ជាតិ
ជប៉ុន មាន​ទុនវិនិយោគ​ជាង​២​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​
21, Feb 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជប៉ុន មាន​ទុនវិនិយោគ​ជាង​២​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ក្នុង​គម្រោង​ជាង​១០០ នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​


 
​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន មាន​ចំនួន​១៣៧​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ​២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​គម្រោង​វិនិយោគ​៦៦ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ក្រោម​កិច្ចព្រមព្រៀង​កម្ពុជា​និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ​និង​ការការពារ​វិនិយោគ លោក សុខ ចិន្តា​សោភា បាន​និយាយប្រាប់​ភាគី​ជប៉ុន​ថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​បញ្ហា​ដល់​អ្នកវិនិយោគ​បរទេស ដូចជា ការបញ្ចុះ​ថ្លៃ​អគ្គិសនី ការរៀបចំ​ប្រព័ន្ធ​អន​ឡាញ​ក្នុងការ​បង្វិល​សង​អាក​រលើ​តម្លៃបន្ថែម និង​ការកាត់បន្ថយ​ថ្លៃ​ស្កែ​ន​កុងតឺន័រ​ជាដើម ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
 
​ដូច្នេះ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រូបនេះ រំពឹងថា កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន នឹង​អាច​ផ្ដល់ឱកាស​ឲ្យ​ស្ថាប័នរដ្ឋ​កម្ពុជា និង​អ្នកវិនិយោគ​ជប៉ុន ស្វែងយល់​ពី​បញ្ហា​ប្រឈម ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​អំណោយផល​ថែមទៀត​។​
 
​ជាការ​ឆ្លើយតប​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ិ​ឈិ អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចាត់ទុក​ការដាក់ចេញ​វិធាន​ការជួយ​សម្រួល​ដល់​ការវិនិយោគ​បរទេស គឺជា​ផ្នែក​មួយ​ល្អ ដែល​នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ការវិនិយោគ​ជប៉ុន​នៅ​កម្ពុជា ក៏ដូចជា​ការទាក់ទាញ​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ផង​។ 
 
​កម្ពុជា និង​ជប៉ុន នឹង​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​លើក​ទី​១៨ នៅ​ថ្ងៃទី​២៩ មីនា​ខាងមុខ ដើម្បី​ពិភាក្សា​បន្ថែមទៀត លើ​បញ្ហា​ទាក់ទង​នឹង​កំណែទម្រង់ ដែល​ត្រូវប្រកាន់យក ក្នុងការ​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច​៕

Tag:
 ជប៉ុន​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com