ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឲ្យ​ក្រុមហ៊ុន ៧ ដែលមាន​ទុន​ជិត​៦០​លាន​ដុ​លា្ល​រ បង្កើត​រោងចក្រ​នៅ​កម្ពុជា​
21, Feb 2019 , 8:59 pm        
រូបភាព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៧ បង្កើត​រោងចក្រ​ផលិតផល​ផ្សេងៗ នៅក្នុង​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ និង​នៅ​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង​៧​នោះ មាន​ទុនវិនិយោគ​សរុប ៥៨,៩​លាន​ដុល្លារ ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​បាន​ជិត​១​ម៉ឺន​កន្លែង​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​CDC​។​

 
​បើតាម​CDC ក្រុមហ៊ុន​ទាំង​៧​នេះ រួមមាន ក្រុមហ៊ុន YIMGJIA (CAMBODIA) ART SUPPLY MFG មាន​ទឹកប្រាក់​វិនិយោគ​ជិត​៦​លាន​ដុល្លារ ដែល​គ្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​ស៊ុម​គំនូរ​រូបថត និង​សម្ភារ​សម្រាប់​រចនា​ស៊ុម​រូបថត នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
 
​ក្រុមហ៊ុន CNDEGRE INTERNATIONAL (KH) CO.,LTD និង​ក្រុមហ៊ុន​JACKIE TSENG GARMENT (CAMBODIA) មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-​ប៉ាក់ និង​ផលិត​កាបូបស្ពាយ នៅ​ខេត្តកំពង់ស្ពឺ ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន​៣៩,៥​លាន​ដុ​លា្ល​រ​។ ដោយ​CNDEGRE INTERNATIONAL (KH) មាន​ទុន​៣៣,៨​លាន​ដុល្លារ និង​ក្រុមហ៊ុន JACKIE TSENG GARMENT (CAMBODIA) មាន​ទុនវិនិយោគ​ប្រមាណ ៥,៧​លាន​ដុល្លារ​។​
 
​ក្រុមហ៊ុន​BIG C SUPERCENTER (CAMBODIA) មាន​ទុន​៦,៨​លាន​ដុល្លារ គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
 
​ដោយឡែក ក្រុមហ៊ុន​HUABAOSUYE PLASTIC PRODUCTS (CAMBODIA) ក្រុមហ៊ុន ZHAOHUI FILTER និង​ក្រុមហ៊ុន NY SE NY SENG  មាន​ទុនវិនិយោគ​ចំនួន​៧,៧​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​HUABAOSUYE PLASTIC PRODUCTS បង្កើត​រោងចក្រ​ផលិត​ថង់យួរ​ប្លា​ស្ទីក​គ្រប់​ប្រភេទ​។ ក្រុមហ៊ុន ZHAOHUI FILTER បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ម៉ាស៊ីន​បូម​ធូលី និង​តម្រង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​-​ទឹក និង​ក្រុមហ៊ុន NY SE NY SENG  បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ  ដែលមាន​ទីតាំង​វិនិយោគ​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕
 

Tag:
 រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com