ជាតិ
សង្គមជាតិ
កម្ពុជា ត្រូវការ​​៤០០​លាន​ដុល្លារដើម្បី​សម្អាត​មីន​ឲ្យ​អស់ត្រឹម​២០២៥
20, Feb 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា ទើបតែ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សកម្មភាព​មីន​២០១៨-២០២៥ ក្នុង​គោលបំណង​បំផ្លាញ​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក​ចង្កោម​ឲ្យ​អស់ ដើម្បី​ឲ្យ​កម្ពុជា ក្លាយជា​ទឹកដី ដែល​គ្មាន​មីន នៅត្រឹម​ឆ្នាំ​២០២៥​។ សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានលើកឡើង​ដូច្នេះ នៅក្នុង​សារលិខិត​ស្តីពី​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​លើក​ទី​២០ ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។


 
​សម្តេច ហ៊ុន សែន បញ្ជាក់ថា  កម្ពុជា នៅមាន​ផ្ទៃដី​ប្រមាណ​១៩៧០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែលមាន​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក ហើយ​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ លើ​ការ​បោសសម្អាត ពី​ឆ្នាំ​២០១៨ ដល់ ឆ្នាំ​២០២៥​។ យ៉ាងណា ប្រមុខ​រដ្ឋាភិបាល អះអាងថា កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​តែមួយ​ផ្អែក មិនអាច​ផ្តល់​សុវត្ថិភាព​ទាំងស្រុង ជូន​ប្រជាពលរដ្ឋ​បានឡើយ​។ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការងារ​ដ៏​សំខាន់​មួយទៀត​នៃ​វិស័យ​សកម្មភាព​មីន គឺ​ការអប់រំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់​បែ​ចង្កោម​។ 
 
​នាយករដ្ឋមន្ត្រី សរសេរ​ក្នុង​សារលិខិត​ប​បែបនេះ​ថា​៖«​គ្រោះថ្នាក់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម នៅតែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​យើង ធ្លាក់ខ្លួន​ពី​ការ បាត់បង់​ជីវិត​មនុស្ស សត្វពាហនៈ និង​ខូចខាត​ទ្រព្យ​សប្ប​ត្តិ​អស់​ជាច្រើន​»​។ 
 
​កម្ពុជា បាន​ប្រើពេល​២៧​ឆ្នាំ​ហើយ ក្នុងការ​បោសសម្អាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ ដែល​សល់​ពី​សង្គ្រាម​។ ពី​ឆ្នាំ​១៩៩២ ដល់ ឆ្នាំ​២០១៨ កម្ពុជា បាន​រំដោះ​ដី​មាន​មីន បាន​ជិត​២​ពាន់​គីឡូ​ម៉ែត្រក្រឡា ដោយ​ដី​ទាំងនោះ ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ សម្រាប់​កសាង​ភូម​ដ្ឋា​ន​និង​ធ្វើស្រែ​ចម្ការ  និង​ដី​ខ្លះទៀត ត្រូវបាន​រដ្ឋាភិបាល កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា​។ 
 
​គិត​មកដល់ពេលនេះ កម្ពុជា បាន​រកឃើញ​និង​កម្ទេចចោល​គ្រប់​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ គ្រាប់មីន​ប្រឆាំង​រថ​គ្រោះ​ជាង​២,៤​មឺ​ន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២,៧​លាន​គ្រាប់​។ ចំនួន​ប្រជាជន​ដែល​រងគ្រោះ បាន​ធា្ល​ក់​ចុះ​ពី​២៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨៕ 
 

Tag:
 ហ៊ុន សែន​
  មីន​
© រក្សាសិទ្ធិដោយ thmeythmey.com