រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសដំឡើងថ្លៃផាកពិន័យសម្រាប់អ្នកបើកបរឡាន ម៉ូតូ កង់ និងថ្មើរជើងដែលមិនគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ។ ការដំឡើងទឹកប្រាក់ផាកពិន័យនេះ ជាការពង្រឹងការអនុវត្តច្បាប់លើជនបំពាន និងពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវផងដែរ។ នេះជា ក៏លើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំដែលសិង្ហបុរីផ្លាស់ប្ដូរតម្លៃផាកពិន័យអ្នកបើកយានយន្តតាមផ្លូវបែបនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២១ ខែកុម្ភៈ ក្រសួងមហាផ្ទៃសិង្ហបុរីបញ្ជាក់ថា ការដំឡើងថ្លៃផាកពិន័យ ជាការធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងទប់ស្កាត់ការកើនឡើងបទល្មើសលើដងផ្លូវផង។ បើតាមសេចក្ដីប្រកាសដដែល វិធានការថ្មីនេះ ជារឿងចាំបាច់ដើម្បីលុបបំបាត់ដើមចមនៃគ្រោះថ្នាក់ និងជាការបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរដែលមានមនុស្សស្លាប់ ឬរបួស ប៉ុន្តែបទល្មើសស្រាល និងមិនបង្កគ្រោះថ្នាក់អ្នកដទៃ នឹងរងការពិន័យតិចតួច។
នៅសិង្ហបុរី សកម្មភាពបំពានច្បាប់ចរាចរណ៍ណាមួយ នឹងរងការពិន័យជាពិន្ទុ។ ការពិន័យជាទឹកប្រាក់ គឺប្រែប្រួលតាមពិន្ទុពិន័យដែលទទួល គឺបើបុគ្គលណាប្រព្រឹត្តបទល្មើសដែលទទួលពិន្ទុពិន័យតិច ការពិន័យជាប្រាក់ក៏តិច បើប្រើរងការពិន័យជាពិន្ទុច្រើន ក៏ត្រូវបង់ថ្លៃពិន័យតាមនោះដែរ។
ក្នុងការដំឡើងថ្លៃពិន័យថ្មីដែលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមេសាខាងមុខ អ្នកបើកបរយានយន្តធុនស្រាលដែលល្មើសច្បាប់ដូចជាការបត់ត្រឡប់ក្រោយដែលជាបទល្មើសមានពិន្ទុពិន័យសូន្យ នឹងត្រូវរងពិន័យចំនួន៧៣,៩២ដុល្លារអាមេរិក ប៉ុន្តែអ្នកបើកររថយន្តធុនធ្ងន់អាចរងពិន័យដល់ទៅ១១០,៨៨ដុល្លារ។ ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបរ រងការពិន័យបួនពិន្ទុ ហើយត្រូវបង់ថ្លៃពិន័យពី១១០,៨៨ ដុល្លារសម្រាប់រថយន្តធុនស្រាល និង១៨៤,៨០ដុល្លារ។
ការបើកបរបំពានភ្លើងសញ្ញចរាចចរណ៍ក្រហម ជាបទល្មើសមានពិន្ទុពិន័យ១២ នឹងត្រូវរងការពិន័យជាប្រាក់ចំនួន៣៣២,៦៤ដុល្លារអាមេរិកសម្រាប់ឡានធុនស្រាល និង៣៦៩,៦១ដុល្លារអាមរិកសម្រាប់ឡានធុនធ្ងន់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewAsia ។
ជាលើកដំបូងក្នុងពេលច្រើនជាង២០ឆ្នាំ សិង្ហបុរីក៏សម្រេចចិត្តបង្កើនប្រាក់ពិន័យអ្នកបើកម៉ូតូ និងថ្មើរជើងដែលមិនគោរពច្បាប់ដែរ។ ក្នុងវិធានការថ្មីនេះ ការឆ្លងផ្លូវតែមិនដើរកាត់គំនូសសម្រាប់ថ្មើរជើង នឹងត្រូវពិន័យចំនួន៣៦,៩៦ដុល្លារអាមេរិក ហើយបើដើរចូលផ្លូវល្បឿនលឿន អាចត្រូវពិន័យទឹកប្រាក់ចំនួន៥៥,៤៤ដុល្លារអាមេរិក។ សម្រាប់អ្នកជិះកង់វិញ បើមិនពាក់មួកសុវត្ថិភាព ឬមិនឈប់ត្រង់ភ្លើងសញ្ញាចរាចរណ៍ នឹងត្រូវផាកចំនួន៥៥,៤៤ដុល្លារដែរ៕