើត​» ឯ​អ្នករកស៊ី​«​ដណ្ដើម​»
20, Feb 2019 , 9:19 pm        
រូបភាព
ដោយ:
​លោក ឆាយ ជា​អ្នកទិញ​លក់​ដី​ជាច្រើន​ឆ្នាំ​មកហើយ​។ មិន​ត្រឹម​តែមាន​មុខរបរ​ផ្នែក​អចលនទ្រព្យ​នោះទេ លោក​បាន​នាំចូល​ផលិតផល​ប្រើប្រាស់ និង​រថយន្ត ចូលក្នុង​ទីផ្សារ​កម្ពុជា​ទៀតផង​។ មុខ​ជំនួញ​របស់លោក​ច្រើនណាស់ សូម្បីតែ​ហាង​កាហ្វេ ក៏​លោក​មាន​ដែរ​។


 
​គេ​មើ​លម​កលោក ឆាយ ជា​អ្នកមាន​ធនធាន​ច្រើន​មួយរូប និង​មាន​ជោគជ័យ​លើ​អាជីវកម្ម​របស់ខ្លួន​។ តែ​ទោះយ៉ាងណា​លោក ឆាយ គឺជា​ម្ចាស់​អាជីវកម្ម អ្នកជំនួញ ឬ​អ្នករកស៊ី​មួយរូប ដូច​តែ​អ្នកជំនួញ​ដទៃទៀត​ដែរ ព្រោះ​អ្វីដែល​លោក​កំពុង​ធ្វើ​នេះ គ្រាន់តែ​ស្វែងរក​ផលចំណេញ តាមរយៈ​ការដណ្ដើម​ទីផ្សារ​មួយចំណែក​ណា​ប៉ុណ្ណោះ គ្មាន​ប្លែក​អ្វី​ផង​។ ខាងលើនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ដែល​គេ​អាច​យល់ថា​លោក ឆាយ គឺជា​អ្នករកស៊ី​ម្នាក់ ដូច​តែ​អ្នកផ្សេង​ដទៃទៀត​អ៊ីចឹង​ដែរ​។​
 
​ចុះ​សហគ្រិន ឬ​សហគ្រិនភាព ខុសពី​អ្នករកស៊ី ដូចម្ដេច​?
 
​បើតាម​វេច​នា​នុ​ក្រម​ខ្មែរ សហគ្រិន គឺជា​ម្ចាស់​សហគ្រាស​។ វេច​នា​នុ​ក្រម​អង់គ្លេស​៖ សហគ្រិន (Entrepreneur) គឺជា​ម្ចាស់​អាជីវកម្ម ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកស្វែងរក​ផលចំណេញ​ដោយ​ការបើក​អាជីវកម្ម​ជាដើម​។ ក្នុង​វេច​នា​នុ​ក្រម មិនមាន​ការពន្យល់​ពាក្យ​សហគ្រិន​នេះ ឲ្យ​ដាច់ចេញពី​អ្នករកស៊ី​នោះទេ​។​
 
​ប៉ុន្តែ​ពាក្យ​សហគ្រិន ឬ​សហគ្រិនភាព មកទល់​បច្ចុប្បន្ននេះ ត្រូវបាន​គេ​ព្យាយាម​ញែក​ឲ្យ​ដាច់ចេញពី​ម្ចាស់​អាជីវកម្ម អ្នករកស៊ី ឬ​អ្នកជំនួញ​។ មាន​សៀវភៅ​ជាច្រើន សាស្ត្រាចារ្យ និង​អ្នក​ដែលជា​សហគ្រិន​ស្រាប់​នៅ​ជុំវិញ​ពិភពលោក បាន​ព្យាយាម​ពន្យល់​ពាក្យ​សហគ្រិន​នេះ ដែល​ធ្វើ​ឲ្យ​ឃើញ​ខុសពី​អ្នករកស៊ី​ធម្មតា​។ 
 
​សហគ្រិន គឺជា​អ្នក​នាំ​គំនិត​ថ្មី​មួយ និង​ធ្វើ​វា​ឲ្យ​ចេញ​ជា​ផលិតផល​ជាក់ស្ដែង​។ ភាសា​អង់គ្លេស​គេ​ច្រើន​និយាយថា bring new idea ។ ត្រង់ចំណុច​នេះហើយ​ដែល​ចំណងជើង​នៃ​អត្ថបទ​នេះ​សរសេរថា សហគ្រិន គឺ​«​បង្កើត​»​។ 
 
​ដូចនេះ ចំណុច​សំខាន់​នៃ​ភាពខុសគ្នា​រវាង​សហគ្រិន និង​អ្នករកស៊ី គឺ​សហគ្រិន​ជា​អ្នក​នាំ​គំនិត​ដែលមាន​ភាព​ពិសេស​ផ្ទាល់ខ្លួន ហើយ​ចាប់ផ្ដើម​ពី​អាជីវកម្ម​បង្កើត​ថ្មី (startup)​។ ដោយឡែក​អ្នករកស៊ី គឺ​បង្កើត​អាជីវកម្ម តាម​លំនាំ​ចាស់ គំនិត​ចាស់​។ 
 
​សហគ្រិន​ជាច្រើន​បាន​នាំ​គំនិត​ថ្មី​របស់ខ្លួន ហើយ​បង្កើត​ទៅជា​ផលិតផល ឬអ្វី​មួយ​ដែល​មនុស្ស​ផង​គ្នា​បាន​ប្រើប្រាស់​មកទល់​សព្វថ្ងៃ​។ ឧទាហរណ៍ Facebook, ផ្សារ​ទំនិញ​តាម​អន​ឡាញរ​បស់ Alibaba, Amazon សេវាកម្ម​ហៅ​តាក់ស៊ី​ជិះ​តាម​អ៊ែ​បរ​បស់ Grab ឬ Uber ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់ Apple ជាដើម​។ របស់​ទាំងអស់នេះ មិន​ដូច​ផលិតផល​ធម្មតា​ដាក់លក់​លើ​ទីផ្សារ​នោះទេ​។ អ្វី​ទាំងអស់នេះ​បាន​ផ្លាស់ប្ដូរ ឬ​មាន​ឥ​ន្ធិ​ពល​ដល់​ការរស់នៅ​របស់​មនុស្ស កាន់តែ​ទំនើប កាន់តែ​ងាយស្រួល​។ គេ​អាច​សម្គាល់ថា ពេល​ផលិតផល​ទាំងនោះ​កើតឡើង ទើប​គេ​ឃើញថា​នោះ​ពិតជា​តម្រូវការ​មែន ឬ​និយាយថា​«​ផលិតផល​នោះ​បង្កើត​ទីផ្សារ​»​។ នោះ​ហើយ​ការបង្កើត​ថ្មី​។ បើ​លក់​គ្រឿងសំណង់​វិញ គឺមាន​ទីផ្សារ​ស្រាប់ មនុស្ស​កំពុង​ត្រូវការ​គ្រឿងសំណង់ ហើយ​គេ​ក៏​ផលិត នាំចូល ដាក់លក់​ក្នុង​ទីផ្សារ​។​
 
​តែ​ខាងលើនេះ​ជា​ឧទាហរណ៍​ផលិតផល​ធំៗ​។ សហគ្រិន មិនបាច់​តែ​ធ្វើ​រឿង​ធំៗ​ដូចនេះ​ទេ ធ្វើ​ផលិតផល​តូចៗ ឬ​បង្កើត​ម៉ូ​ឌែ​ល​អាជីវកម្ម ដែល​តូច​ជាង​នេះ មាន​ឥទ្ធិពល​ដល់​មនុស្ស​តិច​ជាង​នេះ​ក៏បាន​ដែរ​។​
 
​ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន មិន​ដូច​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ​ពី​កសិករ​ផ្សេងទៀត​នោះទេ​។ Amru ចុះកិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ ដោយ​ក្រុមហ៊ុន​សហការ​ផ្ដល់​បច្ចេក​ទេស ប្រភពធនធាន​ផ្សេងៗ និង​ធានា​ទិញស្រូវ​ពី​កសិករ​វិញ​។ នេះ​ជា​ម៉ូ​ឌែ​ល​អាជីវកម្ម​មួយ ដែល​បង្កើត​តម្លៃបន្ថែម​របស់​វា មិន​ដូច​សកម្មភាព​ប្រមូល​ទិញស្រូវ​ធម្មតា​ឡើយ​។ ម្យ៉ាងទៀត Amru ឲ្យ​កសិករ​ផលិត​ស្រូវ​សរីរាង្គ ដែល​ស្រូវ និង​ផលិតផល​ផ្សេង​ដែល​ធ្វើជា​សរីរាង្គ គឺជា​ភាពខ្លាំង​របស់​កម្ពុជា ពោលគឺ​វា​មាន​ទីផ្សារ​ដាច់ដោយឡែក មិន​ត្រូវបាន​វាយប្រហារ​ដោយ​ផលិតផល​ប្រទេស​ដទៃ​នោះទេ​។ លោក សុង សារ៉ន គឺជា​សហគ្រិន​ខ្មែរ​មួយរូប​។​
 
​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​ក្លាយជា​សហគ្រិន​នោះទេ​។ លោក ហៃ លី​អ៊ាង  ដែលជា​សហគ្រិន​មួយរូប​បាន​មើលឃើញ ភាព​ច្នៃប្រឌិត មានគំនិត​ឯករាជ្យ ចក្ខុវិស័យ ភាព​អត់ធ្មត់ ជំនក់​ចិត្ត ចេះ​ដឹកនាំ​ក្រុម យល់​ពី​ទីផ្សារ ជា​គុណសម្បត្តិ​របស់​សហគ្រិន​។ លោក ហៃ លី​អ៊ាង គឺជា​ស្ថាបនិក​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ផលិតផល​កសិកម្ម Confirel ។​
 
​ងាក​មក​ស្វែងយល់​ពី​អ្នករ​ស៊ី​បន្តិច​វិញ​។ គេ​អាច​យល់បាន​យ៉ាង​ងាយ​ថា អ្នករកស៊ី គឺ​យក​ផលចំណេញ​ដាក់​មុខ ដាក់ទុន​ដើម្បី​បង្កើត​លុយ​។ ពួកគេ​ជា​អ្នក​ចាប់​ឱកាស​ទីផ្សារ ដើម្បី​ផលចំណេញ​។ ទោះ​អ្នកខ្លះ​ពោលថា មិន​ចង់ទៅ​ដណ្ដើម​ទីផ្សារ​អ្នកណា ប៉ុន្តែ​ដើម្បី​កាក់កប​ក្នុង​អាជីវកម្ម​របស់ខ្លួន ពិតណាស់ថា​ពួកគេ​ត្រូវ​ប្រកួតប្រជែង និង​ដណ្ដើមយក​ចំណែក​ទីផ្សារ​ក្នុង​កម្រិត​ណាមួយ​។ ពួកគេ​ទាំងនោះ មិន​ចាត់ទុកជា​សហគ្រិន​នោះទេ ព្រោះ​គ្រាន់តែ​ជាការ​ធ្វើ​អាជីវកម្ម​ធម្មតា មិនមែន​បង្កើត​អ្វី​ថ្មី​។​
 
​គេ​ក៏​អាច​និយាយថា សហគ្រិន​ក៏​ជា​អ្នកធ្វើអាជីវកម្ម​ដែរ ព្រោះ​បាន​បង្កើត​ផល​ចំណូល​ដូច​អ្នករកស៊ី​ផ្សេងៗ​ដែរ​។ តែ​ការធ្វើ​អាជីវកម្ម​នេះ​គឺមាន​ម៉ូ​ឌែ​ល​ផ្ទាល់ខ្លួន មាន​ភាព​ពិសេស​ដាច់ដោយឡែក​។ មនុស្ស​ធ្លាប់តែ​ហៅ​តាក់ស៊ី​ជិះ​ផ្ទាល់មាត់ ឬ​តេ​ទូរ​សព្ទ តែ​បច្ចុប្បន្ន​គេ​អាច​ហៅ​តាម APP ស្មា​ត​ហ្វូ​ន​។ គេ​អាច​ទូទាត់​ថ្លៃទំនិញ​នៅ​ផ្សារ​ទំនើប តាម​ទូរ​សព្វ​ដៃ​។ គេ​អាច​ផ្ញើ​លុយ​ទៅ​សាច់ញាតិ​តាមរយៈ Wing ដោយ​មិនបាច់​កាន់​លុយ​នោះ​ទៅ​ផ្ទាល់ ។ ទាំងនេះ​សុទ្ធតែជា​ម៉ូ​ឌែ​ល​អាជីវកម្ម និង​បាន​កែប្រែ​របៀបរបប​រស់នៅ​របស់​មនុស្ស​។ មានន័យថា​សហគ្រិន​ធ្វើ​អាជីវកម្ម ដែលមាន​ភាពខុសប្លែក​ពី​គេ ខុសប្លែក​ពី​ទម្រង់​អាជីវកម្ម​ដែលមាន​ស្រាប់​។ ទោះ​ធ្វើ​ក្នុង​ផលិតផល ឬ​សេវាកម្ម​ដែលមាន​ស្រាប់ តែ​ក្នុង​របៀប​ផ្សេងគ្នា មាន​ភាព​ងាយ និង​ល្អ​ប្លែក​ជាង​មុន​។ បើ​ធ្វើ​ដូច​តែ​មុន អាជីវកម្ម​ថ្មី​នេះ​គ្មាន​តម្លៃ​ទេ​។ អាជីវកម្ម​របស់​សហ​គ្រិន គឺមាន​តម្លៃ​របស់​វា​។​
 
​សហគ្រិន​ជា​អ្នក​«​បង្កើត​»​ទីផ្សារ​ថ្មី​។ ឯ​អ្នករកស៊ី គឺ​ផ្អែកលើ​ទីផ្សារ​ដែលមាន​ស្រាប់ ហើយ​ទទួលបាន​ផល​តាម​សមត្ថភាព តាម​ឱកាស ដើមទុន​របស់គេ​រៀងៗ​ខ្លួន​។ និយាយ​ឲ្យ​ចំ​អ្នករកស៊ី គឺ​«​ដណ្ដើម​»​ចំណែក​ទីផ្សារ​៕

Tag:
 សហគ្រិន​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com