កីឡាអន្តរជាតិ
អន្តរជាតិ
ជុំវិញ​ការផ្ទេ Sala៖ Cardiff ពន្យារ​ពេល​បង់ប្រាក់ ១៩​លាន​ដុល្លារ ទៅ Nantes
21, Feb 2019 , 2:16 pm        
រូបភាព
​ក្លិប Cardiff City ពន្យារពេល​បង់ថ្លៃ​ផ្ទេរ​បស់​កីឡាករ Emiliano Sala ក្នុង​ចំនួន​ទឹកប្រាក់ ១៥​លាន​ផោន (​ជាង​១៩​លាន​ដុល្លារ​អាមេរិក​) រហូតដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​


 
​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ Premier League នេះ​ត្រូវ​ដល់ពេល​កំណត់​ទូទាត់​ប្រាក់​លើកទីមួយ​ទៅ​ឲ្យ​ក្លិប Nantes នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ប៉ុន្តែ​ក្លិប​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ពន្យារពេល​ក្នុង​រយៈ​មួយ​សប្ដាហ៍​។ នេះ​បើតាម​ការផ្សាយ​របស់ BBC Wales Sport​។​
 
Sala ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៨ ឆ្នាំ បាន​យល់ព្រម​ចុះហត្ថលេខា​ដើម្បី​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Cardiff ក្នុងតម្លៃ​កំណត់ត្រា​ពី​ក្រុម​នៃ​ក្របខណ្ឌ Ligue 1 បារាំង Nantes កាលពី​ខែមករា​កន្លងទៅ​។​
 
​ជា​អកុសល Sala បាន​ស្លាប់​ដោយ​ការធ្លាក់​យន្តហោះ​ជាមួយ​ពី​ឡុ​ត​ម្នាក់ទៀត​ឈ្មោះ David Ibbotson អំឡុងពេល​អ្នក​ទាំងពី​រ​ធ្វើដំណើរ​ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍ កាលពី​ថ្ងៃទី​២១ ខែមករា​។ សាកសព​របស់ Sala ត្រូវបាន​ក្រុម​អ្នករុករក​ស្រង់​ឡើង​ពី​បាតសមុទ្រ នឹង​ដឹក​យកទៅ​អា​ហ្ស​ង់​ទីន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។​
 
​នេះ​ក៏​ជាការ​ខាតបង់​ធំ​បំផុត​សម្រាប់​ក្លិប​ដែលមាន​ម្ចាស់​ជា​ជនជាតិ​ម៉ាឡេស៊ី​នេះ ព្រោះ​ត្រូវ​ត្រូវគោរព​តាម​កិច្ចសន្យា​ដោយ​បង់ប្រាក់​ពេញ​តែម្តង​។​
 
​ក្លិប Nantes បាន​សរសេរ​លិខិត​ផ្ញើ​ទៅ Cardiff ដោយមាន​សំណើ​សម្រាប់​ការបង់ប្រាក់​ជា​លើកដំបូង ក្នុងចំណោម​ការបង់ប្រាក់​ទាំង​៣​លើក នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។​
 
​ប៉ុន្តែ​ខាង Cardiff បានស្នើ​ពន្យា​រពេល​វិញ ដ្បិត​ពួកគេ​កំពុង​ស្វែងរក​ការបំភ្លឺ​ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​អំពី​គ្រោះថ្នាក់​របស់ Sala ហើយ​ត្រូវ​រង់ចាំ​រហូតដល់​ការស៊ើបអង្កេត​ជុំវិញ​ការធ្លាក់​យន្តហោះ​បញ្ចប់​ដោយ​ជោគជ័យ​៕

Tag:
 បាល់ទាត់​
  Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com