ជាតិ
សេដ្ឋកិច្ច
សម្ដេចបញ្ជាក្រសួងកសិកម្មឲ្យណែនាំកសិករ«កុំដាំដុះអ្វី ជ្រួលតាមទីផ្សារមួយពេល»
× ភ្នំពេញ៖ ក្រសួងកសិកម្មត្រូវណែនាំដល់កសិករ ឲ្យពួកគាត់ចៀសវាងដាំដុះដំណាំ ដោយជ្រួលតាមទីផ្សារមួយគ្រា ដោយចោលមុខដំណាំពីមួយទៅមួយឥតច្បាស់លាស់។ នេះបើតាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅស្រុកអង្គស្នួលខេត្តកណ្ដាល នៅថ្ងៃទី២០ខែកុម្ភៈនេះ។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
«យើងធ្វើ (កសិកម្ម) គឺមានគោលដៅបម្រើឲ្យសេចក្ដីត្រូវការតាមសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែការនាំគ្នាផ្អើលតាមសេដ្ឋកិច្ចផ្សារហួសហេតុពេក ក៏វាមិននាំមកនូវការលូតលាស់សេដ្ឋកិច្ចដែរ។ ឧទាហរណ៍ ឃើញកៅស៊ូឡើងថ្លៃ នាំគ្នាដាំកៅស៊ូ។ ដល់ពេលកៅស៊ូចុះថ្លៃ ស្វាយចន្ទីឡើងថ្លៃ ដាំស្វាយចន្ទីវិញម្ដង ដល់ពេលម្រេចឡើងថ្លៃស្វាយចន្ទីចុះថ្លៃ កាប់ស្វាយចន្ទីចោលដាំម្រេចវិញ។ ដូចនេះការធ្វើបែបនេះមិនទទួលបានផលទេ»។ សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះ។
សម្ដេចនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងកសិកម្ម ត្រូវពន្យល់ណែនាំពីបញ្ហាទីផ្សារ និងផ្ដល់បច្ចេកទេសដល់កសិករ។ ប្រមុខរដ្ឋាភិបាលណែនាំដូច្នេះថា៖«សុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការចង្អុលណែនាំដល់ប្រជាកសិករ កុំឲ្យលុះទៅទាមចរន្តទីផ្សារតាមដំណាក់កាល។ ហើយក៏ត្រូវមានការគាំទ្រផ្នែកបច្ចេកទេសដល់កសិកររបស់យើង»។
សម្ដេចបានលើកឧទាហរណ៍អ្នកដាំកៅស៊ូរបស់ថៃ ដែលពេលកៅស៊ូធ្លាក់ថ្លៃ គេមិនទាន់ចៀរជ័រកៅស៊ូទេ ហើយមិនផ្លាស់ប្ដូរទៅដាំដំណាំផ្សេងដែរ គឺរង់ចាំប្រមូលផលក្នុងពេលកៅស៊ូឡើងថ្លៃ៕
Tag:
ទីផ្សារកសិកម្ម
ដាំដុះ
កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com