អន្តរជាតិ
លោក ត្រាំ គំរាម​ដាក់​ពន្ធ​ប្រឆាំង​រថយន្ត​អឺរ៉ុប​ជាថ្មី ដោយ​លើក​ហេតុផល​ការពារ​សន្តិសុខ​ជាតិ​
21, Feb 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​សហភាព​អឺរ៉ុប​ថា អាមេរិក​នឹងដាក់​ព័ន្ធ​លើ​រថយន្ត​នាំចូល​បើសិនជា​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ត្រូវបាន​បង្កើតឡើង​រវាង​អាមេរិក​ជាមួយ​សហភាព​អឺរ៉ុប​ទេ​នេះ​។ លោក ត្រាំ គំរាម​ដាក់​ពន្ធ​ជាថ្មី​បន្ទាប់ពី​ទទួលបាន​របាយការណ៍​ថា រថយន្ត​នាំចូល​ពី​អឺរ៉ុប​នៅ​បន្ត​ជា​បញ្ហា​គំរាមកំហែង​សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក​។​


 
​ខណៈដែល​ការចរចា​គ្នា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​មិនទាន់​ចាប់ផ្តើម ប្រធានាធិបតី អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​គំរាម​ប្រទេស​អឺរ៉ុប​ជាថ្មី​ថា​នឹងដាក់​ពន្ធ​ប្រឆាំង​រថយន្ត​នាំចូល​ពី​អឺរ៉ុប​នៅពេល​ខាងមុខ​។ 
 
​លោក ត្រាំ បាន​គំរាម​ដាក់​ពន្ធ​ប្រឆាំង​រថយន្ត​អឺរ៉ុប​ជាថ្មី​នៅ​ថ្ងៃ​ពុធ​ទី ២០ ខែកុម្ភៈ ដោយ​អះអាងថា វិធានការ​នេះ​ត្រូវ​ដាក់ចេញ​បើសិនជា​អាមេរិក​និង​អឺរ៉ុប​គ្មាន​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា​ទេ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​និយាយ​បែបនេះ​៖ «​យើង​កំពុង​ចរចា​គ្នា​។ ប្រសិន​យើង​មិនបង្កើត​កិច្ចព្រមព្រៀង​បានទេ យើង​នឹងដាក់​ពន្ធ​ភា្ល​ម​»​។​
 
​លោក ត្រាំ បន្ត​រិះគន់​អឺរ៉ុប​ថា​៖«​យើង​កំពុង​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​។ សហភាព​អឺរ៉ុប​រឹងទទឹង​ណាស់​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​។ ពួកគេ​តែងតែ​លំបាក​ខ្លាំង​ក្នុង​ការចរចា​បែបនេះ​រាប់​ឆ្នាំ​មកហើយ​»​។​
 
​ការ​ឈានទៅ​គំរាម​ដាក់​ពន្ធ​ប្រឆាំង​ក្រុមហ៊ុន​រថយន្ត​អឺរ៉ុប ធ្វើឡើង​ប្រហែល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រសួងពាណិជ្ជកម្ម​បញ្ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញថា រថយន្ត​របស់​អឺរ៉ុប​ដែល​នាំចូល​នោះ​ក្លាយជា​បញ្ហា​សន្តិសុខ​ជាតិ​សម្រាប់​សហរដ្ឋអាមេរិក​។ កន្លងមក សេត​វិមាន​អាមេរិក​ក៏​ធ្លាប់ប្រើ​ហេតុផល​សន្តិសុខ​ជាតិ​នេះ​ដើម្បី​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំចូល​ដូចគ្នា​ដែរ​។​
 
​គេ​ព្យាករណ៍​ថា របាយការណ៍​ថ្មី​ពី​ក្រសួង​ជំនាញ​នេះ​នឹង​អាច​ជំរុញ​ឲ្យ​សេត​វិមាន​ដាក់​ពន្ធ​ក្នុង​រយៈពេល ៩០​ថ្ងៃ​ខាងមុខ​ទៀត​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ព្រុ​ច​សែ​ល​បាន​ព្រមាន​ជាមុន​ថា ខ្លួន​នឹងដាក់​វិធាន​ការតបត​វិញ​ដែរ​ប្រឆាំងនឹង​ក្រុង​វ៉ាស៊ីនតោន​ភ្លាម​។ 
 
​ការ​គំរាម​ដាក់​ពន្ធ​ប្រឆាំង​រដ្ឋ​អឺរ៉ុប​ត្រូវបាន​លោក ត្រាំ លើកឡើង​ច្រើនដង ហើយ​លោក​ក៏បាន​ប្រកាស ដាក់​ពន្ធ ២៥ ភាគរយ​លើ​រថយន្ត​នាំចូល​ពី​អឺរ៉ុប​ជាពិសេស​មកពី​អាល្លឺម៉ង់ ដើម្បី​ការពារ​ក្រុមហ៊ុន​ផលិត​ឡាន​ក្នុងស្រុក​ផង​។ ប៉ុន្តែ​ក្រោយមក លោក ត្រាំ បាន​ឯកភាព​ផ្អាក​អនុវត្ត​ចំណាត់ការ​នេះ​បន្ទាប់ពី​ជួប​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker កាលពី​ខែកក្កដា​ឆ្នាំទៅ​។ 
 
​មកដល់​ពេលបច្ចុប្បន្ន ភាគី​ទាំងពីរ​មិនទាន់​ចាប់ផ្តើម​ដំណើរការ​ចរចា​គ្នា​ទេ ថ្វីបើ​មានការ​ឯកភាពគ្នា​ទុកពេល​ចរចា​ក៏ដោយ​។ គណៈកម្មការ​អឺរ៉ុប​ចាំបាច់​ត្រូវសុំ​ការយល់ព្រម​ពី​បណ្តា​រដ្ឋ​សមាជិក​ជាមុនសិន​លើ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​នេះ មុននឹង​ចាប់ផ្តើម​ការចរចា​បាន​។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដើម្បី​ពិនិត្យមើល​លើ​សំណើ​រទាំង​នេះដែរ​នៅ​រដ្ឋធានី​ប៊ុ​យ​ការ៉េ​ស ប្រទេស រូ​ម៉ា​នី​។ 
 
Washington already has used the national security argument to impose steep tariffs on steel and aluminum imports, drawing instant retaliation from the EU, Canada, Mexico and China.
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  រថយន្ត​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com