អន្តរជាតិ
ហេតុអ្វី​លោក ត្រាំ មិន​ប្រញាប់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​?
21, Feb 2019 , 9:19 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​២១ ខែកុម្ភៈ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មាន​ពេល​មួយ​សប្ដាហ៍​ទៀត​មុនពេល​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​ជជែក​ពី​ការរំសាយ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​មុន​ជំនួប​លើក​ទី​ពីរ​មកដល់ ហើយ​ដែល​ទំនងជា​ជំនួប​សំខាន់​ជាង​លើ​មុន​ផង​នោះ លោក ត្រាំ បែរជា​និយាយថា គ្មាន​កាលបរិច្ឆេទ​កំណត់​ឡើយ​ចំពោះ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ហេតុអ្វី​លោក ត្រាំ មិន​ប្រញាប់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ បើ​វា​ជា​គោលដៅ​ធំចម្បង​របស់លោក​ទៅហើយនោះ ឬ​លោក​ដឹង​មុន​ថា ជំនួប​នៅ​វៀតណាម​នឹង​គ្មាន​ផ្លែផ្កា​?

 
​ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧-២៨ ខែកុម្ភៈ​ខាងមុខ ដោយមាន​វៀតណាម​ជា​ម្ចាស់ផ្ទះ​។ ដូច​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី​ដែរ គោលដៅ​សំខាន់ៗ​របស់លោក ត្រាំ គឺ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ជាក់លាក់​មួយ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក ត្រាំ ហាក់​ទម្លាក់​ក្ដី​រំពឹង​របស់ខ្លួន​ទៅវិញ​។ នៅ​ថ្ងៃ​អង្គារ​ទី ១៩ ខែកុម្ភៈ លោក ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក​ក៏​មិន​ប្រញាប់ប្រញាល់​ចង់ឃើញ​លទ្ធផល​ពេក​ដែរ ឲ្យ​តែ​កូរ៉េខាងជើង​មិន​សាកល្បង​អាវុធ​ទៀត​។ មិនមែនជា​រឿង​ថ្មី​ដែល​លោក​និយាយ​បែបនេះ ប៉ុន្តែ​ការលើកឡើង​ម្ដងទៀត​បែបនេះ​មុន​ជំនួប​សប្ដាហ៍​ក្រោយ អាចមាន​អត្ថន័យ​ផ្សេង​វិញ​។​
 
​សម្ដី​បែបនេះ អាចជា​ការ​គោះ​ជួង​ជាមុន​ថា ជំនួប​នៅ​វៀតណាម​អាច​មិនមាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​។ នា​ជំនួប​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ លោក ត្រាំ និង​លោក គីម បានសម្រេច​សេចក្តីថ្លែងការណ៍​មួយ​ដែល​មិនមាន​កំណត់​ចំណុច​សំខាន់​អ្វី​សម្រាប់​ការឈាន​ទៅ​រំសាយ​អាវុធ​ឡើយ​។ វា​មានតែ​ពាក្យ​ប្តេជ្ញាចិត្ត​រំសាយ​អាវុធ​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​។ តើ​ត្រូវធ្វើ​នៅពេលណា​ឬ​ប្រើប្រាស់​យន្តការ​ជាក់លាក់​អ្វី​នោះ គ្មាន​ការកំណត់​នោះឡើយ​។​
 
​រំសាយ​នុយក្លេអ៊ែរ ជា​រឿង​និយាយ​ស្រួល​ជាង​ធ្វើ​
 
​ជាការ​ពិត ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង មិនមែនជា​រឿង​ស្រួល​ឡើយ​។ ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី អាមេរិក និង​កូរ៉េខាងជើង​ក៏​ចាប់ផ្ដើម​ការចរចា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដ៏​ទូលាយ ប៉ុន្តែ​រាប់សិប​ខែ​មកនេះ គ្មាន​លទ្ធផល​អ្វី​ឡើយ​។ រឿង​គួរកត់សម្គាល់​នោះ តាំងពី​ចុងឆ្នាំ​២០១៧ រហូត​ដល់ពេល​ចរចា និង​ក្រោយមកទៀត កូរ៉េខាងជើង​មិនបាន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​អ្វី​ឡើយ​។ ប្រធានាធិបតី​អាមេរិក​ចាត់ទុក​សកម្ម​ភាព​ក្រុង​ព្យុងយ៉ាង​បែបនេះ​ជា​រឿង​វិជ្ជមាន​ទៅវិញ​។​
 
​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​បែបនេះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ជា​សរុប កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​៦​ដង ប៉ុន្តែ​ចន្លោះពេល​ធ្វើតេស្ត​នីមួយៗ​មាន​រយៈពេល​យូរ​។ ជាក់ស្ដែង ចន្លោះពេល​ការសាកល្បង​លើក​មួយ និង​ពីរ​មាន​គម្លាត​ប្រហែល​បី​ឆ្នាំ ហើយ​រវាង​លើក​ទី​ពីរ និង​លើក​ទី​បី មាន​ដល់​ទៅ​៤​ឆ្នាំ​ផង​។ ដូចនេះ ទឹក​ស្ងប់​មិនមែន​គ្មាន​ត្រី​ឡើយ ហើយ​កូរ៉េខាងជើង​ឆ្លៀតឱកាស​នេះ​ដើម្បី​បង្កើន​សមត្ថភាព​អាវុធ​របស់ខ្លួន​ប៉ុណ្ណោះ​។​
 
​បើតាម​របាយការណ៍​ថ្មី​នេះ​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង​នៅតែមាន​សកម្មភាព​ពាក់​ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​ប្រើប្រាស់​ទីតាំង​ស៊ីវិល​ដើម្បី​លាក់​បំពួន​អាវុធ​ពី​ការវាយប្រហារ​ដោយ​មិនដឹង​មុន​របស់​អាមេរិក​ទៅទៀត​។ បានន័យថា កូរ៉េខាងជើង​មិនមាន​បំណង​បោះបង់​អាវុធ​របស់ខ្លួន​នៅពេល​ឆាប់ៗ​នេះឡើយ ទោះជា​ប្រមុខ​ដឹកនាំ​វ័យក្មេង គីម​ជុង​អ៊ុន សន្យា​ក្ដែ​ងៗ​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក​ក្ដី​។​
 
​ងាក​ទៅ​រឿង​ជំនួប​វិញ លោក ត្រាំ អះអាងថា ជំនួប​នៅ​វៀតណាម​មិនមែនជា​ជំនួប​ចុងក្រោយ​ឡើយ​។ លោក ត្រាំ ទំនង​ចង់​ប្រាប់ថា កុំ​រំពឹង​ខ្ពស់​ពេក​សម្រាប់​ជំនួប​លើក​ទី​ពីរ​នេះ​។ ជំនួប​នៅ​រដ្ឋធានី​ហាណូយ អាច​នឹង​មិនមាន​កិច្ចព្រមព្រៀង​ធំដុំ​ឡើយ ក្រៅពី​ការប្រកាស​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ ឬ​ការបន្ត​ការ​អនុវត្តតាម​អ្វីដែល​ឯកភាពគ្នា​នៅ​សិង្ហ​បុរី​។ 
 
​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​លឿន ជា​រឿង​មិនអាច​ទៅរួច​?
 
​កូរ៉េខាងជើង​មាន​ឆន្ទៈ​លុបបំបាត់​នុយក្លេអ៊ែរ​ជា​រឿង​ពិត​។ នេះ​បើ​គ្រប់​គ្ន​ជឿ​តាម​សម្ដី​លោក គីម ។ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ពី​ក្រោយខ្នង​នោះ គឺ​វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ​បើ​លោក ត្រាំ ចង់​បន្ថែម​ល្បឿន​ដល់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នោះ​។ អាច​និយាយបានថា មកទល់​សព្វថ្ងៃ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​កំពុង​ដើរ​លើផ្លូវ​តែមួយ​ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​មិនបាន​ដើរ​លឿន​ដូច​វ៉ាស៊ីនតោន​ឡើយ​។​
 
​មូលហេតុ​សំខាន់​ជាងគេ គឺ​នុយក្លេអ៊ែរ​ជា​ខែល​ការពារ​របប​ដឹកនាំ​ត្រកូល គីម នៅ​កូរ៉េខាងជើង​។ បើ​និយាយ​ឲ្យ​ចំ គឺ​ទុក​ការពារ​ប្រឆាំង​សកម្មភាព​អរិភាព​របស់​អាមេរិក​ដែលជា​ដៃគូ​ចរចា​ផង​។ បច្ចុប្បន្ន លោក គីម មិនទាន់មាន​មូលហេតុ​ត្រឹមត្រូវ និង​ច្បាស់លាស់​ដើម្បី​ទម្លាក់អាវុធ​របស់ខ្លួន ហើយ​ទុក​ឱកាស​ឲ្យ​អាមេរិក​វាយប្រហារ​ខ្លួន​ឡើយ​។ 
 
​ដូច​ឃើញស្រាប់ កូរ៉េខាងជើង​តែង​ទាមទារ​នេះ​ទាមទារ​នោះ​ដើម្បី​គោលដៅ​សំខាន់​របស់ខ្លួន គឺ​រក្សា​សុវត្ថិភាព​របប​ដឹកនាំ​របស់ខ្លួន​។ នាពេល​កន្លងមក កូរ៉េខាងជើង​ចង់​ឲ្យ​អាមេរិក​ចាត់វិធានការ​ជាក់លាក់​តប​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​ក្នុង​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​។ ការប្រកាស​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​កូរ៉េ និង​សន្តិភាព​អចិន្ត្រៃយ៍ ជា​រឿង​ស្ថិតក្នុង​បញ្ជី​ដែល​កូរ៉េខាងជើង​ត្រូវការ ប៉ុន្តែ​ហាក់​ស្ទាក់ស្ទើរ​នៅឡើយ ហើយ​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ឲ្យ​បាន​ច្រើន​ទៀត​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com