ជាតិ
នយោបាយជាតិ
ប្រធានរដ្ឋវៀតណាម នឹងមកកម្ពុជា នៅថ្ងៃ២៥កុម្ភៈ រូបពី AFP៖ លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម
× លោក ង្វៀន ហ្វ៊ូជុង ( Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
លោក ង្វៀន ហ្វ៊ូជុង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ បន្ទាប់មក លោក នឹងចូលថ្វាយបង្គំសម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចព្រះសង្ឃរាជ បួរ គ្រី។
បន្ទាប់មកទៀត ប្រមុខរដ្ឋវៀតណាមរូបនេះ នឹងមានជំនួបដាច់ដោយឡែកជាមួយនឹងមេដឹកនាំកំពូលៗរបស់កម្ពុជា គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្រសួងការបរទេស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា លោក ង្វៀន ហ្វ៊ូជុង និង សម្តេច ហ៊ុន សែន នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនរវាងកម្ពុជា-វៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com