ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ឲ្យឈប់ហូបត្រីក្រពត ក្រោយមានករណីពុលមួយគ្រួសារ
× ភ្នំពេញ៖ បន្ទាប់ពីមានករណីពុលត្រីក្រពតក្នុងគ្រួសារមួយ នៅខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឲ្យម្តាយស្លាប់ និងកូន៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះ ក្រសួងសុខាភិបាល ក៏ក្រើនរម្លឹកនិងអំពាវនាវកុំឲ្យប្រជាពលរដ្ឋបរិភោគត្រីក្រពត។
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការបង្ការបញ្ហាសុខភាពបណ្ដាលមកពីការពុលដោយការបរិភោគតត្រីក្រពត។ ក្រសួងសុខាភិបាល អះអាងថា មានករណីពុលត្រីក្រពតជាបន្តបន្ទាប់ ដោយមានអ្នកស្លាប់៥នាក់ ក្នុងចំណោមអ្នកឈឺ៤០នាក់ ពីឆ្នាំ២០១៧ មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។ កន្លងមក ក្រសួងសុខាភិបាល ក៏បានណែនាំដាស់តឿនពីករណីបណ្ដាលមកពីការបរិភោគត្រីក្រពតនេះដែរ។
បើតាមក្រសួងសុខាភិបាល ត្រីក្រពតមាន១០ប្រភេទនៅកម្ពុជា ដោយក្នុងនោះ មាន៣ប្រភេទដែលមានជាតិពុល។ ត្រីមានជាតិពុលនោះគឹ Tetraodon cochinchinensis, Monotrete leiurus និង Tetraodon fluviatilis។ ជាតិពុលដែលមានក្នុងត្រីនេះ មានសក្ដានុពលខ្ពស់ អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ ជាតិពុលអាចជ្រាបទៅប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល បណ្ដាលឲ្យស្លាប់។
ក្រសួងសុខាភិបាល បញ្ជាក់ថា រោគសញ្ញាពុលត្រីក្រពតចាប់ផ្ដើមក្នុងរយៈពេល២០នាទី ទៅដល់២ម៉ោង បន្ទាប់ពីការបរិភោគត្រីបែបនេះ។ រោគសញ្ញាពុលត្រីក្រពត មានរមាស់ចាក់ៗ នៅបបូរមាត់និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឲ្យស្លាប់តែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com